Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីអ៊ីរ៉ង់ នៅតែមានសមត្ថភាពបាញ់មីស៊ីលឥតឈប់ តទល់ អាមេរិកនិងអ៊ីស្រាអែល?

បានផុស

នៅ

ប្រមុខសេតវិមាន ដូណាល់ ត្រាំ អួតហើយអួតទៀតថា អាមេរិកបានកម្ទេចកងទ័ពអ៊ីរ៉ង់ ខ្ទេចអស់ហើយ ហើយមកដល់ពេលនេះ សឹងតែគ្មានគោលដៅត្រូវវាយប្រហារទៀតទេ។

(រូប៖ Reuters)

យ៉ាងណា គេនៅតែឃើញថា អ៊ីរ៉ង់បន្តបាញ់មីស៊ីលនិងបង្ហោះដ្រូនវាយប្រហារប្រទេសក្នុងតំបន់ឥតឈប់ ជាពិសេសកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកតែម្តង។

នេះផ្ទុយពីការអះអាងរបស់លោកត្រាំ និងបង្ហាញថា អ៊ីរ៉ង់នៅតែមានសមត្ថភាពបើកប្រតិបត្តិការយោធាតបត និងវាយបក មិនទាន់ថមថយ។

(រូប៖ Reuters)

រឿងនេះ បង្កើតជាចម្ងល់ថា តើចំណុចពិសេសអ្វីខ្លះទៅ ដែលធ្វើឲ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) នៅតែមានសមត្ថភាពបាញ់មីស៊ីលឥតឈប់តទល់អាមេរិកនិងអ៊ីស្រាអែល?

បើទោះបីជាស្ថិតក្រោមការវាយប្រហារយ៉ាងខ្លាំងក្លាក៏ដោយ សមត្ថភាពរបស់ IRGC ក្នុងការបន្តបាញ់មីស៊ីលតទល់អាមេរិកនិងអ៊ីស្រាអែល គឺផ្អែកលើកត្តាយុទ្ធសាស្ត្រ និងបច្ចេកទេសសំខាន់ៗមួយចំនួនដូចជា៖

១. បណ្តាញ «ទីក្រុងមីស៊ីលក្រោមដី»

តាមការផ្សាយរបស់ Daily Mail, អ៊ីរ៉ង់បានចំណាយពេលរាប់សិបឆ្នាំក្នុងការសាងសង់បណ្តាញរូងភ្នំ និងមូលដ្ឋានយោធាក្រោមដីយ៉ាងជ្រៅ ដែលគេហៅថា «ទីក្រុងមីស៊ីល»។ មូលដ្ឋានទាំងនេះស្ថិតនៅក្រោមស្រទាប់ថ្មភ្នំរាប់រយម៉ែត្រ ដែលសូម្បីតែគ្រាប់បែកទម្លុះបេតុងរបស់អាមេរិកក៏ពិបាកបំផ្លាញដែរ។

ម្យ៉ាង អ៊ីរ៉ង់មានប្រព័ន្ធបាញ់មីស៊ីលដែលរុញចេញពីមាត់រូងភ្នំ រួចបាញ់ភ្លាមៗ ហើយក៏ដកថយចូលទៅក្នុងវិញ ដែលធ្វើឲ្យយន្តហោះអាមេរិកពិបាកនឹងតាមរកគោលដៅឃើញទាន់ពេល។

២. ការប្រើប្រាស់ប្រព័ន្ធបាញ់ចល័ត

ជំនួសឲ្យការប្រើប្រាស់ឧបករណ៍បាញ់នៅមួយកន្លែង អ៊ីរ៉ង់ប្រើប្រាស់រថយន្តដឹកជញ្ជូនដើម្បីបាញ់បង្ហោះជំនួស។ រថយន្តទាំងនេះអាចក្លែងខ្លួនជារថយន្តដឹកទំនិញស៊ីវិលធម្មតា រួចធ្វើដំណើរទៅកាន់ទីតាំងណាមួយ បាញ់មីស៊ីលចេញ រួចប្តូរទីតាំងភ្លាមៗ។

៣. បរិមាណគ្រាប់មីស៊ីលយ៉ាងសន្ធឹកសន្ធាប់

យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់គឺ «ប្រើបរិមាណយកឈ្នះគុណភាព»។នៅពេលអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនរាប់រយក្នុងពេលតែមួយ ប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល ឬ Patriot របស់អាមេរិក នឹងមិនអាចស្ទាក់ចាប់បានទាំងអស់នោះទេ ព្រោះគ្រាប់មីស៊ីលស្ទាក់ចាប់មានតម្លៃថ្លៃជាង និងមានចំនួនកំណត់ជាងមីស៊ីលរបស់អ៊ីរ៉ង់។

៤. បច្ចេកវិទ្យាមីស៊ីលបាលីស្ទិកល្បឿនលឿន

អ៊ីរ៉ង់បានអភិវឌ្ឍមីស៊ីលដូចជា Fattah ដែលមានល្បឿនលឿនខ្លាំង និងអាចផ្លាស់ប្តូរទិសដៅលើអាកាសបាន។ នៅពេលមីស៊ីលអាចហោះបត់បែនកាច់កង់ វានឹងធ្វើឲ្យកុំព្យូទ័ររបស់ប្រព័ន្ធការពារអាកាសពិបាកគណនាគន្លងដើម្បីបាញ់ស្ទាក់។

៥. យុទ្ធសាស្ត្រវាយប្រហារពីច្រើនទិសដៅ

អ៊ីរ៉ង់មិនមែនបាញ់ចេញតែពីក្នុងទឹកដីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ៊ីរ៉ង់ក៏ប្រើប្រាស់បណ្តាញចលនាតស៊ូដូចជាក្រុមហ៊ូធីនៅយេម៉ែន, ក្រុមហេសបូឡានៅលីបង់ និងក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ផងដែរ ដែលធ្វើឲ្យអាមេរិកនិងអ៊ីស្រាអែល ត្រូវចែកកម្លាំងការពារនិងវាយបកទៅច្រើនទិសដៅក្នុងពេលតែមួយដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម