សេដ្ឋកិច្ច
មន្ត្រីច្រានចោលការលើកឡើងថា តម្លៃត្រីនឹងកើនឡើង ក្រោយថៃបិទព្រំដែន
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលការលើកឡើងថា តម្លៃត្រីនឹងកើនឡើង បន្ទាប់ពីក្រសួងកសិកម្មរឹតបន្តឹងការនាំចូលត្រី និងថៃបិទព្រំដែនជាមួយកម្ពុជា។

នៅក្នុងកិច្ចប្រជុំផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនកាលពីថ្ងៃទី ២៤ ខែមិថុនា អង្គប្រជុំបានសម្រេចថា ផលវារីវប្បកម្មណា ដែលកសិករផលិតបានសូមឱ្យអ្នកផ្គត់ផ្គង់ដែលជាអ្នកនាំចូល ជួយទិញត្រីពីវារីវប្បករក្នុងស្រុកជាមុនសិន មុននឹងស្នើសុំនាំចូលបន្ថែម ហើយនៅពេលដែលខ្វះទើបឱ្យនាំចូល ខណៈត្រីដែលនឹងនាំចូលមក គឺជាប្រភេទត្រីដែលមិនមានចិញ្ចឹមក្នុងស្រុក។
សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះការសម្រេចរបស់ក្រសួងកសិកម្មក្នុងការរឹតបន្តឹងទៅលើកូតានាំចូលត្រី នៅចំពេលដែលប្រទេសថៃបិទព្រំដែនជាមួយកម្ពុជា ធ្វើឱ្យតម្លៃត្រីនៅលើទីផ្សារឡើងថ្លៃ។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផលនៅថ្ងៃទី ០១ ខែកក្កដា បានច្រានចោលការលើកឡើងបែបនេះ និងអះអាងថា រដ្ឋាភិបាលមានគោលដៅលើកស្ទួយវារីវប្បកម្មក្នុងស្រុក នៅចំពេលដែលវារីវប្បកម្មក៏អាចចិញ្ចឹមត្រីបាន និងមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់។

លោក ពុំ សុថា បន្ថែមថា៖ «ការបារម្ភថាត្រីឡើងថ្លៃនោះ ដូចគ្មានទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ អត់មានត្រីឡើងថ្លៃទេ ទោះត្រីនាំចូលឡើង ១០០ ឬ២០០ ឬ ៥០០ ក្នុងមួយគីឡូក្រាម ក៏ត្រីនៅលើទីផ្សារនៅតម្លៃដដែល ត្រីចុះ ១០០ ឬ ២០០ ឬ ៥០០ ក្នុងមួយគីឡូក្រាម ក៏ត្រីនៅទីផ្សារតម្លៃដដែល»។
បើតាមលោក ពុំ សុថា៖ «ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានសិក្សាយកចិត្តទុកដាក់ គិតគូខ្លាំងណាស់ចំពោះតម្លៃផលិតផលកសិកម្មនៅលើទីផ្សារ អត់មានហេតុផលអីត្រីឡើងថ្លៃកើត យើងមិនឱ្យទិញត្រីដែលយើងមានទេ ហើយអ្វីដែលខ្វះអនុញ្ញាតឱ្យនាំចូលមក»។
លោក សុខ រ៉ាដែន សមាជិកក្រុមប្រឹក្សាភិបាលនៃវារីវប្បករកម្ពុជា គាំទ្រការសម្រេចរបស់ក្រសួងកសិកម្មក្នុងការកំណត់កូតាច្បាស់លាស់ក្នុងការរឹតបន្តឹងលើការនាំចូលត្រី។ លោកថា៖ «ក្រសួងធ្វើហ្នឹងត្រូវហើយ មានកូតាច្បាស់លាស់ រឹតបន្តឹង ចំពោះរបស់ណាដែលយើងមិនមាន យើងអត់ថាអីទេ យើងចិញ្ចឹមអត់បាន គាត់នាំចូលចុះ យើងមិនថាអីទេនាំចូលពីប្រទេសណាក៏ដោយ ប៉ុន្តែឱ្យមានគុណភាព សុវត្ថិភាព»។

លោក សុខ រ៉ាដែន បញ្ជាក់បន្ថែមថា រដ្ឋាភិបាល មុននឹងឱ្យក្រុមហ៊ុនណាមួយនាំចូល អ្នកនាំចូលគឺតម្រូវឱ្យមានលិខិតបញ្ជាក់ពីកសិដ្ឋានចិញ្ចឹមត្រី ដោយត្រូវមានមន្ទីរពិសោធន៍បញ្ជាក់ពី គុណភាព និងសុវត្ថិភាព មុនពេលចែកចាយនៅកម្ពុជា។
លោក សុខ រ៉ាដែន បន្ថែមថា៖ «តម្រូវឱ្យមានមន្ទីរពិសោធន៍ គឺគេពិសោធន៍ថា ត្រីដែលយើងនាំចូលមក គឺជាត្រីមានសុវត្ថិភាព លក់ចែកចាយក្នុងស្រុក ត្រីមិនប្រើសារធាតុផ្ដេសផ្ដាស មិនប្រើសារធាតុអកម៉ូនជំរុញឱ្យធំលឿន មិនប្រើអង់ទីប្យូទិក ដែលគេហាម ធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកទទួលទានធ្ងន់ធ្ងរ»។ លោកបន្ថែមថា បច្ចុប្បន្នតម្លៃត្រីប្រា នៅទាបនៅឡើយ ដែលមានតម្លៃ ៤០០០ រៀល ក្នុងមួយគីឡូក្រាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ០១ ខែកក្កដា នេះថា៖« មានផលិតផលច្រើនណាស់ ដែលយើងអាចតភ្ជាប់រវាងអ្នកផលិតក្នុងស្រុក ជាមួយនឹងប្រជាជនអ្នកប្រើប្រាស់ក្នុងស្រុក ជាជាងយករបស់នាំចូលមកនេះ គឺជាការពិត នៅពេលនេះយើងធ្វើបាន យើងក៏អាចធ្វើរយៈពេលវែងដែរ សូមឱ្យក្រសួងពាក់ពាក់ព័ន្ធធ្វើម៉េចភ្ជាប់ជាមួយប្រព័ន្ធទីផ្សារបោះដុំ លក់រាយ អ្នកនាំចូលបោះដុំមកពីក្រៅប្រទេស បង្វែរមកបោះដុំមកក្នុងស្រុកទៅ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការនាំចូល ដើម្បីជួយគាំទ្រផលិតផលក្នុងស្រុក បង្កើតការងារ និងធានាចំណូលដល់ប្រជាពលរដ្ឋ និងវិស័យឯកជន មិនថាចំណីអាហារ ជាវិស័យកសិកម្ម»។

ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាមួយនឹងការរួមចំណែក ២០%ក្នុងវិស័យកសិកម្ម។ ក្រសួងកសិកម្ម កំពុងជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងបង្កើនការនាំចេញ។ នៅឆ្នាំ២០២៤ ផលវារីវប្បកម្មកម្ពុជាសម្រេចបានចំនួន ៣២ម៉ឺនតោន កើនឡើង ២% ធៀបនឹងឆ្នាំ២០២៣៕


អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


