Connect with us

ជីវិតកម្សាន្ដ

សាធារណជន និងអ្នកល្បីឈ្មោះ ៣រូប ទទូចឱ្យរួមគ្នាបន្តផ្សាយទង្វើឈ្លានពានរបស់ថៃ ផ្អាករឿងផ្ទុះក្នុងសង្គមសិន

បានផុស

នៅ

សាធារណជន អ្នកសិល្បៈ និងអ្នកផលិតមាតិកាជាច្រើន បានចេញមុខទទូចឱ្យជនរួមជាតិ កុំអាលបង្វែរការពីបញ្ហាប្រទេសជាតិ ខណៈបច្ចុប្បន្ននេះ ស្ថានភាពតាមបន្ទាត់ព្រំដែនព្រំដែនកម្ពុជា-ថៃ នៅមានភាពតានតឹងនៅឡើយ ហើយថៃនៅតែបង្កហេតុដើម្បីឈ្លានពានដែនអធិបតេយ្យជាតិកម្ពុជាឥតឈប់។

ការចេញមុខទទូចនេះ គឺបន្ទាប់ថ្មីៗនេះ រឿងរ៉ាងក្នុងសង្គមខ្មែរហាក់ផ្ទុះល្បីជាច្រើនរឿង និងសុទ្ធសឹងជាជម្លោះគ្រួសារ ខណៈកាលពីយប់មិញ ក៏កើតមានជម្លោះបងប្អូនអ្នកជំនួញផលិតផលសម្រស់ ២រូប វែកញែកហែកហួរគ្នាទៅមកទាក់ទងនឹងរឿងភាគហ៊ុនដែលបានបញ្ចប់កាលពីឆ្នាំ២០២១ រហូតមានការណាត់គ្នាទៅស្បថស្បែរដូចទង្វើអ្នកជំនួញឡេដទៃទៀតធ្វើដែរ។

សកម្មភាពនេះ ធ្វើឱ្យសាធារណជនខ្មែរភាគច្រើនសម្តែងការមិនពេញចិត្តជាខ្លាំង ព្រោះប្រទេសជាតិកំពុងមានបញ្ហាតាមបណ្តោយព្រំដែននៅឡើយ តែបែរជាសារធារណជនមួយចំនួនទៀត នាំគ្នាខ្វាយខ្វល់រឿងគ្រួសារអ្នកដទៃជាងរឿងសកម្មភាពឈ្លានកម្ពុជាទៅវិញ។ ម៉្យាងវិញទៀត សាធារណជនខ្មែរ ក៏ដូចជាអ្នកផលិតមាតិកា និងបុគ្គលល្បីៗ យល់ថា រឿងប្រើទីសក្ការៈនៃជំនឿដ៏ខ្លាំងក្លារបស់ខ្មែរ ទៅធ្វើសកម្មភាពបែបនេះ គឺអាណាធិបតេយ្យ និងពុំគួរគប្បីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមនោះ អ្នកផលិតមាតិកានិទានរន្ធត់ដ៏មានប្រជាប្រិយដែលមហាជនតែងហៅថា បងដាវ បានចេញមុខស្នើសុំសាធារណជនទាំងអស់ ដែលកំពុងបង្វែរចំណាប់អារម្មណ៍លើរឿងល្បីផ្សេងៗក្នុងសង្គម ត្រូវផ្អាកសិន ហើយបន្តចាប់អារម្មណ៍លើបញ្ហាព្រំដែន ដែលមានការបំពានដ៏ធ្ងន់ធ្ងរដល់បូរណភាពទឹកដី។

លោកសង្កត់ធ្ងន់ថា រឿងផ្សេងៗដែលកំពុងផ្ទុះល្បី មិនមានគុណតម្លៃទុកជាអទិភាពឡើយ ខណៈកាលពីថ្ងៃទី២១ តុលានេះ យោធាថៃទើបធ្វើទង្វើរំលោភដែនអធិបតេយ្យកម្ពុជាជាថ្មី នៅភូមិព្រៃចាន់ និងមួយទៀត ថៃបានយកកឯកសណ្ឋានវីរកងទ័ពខ្មែរ ទៅជាន់ឈ្លីនឹងជើង។

ទន្ទឹមនេះ លោកក៏សម្តែងអារម្មណ៍ឈឺចាប់ និងកង្វល់ជាខ្លាំង ក្រោយឃើញសាធារណជនខ្មែរ ហាក់ខ្វាយខ្វល់រឿងផ្ទុះល្បីក្នុងបណ្តាញសង្គមជាជាងបញ្ហាព្រំដែន។ ពិសេស ពិតជាអាសូរដល់ពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ដែលកំពុងរងទុក្ខ ខណៈវីរកងទ័ពក៏កំពុងតស៊ូហាលថ្ងៃហាលភ្លៀងអស់ពីកម្លាំងកាយចិត្ត ការពារព្រំដែនដើម្បីប្រជាជាតិទាំងមូល។ ដោយហេតុនេះ លោកស្នើឱ្យសាធារណជនខ្មែរ ងាកមកគិតដល់សុខទុក្ខ និងលើកចិត្តពួកគាត់ជាបន្តទៀត។

ដ្បិតតែមានក្តីឈឺចាប់ និងកង្វល់ពីបញ្ហាព្រំដែនកម្ពុជាក៏ពិតមែន តែក្នុងនាមជាពលរដ្ឋខ្មែរឥស្លាមមួយរូប ក៏បង្ហាញការជឿជាក់លើប្រមុខរាជរដ្ឋាភិបាលផងដែរ ដែលកំពុងរិះរកដំណោះស្រាយ និងខិតខំដោះស្រាយបញ្ហានេះ។

ដោយមើលឃើញសកម្មភាពផុសផុលរឿងជម្លោះក្នុងសង្គមច្រើន លោក តាំង គីមឡេង ដែលមហាជនស្គាល់លោកតាមរយៈសកម្មភាពមនុស្សធម៌ ដោយការកៀរគរសប្បុរសជនឧបត្ថម្ភគាំទ្រវីរកងទ័ព និងពលរដ្ឋភៀសសឹកកម្ពុជាប្រហែលជាង ២ខែមកនេះ បានលើកឡើងផងដែរថា “បងប្អូនចង់តាមដានអ្វីជាសិទ្ធរបស់បងប្អូន​ តែសុំចិត្តបងប្អូនទាំងអស់គ្នាថាប្រទេសជាតិសំខាន់ណាស់សម្រាប់គ្រប់គ្នា​ ជាពិសេសកុំតាមដានលេីរឿងណាដែលមិនមានផលចំនណញសម្រាប់សង្គមជាតិក្នុងស្ថានការណ៍មិនទាន់ល្អបែបនេះ“។

ដោយឡែក ទីនីន ដែលមហាជនតែងស្គាល់តាមរយៈការផលិតវីដេអូ និងលក់ផលិតផល បានចេញមុខរិះគន់ទៅកាន់អ្នកចេះដឹងរឿងគេហួសហេតុផងដែរ ខណៈដែលជម្លោះត្រកូលអ្នកជំនួញផលិតផលសម្រស់ ២រូប យប់មិញនេះ មានអ្នកទៅតាមដានផ្ទាល់ដល់ទីសក្ការៈដ៏ស័ក្តសិទ្ធិរបស់ខ្មែរ (ព្រះអង្គដងកើ) យ៉ាងច្រើនកុះករ និងមានការស្រែកហ៊ោរខ្ញៀវខ្ញារថែមទៀត ខណៈអ្នកនាងចាត់ទុកទង្វើនេះ ជារឿងមិនគួរគប្បីនោះឡើយ។

ជុំវិញរឿងរ៉ាវនេះ សូម្បីតែតារាចម្រៀង Original Song លោក អួន បឋម ហៅ សាយ ក៏សម្តែងការហួសចិត្តនឹងទង្វើសាធារណជនខ្មែរកាលពីយប់មិញក្នុងជម្លោះបុគ្គលដែលជាអ្នកជំនួញឡេ ២រូបនោះផងដែរ។ លោកថា “ប្រជាជន Thai គេចាប់អារម្មណ៍ការប្រជុំ GBC-JBC ខាងយើងឥលូវចាប់អារម្មណ៍ J-J ជុំគ្នាស្បថ”។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម