ព័ត៌មានអន្ដរជាតិ
ស្លាប់នាយកសាលាថៃ ក្នុងហេតុការណ៍ខ្មាន់កាំភ្លើងចូលបាញ់ប្រហារ និងចាប់កូនសិស្សជាចំណាប់ខ្មាំង
ប្រទេសថៃ កើតមានហេតុការណ៍បាញ់ប្រហារនៅសាលារៀនដ៏កក្រើកសាជាថ្មី ដោយខ្មាន់កាំភ្លើងថែមទាំងចាប់កូនសិស្សធ្វើជាចំណាប់ខ្មាំងទៀតផង ខណៈបើយោងតាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ការវាយប្រហារនោះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយម្នាក់នោះគឺជានាយកសាលាតែម្តង។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី១២ខែកុម្ភៈឆ្នាំ២០២៦ ខ្មាន់កាំភ្លើងបានសម្រុកចូលសាលា Patong Prathankiriwat ក្នុងស្រុក Hat Yai នៃខេត្ត Songkhla នៅម៉ោង៥ល្ងាចថ្ងៃពុធ ហើយបើកការបាញ់ប្រហារនិងចាប់សិស្សធ្វើជាចំណាប់ខ្មាំង។
របាយការណ៍ប៉ូលិសបង្ហាញថា ខ្មាន់កាំភ្លើងជាមនុស្សប្រុសអាយុ១៨ឆ្នាំ ដែលលួចយកកាំភ្លើងពីប៉ូលិស។ រូបគេបានបាញ់នាយកសាលានិងសិស្សស្រីអាយុ១៤ឆ្នាំម្នាក់ឲ្យរបួស ហើយចាប់សិស្សផ្សេងទៀតធ្វើជាចំណាប់ខ្មាំង។

ទោះបីជាយ៉ាងណាក៏ដោយ នាយកសាលាដែលមានឈ្មោះ Sasipatchara Sinsamorn ត្រូវបានប្រកាសថាស្លាប់ក្នុងមន្ទីរពេទ្យដោយសាររបួសធ្ងន់ពេក ចំណែកខ្មាន់កាំភ្លើងត្រូវប៉ូលិសចាប់បាននៅទីតាំងកើតហេតុ ក្រោយការប្រឈមមុខដាក់គ្នារយៈពេល២ម៉ោង។
ទន្ទឹមនោះដែរ បើយោងតាមក្រសួងសុខាភិបាលថៃ, មានសិស្សច្រើននាក់ត្រូវរបួស ដោយសារតែលោតចុះពីអគារសាលារៀនព្រោះភាពភិតភ័យ។

ដ្បិតមូលហេតុមិនទាន់ត្រូវបានគេដឹង ប៉ុន្តែសារព័ត៌មានជាច្រើនក្នុងស្រុកថៃរាយការណ៍ថា ខ្មាន់កាំភ្លើងប្រហែលជាខឹងសម្បាចំពោះគ្រូបង្រៀននៅសាលានេះ។
ថៃតែងកើតមានការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងញឹកញាប់ ដោយសារតែច្បាប់កាន់កាប់កាំភ្លើងដ៏អន់។ ហេតុការណ៍ខាងលើ ធ្វើឲ្យគេនឹកឃើញដល់ការបាញ់សម្លាប់រង្គាលមនុស្ស៣៦នាក់ ដែលភាគច្រើនជាក្មេងៗសិស្សសាលាមត្តេយ្យនៅភាគឦសានកាលពីឆ្នាំ២០២២ ដែលនោះគឺជាសោកនាដកម្មដ៏រន្ធត់បំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


