Connect with us

ព័ត៌មានអន្ដរជាតិ

ហាងកាហ្វេនៅកូរ៉េ ដាកស្លាករើសអើងជនជាតិចិន ពេលនេះកំពុងស៊ើបអង្កេត

បានផុស

នៅ

គណៈកម្មការសិទ្ធិមនុស្សជាតិកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យទី២ វិច្ឆិកា បានធ្វើការស៊ើបអង្កេតភ្លាមៗទៅលើហាងកាហ្វេមួយកន្លែង ស្ថិតនៅ Seongsu-dong ភាគខាងកើតទីក្រុងសេអ៊ូល បន្ទាប់ពីបង្ហោះសាររើសអើងជាតិសាសន៍ថា «ពួកគេមិនបម្រើភ្ញៀវជាជនជាតិចិនដាច់ខាត»។

រូបភាព៖YONHAP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន KJD បានចុះផ្សាយថា គណៈកម្មការបានទទួលញត្តិមួយដែលអះអាងថា ការបដិសេធរបស់ហាងកាហ្វេក្នុងការបម្រើអតិថិជនចិន គឺជាការរើសអើងជាតិសាសន៍សុទ្ធសាធ។ ភ្លាមៗនោះដែរ ក្រុមអ្នកស៊ើបអង្កេតបានសាកសួរម្ចាស់ហាងកាហ្វេដែលកំពុងល្បី ហើយស្នើសុំឲ្យម្ចាស់ហាងដកការជូនដំណឹង «មិនបម្រើជនជាតិចិន» ដែលធ្លាប់បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលកន្លងមក។

មន្ត្រីម្នាក់បាននិយាយថា ប្រសិនបើភាគីហាងកាហ្វេយល់ព្រមលុបចោលទង្វើរើសអើង និងចាត់វិធានការដើម្បីការពារការកើតឡើងវិញ គណៈកម្មការអាចបិទករណីនេះដោយមិនចាំបាច់ពិនិត្យបន្ថែមទៀតក្រោមមាត្រា ៣ មាត្រា ៣៩ នៃច្បាប់គណៈកម្មការសិទ្ធិមនុស្សជាតិ។

កាលពីពេលកន្លងមក ហាងកាហ្វេមួយនេះបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាភាសាអង់គ្លេសថា ខ្លួននឹងមិនបម្រើអតិថិជនចិនទេ។ បញ្ហានេះទទួលបានការចាប់អារម្មណ៍បន្ទាប់ពីអ្នកមានឥទ្ធិពលជនជាតិចិនម្នាក់ បានអះអាងនៅលើបណ្តាញសង្គមថា ពួកគេត្រូវបានបដិសេធមិនឲ្យចូលដោយសារតែគោលការណ៍នេះ។

នៅក្នុងវីដេអូមួយ អ្នកមានឥទ្ធិពលរូបនេះបានរិះគន់អាជីវកម្មមួយនោះ ដោយហៅវាថា «ហាងកាហ្វេដែលរើសអើងជាតិសាសន៍បំផុតដែលខ្ញុំធ្លាប់បានឃើញនៅក្នុងប្រទេសកូរ៉េ។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាមានការស្អប់ខ្ពើមច្រើនចំពោះប្រទេសរបស់ពយកយើង»។

បន្ទាប់ពីភាពចម្រូងចម្រាសនេះ អភិបាលក្រុង Seongdong លោក Chong Won-o បានឆ្លើយតបទៅនឹងពាក្យបណ្តឹងសាធារណៈដែលបានដាក់នៅថ្ងៃទី ២៧ ខែតុលា។ លោកបាននិយាយថា «ខ្ញុំយល់ចិត្តយ៉ាងខ្លាំងចំពោះការព្រួយបារម្ភរបស់អ្នក ហើយដោយសារតែ Seongsu-dong បានលេចចេញជាគោលដៅទេសចរណ៍ដ៏សំខាន់មួយមិនត្រឹមតែសម្រាប់ភ្ញៀវទេសចរកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសជាច្រើន យើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូលម្ចាស់អាជីវកម្មឲ្យឈប់ធ្វើទង្វើមិនគម្បីបែបនេះបន្តទៀត»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក ត្រាំ ចេញពីកូរ៉េខាងត្បូងភ្លាម គីម ជុងអ៊ុន បង្ហាញខ្លួនភ្លែត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម