Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អបអរលោកស្រី Takaichi ចំពោះ «ជ័យជម្នះភ្លូកទឹកភ្លូកដី»

បានផុស

នៅ

យោងតាមភ្នាក់ងារ kyodonews ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី៨ ខែកុម្ភៈ បានចេញសារអបអរសាទរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចំពោះ «ជ័យជម្នះភ្លូកទឹកភ្លូកដី» របស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅក្នុងការបោះឆ្នោតទូទៅ ដោយលើកថា នេះគឺជាកិត្តិយសរបស់លោកដែលគាំទ្រកាលពីប៉ុន្មានថ្ងៃមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីនៃប្រទេសជប៉ុន ទទួលបានសំឡេងភាគច្រើនពីរភាគបីនៅក្នុងសភាតំណាងរាស្ត្រ ដោយឈ្នះចំនួនអាសនៈច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «វាគឺជាការសម្រេចចិត្តយ៉ាងដិតដល់ និងឈ្លាសវៃបំផុតរបស់លោកស្រីដែលរៀបចំបោះឆ្នោតភ្លាមៗ។ ខ្ញុំសូមជូនពរឲ្យអ្នកទទួលបានជោគជ័យដ៏អស្ចារ្យក្នុងការអនុម័តរបៀបវារៈអភិរក្សនិយម សន្តិភាពតាមរយៈកម្លាំងរបស់អ្នក។ ប្រជាជនដ៏អស្ចារ្យនៃប្រទេសជប៉ុន ដែលបានបោះឆ្នោតដោយភាពរីករាយបែបនេះ នឹងតែងតែមានការគាំទ្រយ៉ាងខ្លាំងពីខ្ញុំ»។

យ៉ាងណាមិញ ជាការឆ្លើយបទៅកាន់ប្រធានសេតវិមាន នាយករដ្ឋមន្ត្រី Takaichi បានសរសេរសារមួយលើបណ្ដាញសង្គម X ក្នុងថ្ងៃដដែលថា «ខ្ញុំចង់ទៅទស្សនាសេតវិមាននៅនិទាឃរដូវ ហើយបន្តធ្វើការជាមួយគ្នាដើម្បីពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពអាមេរិក-ជប៉ុន។ សក្តានុពលអភិវឌ្ឍន៍នៃសម្ព័ន្ធភាពជប៉ុន-អាមេរិកគឺ «គ្មានដែនកំណត់» ដោយសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងប្រទេសទាំងពីរគឺបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងរឹងមាំ។

ដោយឡែក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បាននិយាយនៅក្នុងកម្មវិធីមួយរបស់ Fox News ថា លោកត្រាំមានទំនាក់ទំនងដ៏អស្ចារ្យ ជាមួយ Takaichi និងនៅពេលដែលជប៉ុនរឹងមាំ សហរដ្ឋអាមេរិកក៏រឹងមាំនៅអាស៊ីដែរ។ ជាពិសេស ភាពជោគជ័យរបស់គាត់ គឺជាដំណឹងល្អសម្រាប់អាមេរិក ហើយឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោនអាចជួយលោកស្រីឲ្យទទួលបានជោគជ័យ។

ដោយហៅជ័យជម្នះរបស់គណបក្ស LDP ថាជា «ជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍» ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក George Glass បានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែរថា រដ្ឋបាលត្រាំទន្ទឹងរង់ចាំការកសាង ការពង្រឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងជប៉ុនឡើងវិញរបស់ប្រធានាធិបតី ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសដ៏ស្វាហាប់ទាំងពីរ។

កន្លងមក លោកត្រាំបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះ Takaichi ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រទេសជប៉ុនកាលពីខែតុលា ប៉ុន្មានថ្ងៃមុនការបោះឆ្នោតនៅថ្ងៃអាទិត្យ លោកប្រកាសក្ដែងៗថា លោកនឹងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ជូនចំពោះលោកស្រីមកកាន់សេតវិមាន នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងដំណើរទស្សនកិច្ច «រឹតចំណងរវាងអាមេរិក និងជប៉ុន»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ការសម្រេចចិត្តដ៏ប្រថុយរបស់លោកស្រី Takaichi នាំមកនូវជ័យជម្នះជាប្រវត្តិសាស្ត្រ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម