ជីវិតកម្សាន្ដ
ប្រលោមលោកខ្មែរបែបអភិនីហារ ក្រាស់ជាងគេជិត ៨០០ ទំព័រ ប្រសូត ក្រោយអ្នកនិពន្ធចែកឋាន
ទីបំផុនៅពេលនេះ ប្រលោមលោកបែបអភិនីហារ រឿង “ពងពស់ក្រាយ” ស្នាដៃរបស់អ្នកនិពន្ធ លោក ហង្ស អច្ឆរិយា ទំហំក្រដាស A5 មានកម្រាស់ជិត ៨០០ ទំព័រ ជាប្រលោមលោកខ្មែរដំបូងគេក្រាស់បំផុត បានបោះពុម្ពផ្សព្វផ្សាយ។ លោក ហង្ស អច្ឆរិយា ជាអ្នកនិពន្ធប្រលោមលោកមានទេពកោសល្យ និងជាតារាងសម្ដែង បានទទួលមរណភាពក្រោយសម្រាកព្យាបាល ជំងឺកូវីដ-១៩ រយៈពេល ៤ ថ្ងៃ នៅមណ្ឌលសុខភាព សម្ដេចឪ ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

អ្នករៀបចំបោះពុម្ពផ្សាយប្រលោមលោកខាងលើ និងជា អ្នកនិពន្ធប្រលោមលោក កញ្ញា សែត ហត្ថា នាមប៉ាកកា “កូនចាបមាស” បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ នេះថា មូលហេតុចម្បងដែលកញ្ញានៅតែសម្រេចចិត្តថាបន្តបោះពុម្ព និងផ្សព្វផ្សាយស្នាដៃប្រលោមលោកចុងក្រោយរបស់លោក ហង្ស អច្ឆរិយា ដោយសារកាលនៅមានជីវិត លោក ហង្ស អច្ឆរិយា មានបំណងខ្ពស់ណាស់ក្នុងការបោះពុម្ពស្នាដៃនេះ ធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទៅដល់ដៃរបស់ប្រិយមិត្តអ្នកអានទូទាំងប្រទេសបានអាន។
កញ្ញា សែត ហត្ថា លើកឡើងបន្ត៖ “ដ្បិតថា នេះជាស្នាដៃដែលគាត់បានចំណាយពេលច្រើនបំផុតដើម្បីសរសេរ គាត់ថា មានពេលខ្លះគាត់សរសេរដាច់បាយដាច់ទឹក ហើយប្រើពេលអង្គុយយូររាប់ម៉ោង រហូតដល់រាប់ឆ្នាំ ទើបបានចេញជាស្នាដៃនេះមក។ លើសពីនេះទៅទៀត គាត់ថា គាត់បានពិនិត្យលើស្នាដៃនេះឡើងវិញរាប់រយដងទៅហើយ ទាំងកំហុសអក្ខរាវិរុទ្ធ ពាក្យពេចន៍ ខ្លឹមសារ និងកែសម្រួលចុះឡើងរហូតដល់លែងមានចំណុចត្រូវកែ ទើបគាត់ជូនដំណឹងខ្ញុំ”។

កញ្ញា ហត្ថា បន្តថា៖ “កាលនោះ គាត់ផ្ញើសារមកផង ខលមកផង ទាំងរំភើប។ ហេតុដូច្នេះ ដើម្បីឱ្យគប្បីទៅនឹងការខិតខំប្រឹងប្រែងរបស់គាត់ដែលបានលះបង់ទាំងកម្លាំងកាយចិត្តលើស្នាដៃនេះ ខ្ញុំត្រូវតែធ្វើយ៉ាងណាចេញផ្សាយស្នាដៃនេះឱ្យបានទៅដល់ដៃមិត្តអ្នកអានជិតឆ្ងាយ បានឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅជាមួយនឹងទេព្យកោសល្យដ៏ល្អរបស់គាត់”។
កូនចាបមាស បានឱ្យដឹងបន្ថែមថា លោក ហង្ស អច្ឆរិយា ចាប់ផ្ដើមទាក់ទង និងជូនដំណឹងពីការបោះពុម្ព និងផ្សព្វផ្សាយស្នាដៃប្រលោមលោករឿង “ពងពស់ក្រាយ” ប៉ុន្តែបញ្ហាចេះតែកើតឡើងហូហែរ។ ដំបូងបានព្រមព្រៀងគ្នាថា នឹងចេញផ្សាយនៅក្នុងដើមខែតុលា ឆ្នាំ២០២១ ប៉ុន្តែក្រោយមកដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនសូវល្អ ទុនតិច ហើយថ្លៃចំណាយច្រើន ព្រោះសៀវភៅនេះក្រាស់ ហើយមានទំហំធំ។

កូនចាបមាស បញ្ជាក់បន្តថា៖ “ទើបខ្ញុំសុំគាត់ពន្យារ ថានឹងបោះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ វិញ។ គាត់បានយល់ពីបញ្ហានេះ ហើយគាត់មិនមានបញ្ហាអ្វីទេ គាត់ថា ពេលណាក៏បានដែរឱ្យតែបានបោះពុម្ព។ ប៉ុន្តែជាអកុសល យើងព្រមព្រៀងគ្នាបានតែ ២ ថ្ងៃប៉ុណ្ណោះ គាត់ក៏បានចាកចេញទៅដោយមិនត្រលប់”។
កូនចាបមាស បន្តថា៖ “ខ្ញុំពិតជារន្ធត់នឹងដំណឹងដ៏អកុសលនេះណាស់ ហើយក៏បារម្ភដែរ ថាតើស្នាដៃនេះនឹងនៅតែអាចបន្តបោះពុម្ព ឬយ៉ាងណា? តែអ្វីៗក៏ចាប់ផ្ដើមមានពន្លឺឡើងវិញ គឺក្រុមគ្រួសាររបស់គាត់បានបន្តធ្វើកិច្ចការងារទាំងអស់របស់គាត់ជាមួយនឹងយើង។ កិច្ចសន្យារបស់យើងក៏បានបន្ត តែយើងក៏ត្រូវការពេលវេលាដើម្បីរៀបចំអ្វីចាំបាច់ក្នុងដំណើរការនេះឱ្យរួចរាល់។ ហេតុដូច្នេះទើបសៀវភៅនេះអូសបន្លាយមកចេញផ្សាយនៅពាក់កណ្ដាលឆ្នាំ ២០២២ នេះវិញ”។
កញ្ញា សែត ហត្ថា លើកឡើងថា ស្នាដៃប្រលោមលោកមួយក្បាលនេះមានកម្រាស់ក្រាស់ខ្លាំងណាស់ តាមដែលកញ្ញាធ្លាប់បានអានស្នាដៃប្រលោមលោកពីកវីអ្នកនិពន្ធខ្មែរកន្លងមក។ សៀវភៅរឿង “ពងពស់ក្រាយ” មានកម្រាស់រហូតដល់ ៧៦៤ ទំព័រ និងទំហំក្រដាស A5។ ដ្បិតតែសៀវភៅនេះមានកម្រាស់ក្រាស់ក៏ពិតមែន ប៉ុន្តែវាមិនធ្ងន់នោះទេ ព្រោះបានជ្រើសរើសប្រើក្រដាសស្រាល។ ក្នុងសៀវភៅប្រលោមលោកបែបអភីនីហារ “ពងពស់ក្រាយ” នេះ អ្នកនិពន្ធបានចែកចេញជា ១៩ ជំពូក។

កូនចាបមាស បានបង្ហាញ ការសោកស្ដាយ ដែលម្ចាស់ស្នាដៃមិនបានរស់នៅកាន់សៀវភៅដែលជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ខ្លួនជាច្រើនឆ្នាំ តែយ៉ាងណាក៏ដោយ កូនចាបមាស នៅតែមានកូនចិត្តសង្ឃឹមថា វិញ្ញាណក្ខន្ធរបស់ លោក ហង្ស អច្ឆរិយា នឹងបានស្ងប់សុខ នៅពេលបានដឹងថា អ្វីដែលជាការខិតខំប្រឹងប្រែងនោះ បានចេញជាផ្លែផ្កានៅថ្ងៃនេះហើយ។
កញ្ញា សែត ហត្ថា បានឱ្យដឹងថា ប្រលោមលោករឿង “ពងពស់ក្រាយ” មិនធ្វើឱ្យមិត្តអ្នកអានខកបំណងឡើយ ជាសាច់រឿងដែលពោរពេញដោយការផ្សងព្រេង អាថ៌កំបាំង និងភាពព្រឺព្រួច។ ផ្ទៃរឿងរៀបរាប់ពីដំណើរផ្សងព្រេងដ៏អភិមហស្ចារ្យរបស់ អាក់ ភិត្រៃ តួឯកក្នុងរឿងនេះ និងអ្នករួមដំណើរ ដើម្បីនាំយកពងពស់ក្រាយមួយគូដែលគេជឿថា ជាប់បណ្ដាសាដ៏មហន្តរាយ យកទៅដាក់នៅសម្បុករបស់វាវិញ ព្រោះក្រៅពី អាក់ ភិត្រៃ ពុំមានរណានឹងហ៊ាននាំយក “ពងពស់ក្រាយមួយគូ” នេះទៅកាន់សម្បុករបស់វាវិញឡើយ។ បើមិនដូច្នេះទេ អ្នកនោះនឹងត្រូវរន្ទះបាញ់ស្លាប់ក្នុងពេលត្រឹមបីថ្ងៃ ឬពុំនោះសោត គឺនឹងត្រូវ “ខ្មោចពស់ក្រាយអ្នកតា” ចេញមកលេបត្របាក់ស៊ីទាំងរស់ជាក់ជាមិនខានឡើយ។ ក្នុងដំណើរនេះ អាក់ ភិត្រៃ និងអ្នករួមដំណើរទាំងអស់បានចួបប្រទះនូវក្ដីលំបាកវេទនា អារម្មណ៍ឈឺចាប់ បទពិសោធដ៏មិនគួរឱ្យជឿ និងរឿងរ៉ាវអាថ៌កំបាំង ស្មុគស្មាញ ព្រឺព្រួចគួរឱ្យខ្លាចរន្ធត់។ ដំណើររឿងបានផ្ដើមដំបូងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយក៏បន្តជាហូរហែទៀត។ ពេលខ្លះ អ្នកអាននឹងចោទសួរថា តើនេះជារឿងពិតឬ?

ប្រលោមលោកបែបអភិនីហារ រឿង “ពងពស់ក្រាយ” ដែលមានកម្រាស់ជិត ៨០០ ទំព័រ មានតម្លៃទូទៅ ៦០ ០០០ រៀល ប៉ុន្តែលោកអ្នកនឹងទទួលបានតម្លៃពិសេស ត្រឹមតែ ៥១ ០០០ រៀលប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២។ មហាជនអាចទាក់ទងជាវប្រលោមលោកនេះ តាមរយៈ ទំព័រហ្វេសប៊ុកផេក “កូនចាបមាស” ឬតាមរយៈតេឡេក្រាម https://t.me/hattha_set ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានដាក់លក់តាមបណ្ណាគារ ឬតូបលក់សៀវភៅនានាក្នុងក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត។
គួរបញ្ជាក់ថា លោក ហង្ស អច្ឆរិយា មានឈ្មោះកំណើត ហង្ស សារិន ក្រោយមកជា ហង្ស បូរិន្ទ។ លោក មានស្នាដៃផ្សេងៗទៀតដូចជា “ដែនដីអនាថា” “ផ្លូវឆ្ងាយខ្ញុំដើរតែម្នាក់ឯង” “ខ្ញុំមកពីជើងមេឃ” ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ