Connect with us

អត្ថាធិប្បាយ

អ្នកវិភាគ ៖ វត្តមានសម្តេច ហ៊ុន សែន អញ្ជើញទៅទទួលផ្ទាល់វ៉ាក់សាំងជំនួយជប៉ុន បង្ហាញពីកាយវិការ ការទូតដ៏ឈ្លាសវៃ និងទន់ភ្លន់

បានផុស

នៅ

ក្រុមអ្នកវិភាគបញ្ហានយោបាយ និងសង្គមនៅកម្ពុជា បានលើកឡើង និងកោតសរសើរ នូវនយោបាយការទូត​ប្រកប​ដោយភាពឈ្លាសវៃ ទន់ភ្លន់ និងប៉ិនប្រសប់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការ​ទទួ​ល​បានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីបណ្ដាប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

ការកោតសរសើរនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលដោយផ្ទាល់ នូវការមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា នៅយប់​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅឯនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះជាលើកទី២ ហើយ ដែល​សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទៅទទួលដោយផ្ទាល់ នូវការមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅទទួលដោយ​ផ្ទាល់នូវវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនលើកដំបូង ចំនួន៦០ម៉ឺនដូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១លាន​ដូស ដល់​កម្ពុជា ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រ​ឆាំងនឹង​កូវីដ-១៩។ ការផ្ដល់ជូននេះ ធ្វើឡើងតាមរយៈយន្តការ COVAX ហើយនៅយប់ថ្ងៃទី២៣ ខែកក្កដានេះ ប្រ​ទេ​ស​ក​ម្ពុជា នឹងទទួលបានវ៉ាក់សាំង ដែលជាជំនួយរបស់ជប៉ុនចំនួន ៣៣ ២០០០ ដូស ក្នុងចំណោម១​លានដូស។

លោក​បណ្ឌិត គិន ភា ​ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​ នៃរាជបណ្ឌិត្យសភាកម្ពុជា​ និងជាអ្នកវិភាគបញ្ហា​ន​យោ​​​បាយនៅកម្ពុជា មានប្រសាសន៍ថា ការអញ្ជើញទៅទទួលដោយផ្ទាល់ នូវវ៉ាក់សាំងដែលជំនួយរបស់ជប៉ុន ពី​សំណាក់​សម្ដេចតេជោនាយករដ្ឋមន្ត្រី នាយប់នេះ គឺបានបង្ហាញយ៉ាងច្បាស់កាយវិការការទូត ប្រកបដោយ​ភាព​ឈ្លាសវៃ និងទន់ភ្លន់ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនេះសបញ្ជាក់ឲ្យឃើញ អំពីពហុភាពនៅក្នុងទំនាក់ទំ​នង​ការបរ​ទេស​របស់កម្ពុជា ជាមួយបណ្ដាប្រទេសនានា​ ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកបណ្ឌិត គិន ភា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ គឺជា​សារ​​មួយដ៏មាន​អត្ថន័យ ក្នុងសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសនានា នៅលើពិភពលោក។

អ្នកវិភាគរូបនេះ បានកត់សម្គាល់ថា «កន្លងមក គឺមានមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនតូច តែងតែមានការ​ដាក់​បន្ទុកថា កម្ពុជាហាក់ដូចជាផ្កាប់មុខ ទៅនឹងប្រទេសចិន ឬក៏មានទំនាក់ទំនងចាក់ទឹកមិនលិច ជាមួយចិន ឬក៏​ទទួលវ៉ាក់សាំងតែពីប្រទេសចិនអីជាដើមអញ្ចឹង ហើយមែនទែនជានយោបាយការបរទេស របស់កម្ពុជា ដូចបាន​កំ​ណត់​ក្នុងរដ្ឋធម្មនុញ្ញហើយ គឺយើងប្រកាន់ភ្ជាប់នូវគោលនយោបាយ អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ​ទី១​…ទី២ ជុំវិញបញ្ហាវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ហើយ ជាពិសេសសម្ដេចតេជោ លោកបាន​បញ្ជាក់ច្បាស់ហើយ ថា លោកទទួលវ៉ាក់សាំងពីខាងណាក៏ដោយ ឲ្យតែវ៉ាក់សាំងហ្នឹង អាចយកមកចាក់ជូន​ប្រជា​ពលរដ្ឋខ្មែរបាន គឺយើងមិនបានមានការរើសអើង អំពីវ៉ាក់សាំងហ្នឹងទេ»។

លោក​បណ្ឌិត គិន ភា បានកត់សម្គាល់ទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា រង់ចាំការផ្ដល់ជំនួយវ៉ាក់សាំងពី​គ្រប់​ប្រទេសទាំងអស់នៅលើពិភពលោក។ ក៏ប៉ុន្តែយើងឃើញថា មានតែប្រទេសចិនទេ ដែលបានផ្ដល់ជំនួយ និងលក់​វ៉ាក់​សាំ​ង ជូនប្រទេសកម្ពុជាបានច្រើនជាងគេ និងបន្ទាប់មកទៀត ប្រទេសកម្ពុជាទទួលវ៉ាក់សាំងមួយចំនួន​ពីយន្ដ​ការ COVAX និងចុងក្រោយនេះ ប្រទេសជប៉ុនបាន ផ្ដល់ជំនួយវ៉ាក់សាំង១លានដូសទៀត តាមរយៈយន្ដការ COVAX ដែរ។

ចំណែកលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដានស្ថានការណ៍សង្គម និងនយោ​បាយមួយរូបដែរនោះ បានលើកឡើងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញទៅទទួលវ៉ាក់សាំង ដែលជំនួយរបស់ជប៉ុនដោយផ្ទាល់នាយប់នេះ គឺបានសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាចាត់ទុក វ៉ាក់សាំងគឺទំនិញ​យុទ្ធ​សា​ស្រ្ដ ដូចអ្វីដែលសម្ដេចតេជោ ធ្លាប់បានលើកឡើងនាពេលកន្លងទៅ ហើយក៏នឹងបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជា​ពិតជារក្សានូវគោលជំហរ «រក្សាមិត្តចាស់ បង្កើតមិត្តថ្មី»។

លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយ​បាន​កត់សម្គាល់ថា «ខ្ញុំបានចាំប្រសាសន៍របស់សម្ដេចថា លោក ក្រៅតែពីទៅ​ដ​ង្ហែរ​ព្រះករុណា ជីវិតតម្កល់លើត្បូងរបស់​យើង ទៅដល់ព្រលានយន្ដហោះ ក្រៅពីនោះ គឺលោកមិនទៅព្រលានយន្ដ​ហោះទេ ចាប់តាំងពីយើងសាង​សង់វិមាន​សន្តិភាពមក!…ក៏ប៉ុន្តែនៅពេលដែលលោក ទៅទទួលវ៉ាក់សាំង គឺលោកបានមានប្រសាសន៍ហើយថា វ៉ាក់សាំង គឺ​ជាទំនិញយុទ្ធសាស្រ្ដ អញ្ចឹងលោកត្រូវទៅទទួលដោយផ្ទាល់ អញ្ចឹងដូចយើងបានមើលឃើញហើយ គឺទៅទទួល​លើ​ក​ទី១ គឺទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ចិន ហើយយប់នេះគឺជាដំណើរលើកទី២ ដែលទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ជប៉ុន ចំណុចត្រង់នេះយើងបានមើលលឃើញហើយថា ទី១ វ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្រ្ដ ដូចអ្វីមួយ ដែលប្រសាសន៍របស់សម្ដេចតេជោ បានមានប្រសាសន៍មែន ទី២ គឺ បានឃើញពិតប្រាកដថា កម្ពុជាពិត​ជារក្សានូវគោលជំហរ «រក្សាមិត្តចាស់ បង្កើតមិត្តថ្មី» ចឹងបានន័យថាម៉េច បានន័យថា «មិត្តណាក៏ដោយ»​ គឺយើង​មិនដែលបោះបង់ចោលមិត្តនោះទេ បើទោះមិត្តខ្លះបានបំពានមកលើយើងក៏ដោយ ក៏យើងមិនដែលបោះបង់គេ​ចោល​ដែរ»។

អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយរូបនេះ បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅទទួលដោយផ្ទាល់​ នូវជំនួយវ៉ាក់សាំងរបស់ជប៉ុននាយប់នេះ គឺជាសារ​នយោ​បាយច្បាស់​លាស់មួយ ទៅ​ដល់មជ្ឈដ្ឋានខ្លះ ដែលមានការសង្ស័យថា កម្ពុជាលម្អៀងទៅខាងចិន ឬទៅខាងនេះ ឬខាងនោះ។ លោកថា «នេះ​គឺ​ជាសាររបស់សម្ដេច បានប្រាប់ថា កម្ពុជា គឺចេះណាស់ ចេះគិតគូណាស់ អំពីគោលនយោបាយការបរទេស​របស់​ខ្លួន»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុ​ប​ជាង១៦លានដូសហើយ។ ក្នុងចំណោមវ៉ាក់សាំងទាំងនេះ គឺ ភាគច្រើនជាជំនួយ និងការទិញពីប្រទេសចិន ហើ​យមួយចំនួនទៀត គឺកម្ពុជាទទួលបានពីយន្តការ COVAX។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ដដែល គឺរាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស បានចំនួន ៦,៤៥៤,៦០១ នាក់ ហើយគិតជាភាគរយស្មើនឹង ៦៤,៥៥ ភាគរយហើយ បើធៀបនឹងគោលដៅ១០លាននាក់៕ (ដោយ)៖ ឃួន​ សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម