Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបាញ់កម្ទេច​ទូកសង្ស័យដឹក​គ្រឿងញៀន​១គ្រឿង​ទៀត​នៅការ៉ាប៊ីន ស្លាប់មនុស្ស៣នាក់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ទី​៦វច្ឆិកា​ថា កងកម្លាំង​ក្រុង​វ៉ាស៊ីនតោន​​បានកម្ទេចទូក​ដែលសង្ស័យថា​ជួញដូរគ្រឿងញៀនមួយ​គ្រឿង​​ទៀត​នៅតំបន់ការ៉ាប៊ីន ដោយបានសម្លាប់មនុស្ស​៣នាក់ ខណៈដែលយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលកំពុងពង្រីករបស់អាមេរិក​​បានរង​ការរិះគន់កាន់តែខ្លាំងឡើងពីអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Pete Hegseth (រូបថត៖ Reuters)

លោក Hegseth បានបង្ហោះ​វីដេអូពីលើអាកាស​នៃការវាយប្រហារលើ​បណ្ដាញ​សង្គម X ដោយនិយាយថា វាបានកើតឡើងនៅក្នុង​ដែនទឹកអន្តរជាតិ និងបានកំណត់គោលដៅ«ទូក​ដែលដំណើរការដោយអង្គការភេរវករ»។ វីដេអូ​បាន​បង្ហាញ​ពី​ទូក​តូច​មួយ​កំពុង​ធ្វើ​ដំណើរ​ មុន​ពេល​ផ្ទុះ​ឆេះ។

លោក Hegseth បាន​រៀបរាប់​​ថា «ភេរវករគ្រឿងញឿន មាន​បុរស​៣​នាក់ ដែលនៅលើកប៉ាល់នោះ ត្រូវបានសម្លាប់» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអត្តសញ្ញាណរបស់ពួកគេនោះទេ។ លោកបានសរសេរទៀត​ថា «ផ្ញើ​ទៅ​កាន់​ពួកភេរវករគ្រឿងញៀនទាំងអស់ដែលគំរាមកំហែងដល់មាតុភូមិរបស់យើង ប្រសិនបើអ្នកចង់នៅរស់ បញ្ឈប់ការជួញដូរគ្រឿងញៀន។ ប្រសិនបើអ្នកនៅតែបន្តជួញដូរគ្រឿងញៀន យើងនឹង​ប្រល័យ​ជីវិត​អ្នក»។

ប្រធានមន្ទីរបញ្ចកោណ​រូប​នេះ បានអះអាង​ថា ការវាយប្រហារនេះគឺស្របទៅនឹងប្រតិបត្តិការមុនៗដែលបានចាប់ផ្តើមក្រោមការណែនាំ​របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលុបបំបាត់បណ្តាញជួញដូរគ្រឿងញៀន ដែលរដ្ឋបាល​អាមេរិក​បានចាត់ថ្នាក់​ថាជាអង្គការភេរវករ។

(រូបថត៖​ គណនី X លោក Hegseth)

ចាប់តាំងពីដើមខែកញ្ញាមក យោធាអាមេរិកបានធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួន​១៨​ដង ដោយបានបំផ្លាញទូកចំនួន​១៧​គ្រឿង និងនាវាពាក់កណ្តាលមុជទឹក​១​គ្រឿង​នៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកភាគខាងកើត។ មន្ទីរបញ្ចកោណមិនបានបង្ហាញភស្តុតាងជាសាធារណៈថា ទូក​គោលដៅបានផ្ទុកគ្រឿងញៀន ឬបង្កការគំរាមកំហែងដោយផ្ទាល់នោះឡើយ។

អ្នករិះគន់ រួមទាំង​ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បានថ្កោលទោសយុទ្ធនាការនេះថាជា​ការសម្លាប់ក្រៅប្រព័ន្ធតុលាការ​ជាបន្តបន្ទាប់ «ដោយគ្មានហេតុផលនៅក្នុងច្បាប់អន្តរជាតិ»។

រដ្ឋបាល​លោកត្រាំ បានប្រាប់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន ដោយដាក់ពង្រាយនាវាកងទ័ពជើងទឹកចំនួន​៦​គ្រឿង យន្តហោះចម្បាំងបំបាំងកាយ F-35 នៅ​ប្រទេស​ព័រតូរីកូ និង​ក្រុមវាយប្រហារនាវា USS Gerald R. Ford ទៅកាន់តំបន់។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនរបស់អាមេរិក បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានប្រើប្រាស់យុទ្ធនាការនេះជាការបិទបាំង​ចង់​ផ្លាស់ប្តូររបប​ក្នុង​ប្រទេស​របស់​លោក។ លោក​បាន​និយាយ​ថា​ «​គ្មាន​ការ​ដាំដុះ​គ្រឿងញៀន​នៅ​វ៉េណេស៊ុយអេឡា​ទេ​» ដោយ​អះអាង​ថា​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​ជា​ផ្លូវ​ឆ្លងកាត់​សម្រាប់​ដឹក​កូកាអ៊ីន​កូឡុំប៊ី​ប៉ុំណ្ណោះ៕

ប្រែ​សម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម