Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ពុលដ៏គ្រោះថ្នាក់ នឹងគ្របដណ្តប់ទីក្រុងបាងកក និងខេត្តថៃមួយចំនួន ដល់ឆ្នាំក្រោយ

បានផុស

នៅ

ថៃព្រមានថា ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ នឹងគ្របដណ្តប់រាជធានីបាងកកនិងខេត្តមួយចំនួនទៀត ពេញមួយខែធ្នូនេះតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ខ្យល់ពុលនៅបាងកក (រូបថត៖ Nation)

តាមការផ្សាយរបស់ Khaosod ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាល Phatthana Promphat កាលពីថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥, ខ្យល់ពុល PM2.5 ដ៏អាក្រក់ នឹងវាយប្រហាររហូតដល់ដើមឆ្នាំក្រោយឯណោះ។

ទន្ទឹមនោះ លោកបានព្រមានឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជាពិសេសក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូចៗ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម ត្រូវចៀសវាងសកម្មភាពខាងក្រៅ ឬពាក់ម៉ាសឲ្យបានជាប់ជានិច្ចពេលចេញទៅណាមកណា។

លោក Phatthana Promphat (រូបថត៖ Prachachat)

ការព្រមាននេះកើតឡើងស្របពេល ខ្យល់ពុល PM2.5 បានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម នៅក្នុងទីក្រុងបាងកកនិងខេត្តចំនួន១៤។ 

ខ្យល់ពុលកម្រិតប្រកាសអាសន្នពណ៌ក្រហមបានគ្របដណ្តប់ទីក្រុងបាងកក, ខេត្ត Samut Sakhon, Nonthaburi, Nakhon Pathom, Samut Prakan, Pathum Thani, Chonburi, Chachoengsao, Rayong, Ratchaburi, Chanthaburi, Trat, Prachinburi, Samut Songkhram និង Phetchaburi។

ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) បានឲ្យដឹងថា ពេលឡើងដល់ចំណុចកំពូលនៅថ្ងៃអង្គារ ខ្យល់ពុល PM2.5 ក្នុងខ័ណ្ឌ Nong Khaem នៃទីក្រុងបាងកក បានឈានកម្រិតគ្រោះថ្នាក់ខ្លាំង ១០២.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺលើសឆ្ងាយណាស់ពីកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។

ក្រៅពីរាជធានីនិងខេត្តទាំង១៤នេះ ខេត្តផ្សេងៗទៀតក៏ PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ដែរ គ្រាន់តែពណ៌ទឹកក្រូចប៉ុណ្ណោះ ប៉ុន្តែវាក៏នឹងឈានដល់កម្រិតពណ៌ក្រហមដូចគ្នា ក៏ស្ថានភាពមិនប្រសើរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម