Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរាំងស្ងួតមិនធ្លាប់មាន កំពុង​វាយប្រហារកូរ៉េខាងជើង

បានផុស

នៅ

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា ប្រទេសនេះកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងចម្លែកបំផុត ដែលគំរាមកំហែងដល់វិស័យកសិកម្មទាំងមូល។ ដោយសារតែកូរ៉េខាងជើងមានហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខ្សោយស្រាប់ គ្រោះធម្មជាតិបែបនេះ តែងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងក្លា​បំផុតដល់ជីវភាពប្រជាជន។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន KCNA បានបញ្ជាក់ថា គ្រោះរាំងស្ងួតខុសពីធម្មតានេះ បានអូសបន្លាយពាសពេញផ្ទៃប្រទេស ដែលជាបាតុភូតកម្រនឹងកើតមានណាស់ក្នុងឆ្នាំមុនៗ។ បច្ចុប្បន្ន កម្មករ និងមន្ត្រីនៅតាមតំបន់នានា កំពុងតែប្រមូលផ្ដុំកម្លាំងទាំងអស់ ដើម្បីការពារផលដំណាំដើមរដូវ កុំឲ្យខូចខាតដោយសារកង្វះទឹក។ បញ្ហានេះកាន់តែគួរឲ្យ​បារម្ភថែមទៀត ព្រោះតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកូរ៉េខាងជើង លោកស្រី Elizabeth Salmon កាលពីខែកុម្ភៈកន្លងទៅ ធ្លាប់​បានព្រមានរួច​ហើយថា ការខ្វះខាតស្បៀងអាហារ គឺជាបញ្ហាចម្បងបំផុត ដែល​កូរ៉េ​ខាង​ជើង​កំពុងជួបប្រទះ។

បើក្រឡេកទៅមើលប្រទេសកូរ៉េខាងត្បូងវិញ កាលពីឆ្នាំ២០២៥ ក៏ធ្លាប់បានឆ្លងកាត់គ្រោះរាំងស្ងួតយ៉ាងយូរ ដែលធ្វើឲ្យទីក្រុង Gangneung រងគ្រោះរហូតដល់ថ្នាក់អាជ្ញាធរ ត្រូវកាត់ផ្ដាច់ការផ្គត់ផ្គង់ទឹកតាមផ្ទះដល់ទៅ ៧៥ភាគរយ។ កម្ដៅដែលកើនឡើងខ្លាំងនេះ គឺជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុ ហើយអ្នកជំនាញបានព្យាករថា បាតុភូតអែលនីញ៉ូ (El Nino) នឹងវិលត្រឡប់មកវិញក្នុងឆ្នាំ២០២៦ នេះ ដែលនាំមកនូវកម្ដៅ កង្វះទឹកភ្លៀង និងជួនកាលមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតាដល់បណ្ដាប្រទេសនៅអាស៊ី។

ដើម្បីឆ្លើយតបនឹងវិបត្តិនេះ អាជ្ញាធរកូរ៉េខាងជើង បានបញ្ជាឲ្យមានការជួសជុលទ្វារទឹក និងប្រឡាយនានាជាបន្ទាន់ ដើម្បីត្រៀមលក្ខណៈក្នុងស្ថានភាព ដែលទឹកមានការថយចុះខ្លាំង។ កម្មករកសិកម្ម ក៏កំពុងអនុវត្តបច្ចេកទេសថ្មីៗ ដើម្បីជួយឲ្យ​ដំណាំស្រូវសាលី និងសំណាបផ្សេងៗមានភាពធន់នឹងកម្ដៅ។ អ្វីដែលកាន់តែពិបាកនោះគឺ កូរ៉េខាងជើងតែងតែមានបញ្ហាខ្វះខាតអគ្គិសនីជាប្រចាំ ដែលមានន័យថា ប្រជាជនភាគច្រើនគ្មានម៉ាស៊ីនត្រជាក់ ដើម្បីជួយកាត់បន្ថយកម្ដៅនោះទេ។ គេនៅចាំបានថា កាលពីឆ្នាំ២០២៤ កន្លងទៅ កូរ៉េខាងជើងក៏ធ្លាប់រងគ្រោះ ដោយទឹកជំនន់ដ៏ធំនៅក្បែរព្រំដែនចិន ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់ផងដែរ ដែលនេះសបញ្ជាក់ថា កូរ៉េ​ខាង​ជើង​កំពុងតែរងគ្រោះជាន់លើគ្រោះ ដោយសារតែអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម