Connect with us

ព័ត៌មានអន្ដរជាតិ

Medvedev៖ ផែនការមូលនិធិ EU សម្រាប់អ៊ុយក្រែន អាចត្រូវចាត់ទុកថាជា«ទង្វើនៃសង្គ្រាម»

បានផុស

នៅ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានកាលពីថ្ងៃព្រហស្បតិ៍​ទី​៤​ខែ​ធ្នួ​ឆ្នាំ​២០២៥​ថា សំណើរបស់សហភាពអឺរ៉ុបដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលត្រូវ​បាន​បង្កក យកទៅផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន អាចត្រូវបានទីក្រុងមូស្គូចាត់ទុក​ថាជា «ទង្វើនៃសង្គ្រាម»។

លោក​ វ៉្លាឌីមៀរ ពូទីន និង​លោក Dmitry Medvedev (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Independent លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានឆ្លើយតបទៅនឹងការប្រកាសរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលថា សហភាពអឺរ៉ុបមានបំណងបង្កើនទឹកប្រាក់​៩០​ពាន់លានអឺរ៉ូសម្រាប់ទីក្រុងកៀវ​ តាមរយៈ«ប្រាក់កម្ចីសម្រាប់​ការ​ខូចខាត» ដែលប្រើ​ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក។

លោក Medvedev បានសរសេរនៅលើ​​បណ្ដាញ​សង្គម X ថា «បើសហភាពអឺរ៉ុបដ៏ឆ្កួតលីលានេះ ព្យាយាមលួចទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនៅក្នុងប្រទេសបែលហ្សិក ក្រោមការក្លែងបន្លំនៃអ្វីដែលហៅថា ប្រាក់កម្ចីសម្រាប់​ការ​ខូចខាត នោះរុស្ស៊ីអាចនឹងចាត់ទុកចលនានេះថាស្មើនឹង មូលហេតុសម្រាប់សង្គ្រាម»។ លោក​បន្ថែម​ថា ជំហានបែបនេះនឹងមាន «ផលវិបាកពាក់ព័ន្ធទាំងអស់» សម្រាប់ទីក្រុងប្រ៊ុចសែល និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបនីមួយៗ។

អតីតមេដឹកនាំរុស្ស៊ីរូបនេះត្រូវបានគេស្គាល់ដោយសារការបញ្ចេញមតិរឹងរូសចំពោះបស្ចិមប្រទេស។ កាលពីដើមឆ្នាំនេះ លោកបានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញ​ការ​ចេញ​«ឱសានវាទ» ជាមួយនឹងការគំរាមកំហែងទណ្ឌកម្មថ្មីៗ ដោយ​​ការ​ចោទ​ប្រកាន់​នេះ​បាន​​ជំរុញ​ឲ្យទីក្រុងវ៉ាស៊ីនតោនដាក់​ពង្រាយ​នាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរឡើងវិញ ក្នុងអ្វីដែលលោកត្រាំ បានពិពណ៌នាថាជាសាររារាំងដល់ទីក្រុងមូស្គូ។

លោកស្រី Von der Leyen បាន​លើក​ឡើង​ថា ផែនការទ្រព្យសម្បត្តិនេះនឹងគ្របដណ្តប់ប្រហែលពីរភាគបីនៃមូលនិធិដែលត្រូវការដើម្បីទ្រទ្រង់ការការពាររបស់អ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយមាន«ដៃគូអន្តរជាតិ»ត្រូវបានគេរំពឹងថានឹងផ្តល់ផ្នែកដែលនៅសល់។ សំណើនេះនឹងពាក់ព័ន្ធនឹងការបំប្លែងមូលនិធិធនាគារកណ្តាលរុស្ស៊ីប្រហែល១២៣​ពាន់លានផោន ដែលភាគច្រើនកាន់កាប់នៅក្នុងប្រទេសបែលហ្សិក ទៅជាប្រាក់កម្ចីដែលមានការធានាដោយសហភាពអឺរ៉ុប។

លោកស្រី Von der Leyen បាននិយាយថា «ដោយសារសម្ពាធគឺជាភាសាតែមួយគត់ដែលវិមានក្រឹមឡាំងឆ្លើយតប យើងក៏អាចបង្កើនវាបានដែរ» ដោយលើកហេតុផលថា ផែនការនេះនឹងបង្កើនការចំណាយនៃសង្គ្រាមរបស់រុស្ស៊ី និងពង្រឹងកម្លាំងរបស់ទីក្រុងកៀវ​ក្នុងការចរចាសន្តិភាព។

លោកស្រី Von der Leyen (រូបថត៖ Reuters)

ប្រទេសបែលហ្សិក ជាទីដែល​ក្រុមហ៊ុន Euroclear កាន់កាប់ទ្រព្យសម្បត្តិបង្កកភាគច្រើន បានសម្តែងក្តីបារម្ភផ្នែកច្បាប់ និងហិរញ្ញវត្ថុ។ មន្ត្រីជាន់ខ្ពស់បែលហ្ស៊ិកម្នាក់បានប្រាប់​ទីភ្នាក់ងារ​ព័ត៍មាន Reuters ថា ប្រទេសនេះ «មិនអាចទទួលយកការស្នើសុំ​ឲ្យទទួលបន្ទុកហានិភ័យនៃប្រតិបត្តិការបែបនេះតែម្នាក់ឯងនោះទេ»។ យ៉ាង​ណា​មិញ​ សហភាព​អឺរ៉ុប​ប្រាប់​ថា ក្តីបារម្ភភាគច្រើនរបស់បែលហ្សិក​ឥឡូវ​ត្រូវបានដោះស្រាយ​រួច​រាល់​ហើយ។

សហភាពអឺរ៉ុបទទូចថា ផែនការនេះមិនស្មើនឹងការរឹបអូសទេ ដោយសារអ៊ុយក្រែននឹងត្រូវសងប្រាក់កម្ចីវិញលុះត្រាតែរុស្ស៊ីបង់សំណង។ ម្តងហើយម្តងទៀត ទីក្រុងមូស្គូបានហៅវិធានការ​ប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់ខ្លួនថាជា «ទង្វើ​ចោរកម្ម»។

សំណើនេះកើតឡើងខណៈ​សហរដ្ឋអាមេរិក​កំពុង​ជំរុញទីក្រុងកៀវ និងទីក្រុងមូស្គូ​ឲ្យ​ស្វែងរកក្របខ័ណ្ឌសន្តិភាពសក្តានុពលមួយ។ មន្ត្រីសហភាពអឺរ៉ុបបាន​បញ្ជាក់​ថា ផែនការនេះត្រូវបាន «ទទួលស្វាគមន៍ជាវិជ្ជមាន» ដោយរដ្ឋមន្ត្រីក្រសួងរតនាគារ​អាមេរិក លោក Scott Bessent។

គណៈកម្មការ​សហភាព​អឺរ៉ុប​បាននិយាយថា ផែនការនេះអាចដំណើរការទៅមុខក្រោមការបោះឆ្នោតដោយសំឡេងភាគច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយតម្រូវ​ឲ្យ​មានរដ្ឋជាសមាជិកសហភាពអឺរ៉ុបយ៉ាងហោចណាស់១៥ ក្នុងចំណោម២៧ ដែលតំណាង​ឲ្យ​ ៦៥% នៃចំនួន​សរុប​របស់ប្លុកនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម