Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រឈមវិបត្តិប្រេង​​ ប្រទេស​២២ រួម​ទាំងសមាជិក​ណាតូ​​ខ្លះផង ទទូច​​​ឲ្យ​អ៊ីរ៉ង់​បើក​​​ច្រក Hormuz

បានផុស

នៅ

ចាប់​តាំង​ពី​សង្រ្គាម​នៅ​អ៊ីរ៉ង់​ចាប់​ផ្តើម​កាល​បី​ថ្ងៃ​ទី២៨ ខែកុម្ភៈ ដោយ​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែល​ មាន​​ប្រទេស​នៅ​អឺរ៉ុប​ រួម​ទាំង​អាស៊ីប្រឈម​នឹង​ការ​ខ្វះ​ខាត​ប្រេង​ធ្ងន់​ធ្ងរដោយ​សារ​តែ​អ៊ីរ៉ង​បាន​បិទ​​ច្រក​សមុទ្រ Hormuz ដែល​ជា​ច្រក​សម្រាប់​ដឹក​ជញ្ជូន​ប្រេង​យ៉ាង​សំខាន់​។ ​

ច្រក Hormuz ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រឈម​​វិបត្តិ​ថាមពលនេះ ប្រទេសចំនួន ២២ បាន​ចុះហត្ថលេខាលើ​សេចក្តីថ្លែង​ការណ៍រួម​មួយ ដោយ​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​លើ​នាវា​ដឹក​ជញ្ជូន​ទំនិញ​ក្នុង​ឈូងសមុទ្រ​មួយ​នេះ​ ហើយ​បណ្តា​ប្រទេស​ទាំងនោះ​លើក​ឡើង​ថា​ ពួក​គេ​នឹង​ចូលរួមរក​វិធី​សាស្រ្ត​សមស្រប ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ធ្វើ​នាវា​ចរណ៍ប្រកប​​ដោយ​សុវត្ថិភាព​តាម​រយៈ​ច្រក​សមុទ្រ​ Hormuz​ ។

សេចក្តីថ្លែងការណ៍​រួម​នោះ​​បាន​​លើក​ឡើង​ថា​៖ «យើងស្វាគមន៍​ចំពោះការប្តេជ្ញាចិត្ត​របស់ប្រទេសនានា ដែលកំពុង​ចូលរួម​ក្នុង​ការរៀបចំផែនការ​នេះ​»។ នេះ​បើយោង​តាម​ការដកស្រង់​របស់ ABC ផ្សាយ​ថ្ងៃទី​២១ខែមីនា ឆ្នាំ​២០២៦ ។

មិន​តែ​ប៉ុណ្ណោះ បញ្ជីឈ្មោះប្រទេស​ដែល​ចូលរួម​កំពុងកើនឡើងរួមមានសមាជិកណាតូផងដែរ​ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ​ត្រាំ បានរិះគន់ថា សមាជិក​ណាតូ​ថា «​កំសាក» កាលពីថ្ងៃសុក្រ។

ប្រធានាធិបតីអាមេរិករូបនេះ​ថា៖ « ពួកគេត្អូញត្អែរពីតម្លៃប្រេងខ្ពស់ ប៉ុន្តែមិនចង់ជួយបើកច្រកសមុទ្រ Hormuz ទេ»។

ប្រទេសទាំងនោះ​រួមមាន អារ៉ាប់រួម ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ​អ៊ីតាលី ហូឡង់ ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ ដាណឺម៉ាក ឡាត​វី ស្លូវេនី អេស្តូនី ន័រវែស ស៊ុយអែត ហ្វាំងឡង់ ឆែក រ៉ូម៉ានី បា​រ៉ែន លីទុយអានី និងអូស្ត្រាលី​។

គួរ​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍ខាង​លើ​មិន​បាន​គូស​បញ្ជាក់​ពី​ការ​ប្តេ​ជ្ញា​ចិត្ត​ជាក់លាក់​ណាមួយ ដើម្បីធានាសុវត្ថិភាពផ្លូវ​ទឹក​នោះ​ទេ​។

យ៉ាង​ណា ​រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បាន​សរសេរ​លើ​បណ្តាញ​សង្គម​ X បន្ទាប់ពី​សេចក្តី​ថ្លែង​ការណ៍​ថា​៖ « គ្មាន​បេសកកម្មសង្គ្រាមទេ ហើយក៏​មិនមាន​ការ​ចូលទៅក្នុងច្រក​សមុទ្រ​ Hormuz ដរាបណា​​មិនទាន់​មាន​​បទ​ឈប់​បាញ់ និង​គំនិត​ផ្តួចផ្តើមពី​​ពហុភាគី​​»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម