Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ប្រកាស បន្តផលិតមីស៊ីលទៀត​ នៅ៥​ឆ្នាំ​ខាងមុខ ការ​ពារ​សត្រូវហ៊ានយាយី

បានផុស

នៅ

លោក គីម ជុងអ៊ុន ប្រកាសថា ប្រទេសកូរ៉េខាងជើង នឹងបន្តផលិតមីស៊ីលទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពខ្លួន កុំឲ្យប្រទេសដទៃគំរាមកំហែង។

លោក គីម ជុងអ៊ុន ពិនិត្យមីស៊ីល (រូបថត៖ Reuters)

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រទី២៦ខែធ្នូឆ្នាំ២០២៥, លោកគីម និយាយថា៖ «វិស័យផលិតកម្មមីស៊ីលនិងគ្រាប់កាំភ្លើងធំរបស់ប្រទេសនេះ មានសារៈសំខាន់បំផុតក្នុងការពង្រឹងកម្លាំងកំញើញសត្រូវកុំចេះតែហ៊ានមកយាយី»។

ទន្ទឹមនោះ លោក គីម បានផ្តល់សច្ចាប័នលើសេចក្តីព្រាងឯកសារ សម្រាប់ការធ្វើទំនើបកម្មសហគ្រាសផលិតគ្រាប់រំសេវសំខាន់ៗ ដើម្បីដាក់ជូនមហាសន្និបាតបក្ស ដែលរំពឹងថានឹងប្រារព្ធឡើងនៅដើមឆ្នាំ ២០២៦ ដោយមហាសន្និបាតនោះ នឹងកំណត់ផែនការអភិវឌ្ឍន៍សម្រាប់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេល៥ឆ្នាំបន្ទាប់។

លោក គីម ជុងអ៊ុន ពិនិត្យមីស៊ីល (រូបថត៖ Reuters)

ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីលោកចុះទៅ​​ត្រួត​ពិនិត្យ​ការបាញ់​សាក​ល្បង​មីសីល​រយៈ​ចម្ងាយ​ឆ្ងាយ ​នៅ​ឯ​ឆ្នេសមុទ្រខាង​កើត​កាល​ពី​ថ្ងៃ​ពុធ។

ការ​ធ្វើ​តេស្ត​​នេះ មាន​គោល​បំណង​វាយ​តម្លៃ​លើ​បច្ចេក​វិទ្យាយុទ្ធ​សាស្ត្រ​របស់​ប្រទេស ​ក្នុង​​ការអភិវឌ្ឍ​មីស៊ីល​រយៈ​កម្ពស់​ខ្ពស់​ប្រភេទ​ថ្មី ដែល​អាច​កម្ទេច​​គោល​ដៅ​នៅលើ​អាកាស​ពី​ចម្ងាយ ២០០គីឡូម៉ែត្រ។

លោក គីម ជុងអ៊ុន ពិនិត្យមីស៊ីល (រូបថត៖ Reuters)

លើសពីនេះ លោក គីម ក៏​បាន​មើល​ការងារ​ផ្សេងទៀត ​លើ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អ៊ែរទម្ងន់​ ៨ ៧០០តោន ដែល​មាន​សមត្ថភាព​អាច​បាញ់​មីស៊ីល​ទៅ​អាកាស​បានផងដែរ​។

គម្រោង​នាវា​មុជ​ទឹក​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង​ដើម្បី​ធ្វើ​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក ដែល​ជា​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​សំខាន់ៗ​ចំនួន​ប្រាំ​ផ្សេងទៀត ​ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​ការពារ​ប្រទេស​៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម