Connect with us

ព័ត៌មានអន្ដរជាតិ

​​​​​​​​​ស្វែងយល់រាជដំណើរ​ទស្សនកិច្ច​របស់មហាក្សត្រថៃ​ទៅកាន់​មហាយក្សចិន​ពេលនេះ​​

បានផុស

នៅ

មហាក្សត្រថៃ​​ មហា​ វ៉ាជីរ៉ា​ឡុងកន (Maha Vajiralongkorn) រាមាទី១០​នៃ​ការ​​​ឡើង​គ្រងរាជតាមបែប​សន្តតិវង្ស​​​ក្នុងត្រកូល​ចក្រី​​ នឹងចាប់ផ្តើម​​​​​​​​យាង​​ទៅទស្សនកិច្ច​នៅ​ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍​ទី​​១៣ខែ​​វិច្ឆិកា​នេះ ដែល​​ទ្រង់​​នឹងក្លាយជាមហាក្សត្រថៃ​សោយរាជ្យដែល​យាង​​ធ្វើទស្សនកិច្ចផ្លូវរដ្ឋដំបូងគេទៅកាន់សាធារណៈ​​រដ្ឋ​​ប្រជាមានិត​​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រាជវង្សានុវង្ស​របស់​ក្សត្រ​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី១០។ ​

​​​​​​ក្រុម​អ្នកវិភាគ​ បាន​​​ចាប់អារម្មណ៍​ចំពោះ​រាជ​ដំណើរ​ទស្សនកិច្ច​​​​​លើក​ដំបូង​​ក្នុង​ចំណង​ទំនាក់ទំន​ង​ការ​ទូត​​​​ផ្លូវ​ការ​រវាង​រាជាណាចក្រថៃ​និង​​​រដ្ឋាភិបាលចិន​កុម្មុយនីស្ត​រយៈពេល​​កន្លះសតវត្សរ៍​នេះ ដោយ​ចាត់​ទុក​ថា​វា​​​ជាសញ្ញានៃការកើនឡើងឥទ្ធិពលរបស់មហាយក្ស​​ចិន​​ប្រចាំ​តំបន់​អាស៊ីលើព្រះរាជាណាចក្រថៃ​​​​ ដែល​គេ​ដឹងថា ជា​សម្ព័ន្ធ​មិត្ត​​​ដ៏ជិតស្និទ្ធ​​ជាមួយសហរដ្ឋអាមេរិក​​​​​​រាប់​សិប​​​​ទសវត្សរ៍​មកហើយ​នោះ​។

មាន​កា​រកត់សម្គាល់​ដែរ​ថា របបរាជានិយមអាស្រ័យធម្មនុញ្ញ​​របស់​ប្រទេស​ថៃ​​ចាប់​តាំងពីឆ្នាំ១៩៣២​ ប្រទេសថៃបានប្រើប្រាស់ព្រះរាជទស្សនកិច្ច​របស់​មហាក្សត្រ​គ្រងរាជ​សម្បត្តិ​ជាឧបករណ៍គោលនយោបាយការបរទេស​ដ៏សំខាន់​បំផុត​​ នៅ​ក្នុង​នោះ​​ រួមទាំងដំណើរទៅកាន់សហរដ្ឋអាមេរិកចំនួនពីរលើកក្នុងកំឡុងសម័យ​សង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ​១៩៦០ របស់អតីត​មហាក្សត្រថៃ ភូមិបុល​​​ អាឌុលយ៉ាដេត​ ( Bhumibol Adulyadej) ​ដែលសោយ​រា​​ជ្យ​​៧​០ឆ្នាំ ​ដោយ​ទ្រង់​មិន​ដែលយាង​ទស្សនកិច្ច​នៅ​​ប្រទេសចិន​ម្តងណាឡើយ​។ មក​ដល់​រាជ​​​របស់​មហាក្សត្របច្ចុប្បន្ន វ៉ាជីរ៉ា​ឡុង​កូន (Vajiralongkorn) គឺព្រះមហាក្សត្រថៃ​​​ដែល​យាង​ទៅទស្សនកិច្ច​ដោយ​ផ្ទាល់​​ក្រោយ​ពី​ការឡើង​គ្រងរាជ​៩​ឆ្នាំ​​។ ​

​អត្ថបទ​ស្រាវជ្រាវ​​​អំពី​រាជដំណើរ​ស្តេចថៃទៅកាន់ទី​​​ទីក្រុងប៉េកាំង​លើក​នេះ ដោយ​​សារព័ត៌មានរ៉យទ័រ បាន​កត់សម្គាល់ថា រដ្ឋាភិបាល​ទីក្រុងបាងកក​ដែល​គ្រប់គ្រង​ប្រទេស​​​តាមបែប​​រាជាធិបតេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញនេះ បានបង្កើតទំនាក់ទំនងការទូត​ជាមួយ​រដ្ឋាភិបាល​ទីក្រុងប៉េកាំងនៅឆ្នាំ១៩៧៥​ ហើយទំនាក់ទំនងទ្វេភាគីរបស់ពួកគេបានវិវត្តន៍ពីឆ្នាំក្រោយសង្គ្រាមត្រជាក់ ដោយមានការពង្រីកយ៉ាងសំខាន់ក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់​​ប្រទេសថៃ ដែលបានដឹកជញ្ជូនទំនិញរបស់ចិនមានតម្លៃ ៨០​ពាន់លានដុល្លារកាលពីឆ្នាំមុន ក៏ដូចជាប្រភពកំពូលនៃអ្នកទេសចរសម្រាប់វិស័យទេសចរណ៍ដ៏សំខាន់របស់ព្រះរាជា​ណាចក្រថៃ​​ និងជាអ្នកវិនិយោគធំនៅក្នុងវិស័យ​ឧស្សាហកម្មដូចជារថយន្តជាដើម។

ការធ្វើចំណាកស្រុកពីប្រទេសចិនទៅប្រទេសថៃក៏មានរយៈពេលរាប់សតវត្សដែរ ហើយគ្រួសារថៃជាច្រើន រួមទាំងប្រធានផ្នែក​ឧស្សាហកម្ម អាជីវកម្ម និងនយោបាយ មានដើមកំណើតជាជនជាតិចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាសអំពីដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ​​ វ៉ាជីរ៉ាឡុងកន​ និងរាជក្សត្រី​ ស៊ុតធីតា​ (Suthida) រដ្ឋាភិបាលថៃ​បាន​រៀបរាប់​ថា វាជាការឆ្លុះបញ្ចាំងពី «មិត្តភាពដ៏ស៊ីជម្រៅ និងការយោគយល់គ្នារវាងប្រទេសថៃ និងចិននៅគ្រប់កម្រិតទាំងអស់»។

​តាម​​អ្នកនាំ​ពាក្យ​ក្រសួង​​ការបរទេស​ទេសចិន អ្នកនាង ម៉ៅ នីង (Mao Ning) ​ដែលបាន​ប្រកាស​រាជដំណើរយាងទស្សនកិច្ច​​របស់​មហាក្សត្រថៃ គឺ​ថា ព្រះមហាក្សត្រគ្រោងនឹង​យាងទស្សនកិច្ច​​នៅប្រទេសចិន​ចំនួន​៥ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ដល់​ថ្ងៃទី​១៧ខែ​​វិច្ឆិកា ដោយ​ទ្រង់គ្រោង​ជួបសវនាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង​ (Xi Jinping) និងនាយករដ្ឋមន្ត្រីលោក លី ឈាង (Li Qiang)។

​មហាក្សត្រថៃ វ៉ាជីរ៉ាឡុង​កន និង​ក្សត្រី​ ក្នុងរាជពិធី​​បុណ្យឈា​បនកិច្ច​​នៃ​មហាក្សត្រយានី​​។ REUTERS

​​​​​ដំណើរទស្សនកិច្ចដ៏កម្រ​និង​កំពូល​នៃ​មហាក្សត្រ​ដ៏​មាន​ឥទ្ធិពល​​នៅ​អាស៊ីអាគ្នេយ៍​ ​ប៉ុន្តែ​​គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ​ក្នុងអំឡុងពេលនេះ​នោះទេ​​។

ចាប់តាំងពីការឡើងសោយរាជ្យនៅឆ្នាំ ២០១៦ ព្រះមហាក្សត្រ វ៉ាជីរ៉ា​​ឡុងកន បាន​យាង​​ធ្វើដំណើរជាផ្លូវការនៅរដ្ឋ​បរទេសតែមួយគត់គឺទៅកាន់ប្រទេស Bhutan ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​​កាល​ពី​ខែមេសា។

ទោះបីជាមានការ​យា​ង​ជាផ្លូវការ​ក៏ដោយ អតីតព្រះមហាក្សត្រ Bhumibol ដែលបានចំណាយពេលប្រាំពីរទសវត្សរ៍នៅលើបល្ល័ង្ក​ថៃ​ដ៏​មានឥទ្ធិពល​ មិនដែល​បានទៅទស្សនាប្រទេសចិនទេ​ នោះ​ក៏ដោយសារ​​តែ​​​​​សម្ព័ន្ធមិត្តដ៏ស្អិតរមួត​ជាមួយសហរដ្ឋអាមេរិក។

តាមការ​ដកស្រង់របស់​រ៉យទ័រ ​អ្នក​ជំនាញ​​ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Thammasat នៃទីក្រុងបាងកក លោក Sitthiphon Kruarattikan បាននិយាយថា ​ក្នុងអំឡុង​ពេលទ្រង់​កាន់អំណាច ទោះបី​មានការ​អញ្ជើញ​​ផ្លូវការក៏ដោយ អតីតព្រះមហាក្សត្រថៃ Bhumibol បានត្រឹម​បញ្ជូនអ្នកតំណាង រួមទាំងស្តេចបច្ចុប្បន្នកាលដែលទ្រង់ត្រូវបាន​តែងតាំង​ជាអ្នក​ស្នងរាជ្យបន្តនៅឆ្នាំ ១៩៨៧។

អ្នកវិភាគរូបនេះ ត្រូវ​បានស្រង់សម្តី​ដូច​និយាយថា៖«ក្រឡេកមើលប្រទេសទាំងអស់ដែលចិនមានទំនាក់ទំនងការទូតជាមួយ ប្រមុខរដ្ឋនៃប្រទេសទាំងនោះភាគច្រើនបានទៅប្រទេសចិន ដោយប្រទេសថៃមានករណីលើកលែងជាយូរមកហើយ» ។
លោក Sitthiphon បន្ថែម​ថា​៖«​ដើម្បី​មាន​ព្រះមហាក្សត្រ​ថៃ​ដែល​សោយរាជ្យ​មក​ទស្សនកិច្ច​នេះ​គឺ​ជា​អ្វី​ដែល​ចិន​ចង់​បាន​»​។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កាន់​ទុក្ខ​ជា​ផ្លូវ​ការ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​មាតា​របស់​ព្រះមហាក្សត្រ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​សារៈសំខាន់​ដែល​រាជ​វាំង​ផ្តល់​ដល់​ក្រុង​ប៉េកាំង៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម