Connect with us

ព័ត៌មានអន្ដរជាតិ

WHO៖ ការ​វាយ​ប្រហារ​​​លើ​រោង​ចក្រ​ប្រេង​​នៅ​អ៊ីរ៉ង់​​នឹង​ប៉ះ​ពាល់​ដល់​សុខភាព​សាធារណៈខ្លាំង​

បានផុស

នៅ

ប្រធាន​អង្គការ​សុខភាពពិភពលោក (WHO)​ បាន​ព្រមានថា ការ​វាយប្រហាររបស់​អ៊ីស្រាអែលថ្មីៗនេះ​​​​​ទៅ​​លើរោងចក្រប្រេង​ក្នុង​ប្រទេស​អ៊ីរ៉ង់ អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​សាធារណៈ ដោយ​កុមារនិង​មនុស្សចាស់​អ៊ីរ៉ង់ស្ថិតក្នុង​ចំណោមអ្នក​ដែលងាយ​រងគ្រោះបំផុត​។​ នេះ​បើយោង​តាម Al Jazeera ផ្សាយ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៦ ។

លោក Tedros Adhanom Ghebreyesus បាន​និយាយ​​ក្នុង​សេចក្តី​​ថ្លែង​​ការណ៍​​មួយ​​កាល​ពីថ្ងៃចន្ទថា៖ «ការ​ខូចខាត​ដល់​រោងចក្រប្រេងឥន្ធនៈ​របស់​​អ៊ីរ៉ង់ ​មាន​​ហានិភ័យ​នៃការបំពុលអាហារ ទឹក និងខ្យល់»។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខ​ភាព​ពិភព​លោក​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros បង្ហោះ​នៅ​លើបណ្តាញ​ X ថា៖ « គ្រោះថ្នាក់ទាំងនោះអាច​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់​សុខភាព ជាពិសេសលើកុមារ មនុស្ស​ចាស់ និងមនុស្សដែលមានបញ្ហាសុខភាពពីមុន។ ភ្លៀង​ដែល​ពោរពេញ​ដោយប្រេង​ត្រូវបានរាយការណ៍ថា​បានធ្លាក់នៅតំបន់ខ្លះនៃប្រទេស»។

អាជ្ញាធរ​អ៊ីរ៉ង់​លើក​ឡើង​ថារោង​ចក្រ​ប្រេង​នៅក្នុងរដ្ឋធានី​តេហេរ៉ង់ និង​ខេត្ត Alborz ក្បែរនោះ​ត្រូវ​បានកំណត់គោលដៅ​ នៅថ្ងៃសៅរ៍​ក្នុង​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ប្រឆាំង​នឹងប្រទេសអ៊ីរ៉ង់​។

សារព័ត៌មាន Al Jazeera រាយការណ៍ថា ដំណក់ទឹកភ្លៀងខ្មៅបានធ្លាក់នៅព្រឹកព្រលឹមថ្ងៃអាទិត្យ បន្ទាប់​ពី​ការ​វាយប្រហារទាំង​នោះ​បាន​បញ្ជូន​អណ្តាត​ភ្លើង​ដ៏ធំ និង​ពពក​ផ្សែង​ខ្មៅ​ក្រាស់ៗ​ឡើង​លើ​មេឃ​ពី​លើទីក្រុងតេហេរ៉ង់​។

ចំណែក​ក្រុម​សិទ្ធិមនុស្សបានថ្កោលទោស​ទាំងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះ​ការកំណត់គោលដៅ​លើហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។

លោកស្រី Agnes Callamard ប្រធានអង្គការលើក​លែង​ទោសអន្តរជាតិនិយាយ​កាលពីថ្ងៃចន្ទ​ថា៖ « អ៊ីស្រាអែល​គួរតែចាត់វិធាន​ការ​បង្ការ​ទាំង​អស់​តាម​ដែល​អាចធ្វើទៅបាន ដើម្បី​ជៀសវាង ឬ​កាត់​បន្ថយ​ហានិភ័យ​ដល់ជនស៊ីវិល នៅ​ពេលកំណត់គោលដៅរោងចក្រចម្រាញ់ប្រេងនៅ​ក្នុង​ប្រទេសអ៊ីរ៉ង់»។

លោកស្រីសរសេរលើបណ្តាញ​សង្គម​ X ថា៖ « គ្រោះថ្នាក់​ដោយ​ចៃ​ដន្យ​ចំពោះ​ជនស៊ីវិល រួមទាំង​ការបញ្ចេញសារធាតុពុល ហាក់ដូចជាបង្ហាញ​ថាមាន​ការ​ប្រុងប្រយ័ត្នតិចតួចណាស់​ វា​មិនសមាមាត្រគ្នា​សោះ​»។

លោក​ស្រី​បន្ត​ថា​៖ «ឈុតឆាក​នៃគ្រោះមហន្តរាយដែល​ពិពណ៌នា​ដោយ​ជនជាតិអ៊ីរ៉ង់ បន្ទាប់​ពីឃ្លាំងប្រេងរបស់ទីក្រុងតេហេរ៉ង់​ត្រូវ​បាន​ទម្លាក់​គ្រាប់​បែក គឺជាការបង្ហាញមួយផ្សេងទៀតថា​ពួក​គេ​ពិត​ជា​រង​គ្រោះ​។ [….] ការវាយប្រហារ​របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​លើអ៊ីរ៉ង់ ​កំពុង​បង្កគ្រោះថ្នាក់ដល់ជនស៊ីវិលជា​ចម្បង រួមទាំងកុមារផងដែរ»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម