Connect with us

ព័ត៌មានអន្ដរជាតិ

ថៃចេញមុខធ្វើជាមេអណ្ដើក ចង់នាំមីយ៉ាន់ម៉ាឲ្យចូលក្នុងរង្វង់គ្រួសារអាស៊ានវិញ

បានផុស

នៅ

ប្រទេសថៃបានបង្ហាញបំណងយ៉ាងច្បាស់ថា ខ្លួនចង់ដើរតួជាអ្នកនាំមុខក្នុងការជួយឲ្យ​ប្រទេសមីយ៉ាន់ម៉ា អាចត្រឡប់មកមានទំនាក់ទំនងល្អជាធម្មតាវិញជាមួយប្លុកអាស៊ាន។

លោក Sihasak Phuangketkeow (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​ថ្ងៃទី​២២​ខែមេសា​នេះ សារព័ត៌មាន The Star បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងបែបនេះ នៅមុនជំនួបដ៏សំខាន់ជាមួយលោក Min Aung Hlaing ដែលទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីថ្មី។ ជាច្រើនឆ្នាំមកនេះ មីយ៉ាន់ម៉ាត្រូវបានគេផាត់ចេញពីកិច្ចប្រជុំកំពូលៗរបស់អាស៊ាន បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលបានធ្វើឲ្យ​ប្រទេសនេះធ្លាក់ក្នុងភាពចលាចល និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។

លោកប្រធានាធិបតី Min Aung Hlaing ដែលបច្ចុប្បន្នមានវ័យ៦៩ឆ្នាំ បានពង្រឹងអំណាចរបស់លោកកាន់តែខ្លាំង បន្ទាប់ពីសភាបានបោះឆ្នោតជ្រើសរើសលោកឲ្យ​កាន់តំណែងកំពូលនេះ កាលពីដើមខែមេសា។ ក្នុងន័យនេះ ប្រទេសថៃយល់ថា វាដល់ពេលដែលត្រូវមានជំហានជាក់លាក់ដើម្បីនាំមីយ៉ាន់ម៉ាមកវិញ ប៉ុន្តែលោក Sihasak ក៏បានបញ្ជាក់ដែរថា ដើម្បីអាចចូលមកវិញបាន មីយ៉ាន់ម៉ាខ្លួនឯងត្រូវតែបង្ហាញសកម្មភាពឆ្លើយតបទៅនឹងក្ដីកង្វល់របស់សមាជិកអាស៊ានផ្សេងទៀត ជាពិសេសគឺការបញ្ឈប់អំពើហិង្សា និងការបើកផ្លូវឲ្យ​មានការចរចាសន្តិភាព។

កន្លងមក វិបត្តិនៅមីយ៉ាន់ម៉ាប្រៀបដូចជាជំងឺឈឺក្បាលដ៏រ៉ាំរ៉ៃសម្រាប់អាស៊ាន ព្រោះថ្នាក់ដឹកនាំយោធាតែងតែសន្យាខ្យល់ ហើយ​មិនសូវអនុវត្តតាមផែនការសន្តិភាពដែលបានព្រមព្រៀងគ្នានោះទេ។ បណ្ដាប្រទេសលោកខាងលិចមួយចំនួនរិះគន់ថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ាគ្រាន់តែជាការរៀបចំដើម្បីបន្តអំណាចយោធា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃបានមើលឃើញចំណុចវិជ្ជមានខ្លះៗ ដូចជាការដោះលែងអ្នកទោសរាប់ពាន់នាក់ និងការបន្ថយទោសដល់លោកស្រី អ៊ុងសាន ស៊ូជី ជាដើម។ លោក Sihasak សង្ឃឹមថា សកម្មភាពបែបនេះនឹងមានកាន់តែច្រើនថែមទៀត ដើម្បីបើកផ្លូវដល់ជំនួយមនុស្សធម៌។

ចំណែកឯលោក Min Aung Hlaing វិញ នៅក្នុងថ្ងៃឡើងកាន់តំណែង លោកបានប្រកាសថា អាទិភាពចម្បងរបស់លោកគឺការស្ដារសន្តិភាព និងការផ្សះផ្សាជាតិឡើងវិញ រួមទាំងការកែលម្អទំនាក់ទំនងជាមួយអន្តរជាតិ និងអាស៊ានផងដែរ។ លោកថែមទាំងបានបក់​ដៃហៅក្រុមប្រដាប់អាវុធប្រឆាំងឲ្យ​មកអង្គុយតុចរចានៅចុងខែកក្កដាខាង​មុខ​ទៀតផង។ យ៉ាង​ណាមិញ ផ្លូវឆ្ពោះទៅរកសន្តិភាពហាក់នៅវែងឆ្ងាយនៅឡើយ ដោយសារតែក្រុមឧទ្ទាមសំខាន់ៗចំនួនពីរ បានបដិសេធការអញ្ជើញនេះភ្លាមៗ ខណៈដែលមេដឹកនាំអាស៊ានគ្រោងនឹងជួបប្រជុំគ្នានៅប្រទេសហ្វីលីពីន ក្នុងខែក្រោយនេះ ដើម្បីពិភាក្សាបន្តលើបញ្ហាដ៏ស្មុគស្មាញមួយនេះ៕

លោក Min Aung Hlaing (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម