Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ព្រមានពីហានិភ័យនៃ មហាគ្រោះរញ្ជួយដី នៅសប្តាហ៍ខាងមុខ

បានផុស

នៅ

ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រនិងរលកយក្សស៊ូណាមិ វាយប្រហារភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ពេលនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង និងចេញការព្រមានពិសេសអំពី ហានិភ័យនៃគ្រោះរញ្ជួយដីមហិមា ដែលអាចមានកម្រិត ៨.០រ៉ិចទ័រ ឬលើសពីនេះទៀត ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

តាមការព្រមានរបស់ JMA ដែលផ្សាយដោយសារព័ត៌មាន Japan Today នៅថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២៦ ស្ថានភាពពេលនេះខុសពីមុនហើយ! ដ្បិតលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីមហិមា ស្ថិតនៅកម្រិតទាបនៅឡើយក៏ដោយ ប៉ុន្តែវាបានកើនលើសស្ថានភាពធម្មតា ១០ដងហើយ។

ជុំវិញរឿងនេះ មន្ត្រីការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា ប្រជាពលរដ្ឋគួរតែចាត់វិធានការត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយ ដោយផ្អែកលើគោលការណ៍ទទួលខុសត្រូវលើសុវត្ថិភាពផ្ទាល់ខ្លួន។

(រូប៖ Reuters)

កាលពីឆ្នាំមុន ​រដ្ឋាភិបាល​ជប៉ុនបានចេញរបាយការណ៍ ដោយ​បង្ហាញ​ពី​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​​មហា​គ្រោះ​រញ្ជួយ​ដី​ដែល​អាច​កើត​មាន​នៅ​​​រណ្ដៅ Nankai ដែល​អាច​​ឲ្យ​ជប៉ុន​ខាត​បង់​សេដ្ឋកិច្ច​រហូត​ដល់ ១.៨១​ទ្រីលាន​ដុល្លារ និង​បាត់បង់​ជីវិត​ពលរដ្ឋ​ប្រហែល ៣០០ ០០០​នាក់។

រណ្ដៅ Nankai ប្រវែង​៩០០​គីឡូម៉ែត្រ​នៅ​ក្រោមបាតសមុទ្រ​​ប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន មានប្រវត្តិនៃការរញ្ជួយដីដ៏ធំរៀងរាល់ ១០០ ទៅ ១៥០​ឆ្នាំម្តង។ ក្រុមប្រឹក្សារដ្ឋាភិបាល ប៉ាន់ប្រមាណថា មានឱកាស​ប្រហែល ៨០% នៃការរញ្ជួយដីកម្រិត ៨ ទៅ ៩រ៉ិចទ័រនៅ​តំបន់នេះ​ក្នុង​​រយៈពេល ៣០​ឆ្នាំខាងមុខ។

(រូប៖ Reuters)

នៅក្រោមសេណារីយ៉ូដ៏អាក្រក់បំផុត​​ក្នុង​ករណី​កើត​មាន​ការរញ្ជួយដីកម្រិត​៩​រ៉ិចទ័រ ជប៉ុនទំនងជានឹង​មាន​អ្នកជម្លៀស​ខ្លួន​ចំនួន ១.២៣លាននាក់ ឬ​ស្មើ​នឹង ១០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ របាយការណ៍បានបង្ហាញថា មនុស្សរហូតដល់ ២៩៨ ០០០​នាក់អាចស្លាប់ដោយសាររលកយក្សស៊ូណាមិ និងការដួលរលំអគារ បើការរញ្ជួយដីកើតឡើងនៅពេលយប់​អំឡុង​រដូវរងារ។

សូមជម្រាបថា ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើពិភពលោក ពីព្រោះស្ថិតនៅក្នុងតំបន់ដែលមានផ្លាកតិចតូនិកដ៏ស្មុគស្មាញបំផុត។ ក្នុងចំណោមផ្លាកតិចតូនិកធំៗរាប់សិបដែលបង្កើតបានជាផ្ទៃផែនដី គឺមានចំនួន ៤ ស្ថិតនៅក្នុងប្រទេសជប៉ុន។

ដោយសារទីតាំងស្ថិតនៅតាម «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក»  ប្រទេសជប៉ុនតែងជួបប្រទះនូវគ្រោះរញ្ជួយដីប្រមាណ ២០% នៃរាល់គ្រោះរញ្ជួយដីដែលមានកម្រិតចាប់ពី ៦ រ៉ិចទ័រឡើងទៅ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម