Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ីនឹងពង្រីកការគ្រប់គ្រងទឹកដីនៅអ៊ុយក្រែន បើការ​ទាមទារ​របស់​មូស្គូ​ត្រូវ​បាន​បដិសេធ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ទីក្រុងមូស្គូនឹង​ពង្រីកការគ្រប់គ្រងទឹកដីនៅក្នុងប្រទេសអ៊ុយក្រែន បើទីក្រុងកៀវ​ និងសម្ព័ន្ធមិត្តលោកខាងលិចបដិសេធការទាមទាររបស់រុស្ស៊ី ទោះបីជាលោកបានបញ្ជាក់ថា វិមានក្រឹមឡាំងចង់បានការដោះស្រាយតាមរយៈកិច្ច​ចរចាក៏ដោយ។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​​ការ​ចុះ​ផ្សាយ​របស់​ The Week នា​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២៥ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ លោកពូទីន បាន​លើក​ឡើង​ថា រុស្ស៊ីនឹងបន្តការពិភាក្សាដើម្បីដោះស្រាយនូវអ្វីដែលលោកហៅថាជា «ឫសគល់» នៃជម្លោះ ប៉ុន្តែលោកបានគំរាមចាត់វិធានការយោធាបន្ថែមទៀត បើការទូតទទួលបរាជ័យ។

លោកបានថ្លែងថា «ប្រសិនបើភាគីម្ខាងទៀត និងអ្នកគាំទ្របរទេសរបស់ពួកគេ បដិសេធការសន្ទនាដែលមានខ្លឹមសារ រុស្ស៊ីនឹងសម្រេចគោលដៅរបស់ខ្លួនតាមរយៈមធ្យោបាយយោធា» ដោយលោកបានបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុង​យកប្រៀបខាងយុទ្ធសាស្ត្រនៅតាមបណ្តោយខ្សែត្រៀមជួរមុខ ហើយអាចនឹងពង្រីក «តំបន់ទ្រនាប់» នៅជិតព្រំដែនអ៊ុយក្រែន។

ការលើកឡើងរបស់លោកពូទីន កើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងមានសន្ទុះខ្លាំង។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ការដោះស្រាយជម្លោះគឺ «កាន់តែកៀកជាងពេលណាណា​ទាំងអស់» បន្ទាប់ពីការពិភាក្សាជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបនៅទីក្រុងប៊ែរឡាំង។

ទីក្រុងមូស្គូកំពុងទាមទារ​ឲ្យ​មានការទទួលស្គាល់ជាអន្តរជាតិលើទឹកដីដែលខ្លួនកំពុងកាន់កាប់នៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែន ក៏ដូចជាតំបន់គ្រីមៀរ ដែលត្រូវបានកាត់យកកាលពីឆ្នាំ២០១៤ និងទទូច​ឲ្យ​អ៊ុយក្រែនបោះបង់មហិច្ឆតាចង់ចូលជាសមាជិកណាតូ។ យ៉ាង​ណា​មិញ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ឆ្លើយតប​ថា អ៊ុយក្រែនអាចនឹងបោះបង់ការ​ចូលជាសមាជិកណាតូ ជាថ្នូរនឹងការធានាសន្តិសុខដ៏រឹងមាំពីលោកខាងលិច ប៉ុន្តែ​​​ទីក្រុងកៀវដាច់​ខាត​មិន​បោះបង់ចោល​ទឹកដី​​ខ្លួន​នោះឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម