Connect with us

ព័ត៌មានអន្ដរជាតិ

​ស្ថានទូត​អាមេរិក​​ប្រចាំលីបង់​ អំពាវ​នាវ​ឱ្យ​ពល​រដ្ឋ​ខ្លួន​ចាក​ចេញ​ពីប្រទេស​​​នេះ​ជា​​បន្ទាន់​

បានផុស

នៅ

ស្ថាន​ទូតសហរដ្ឋអាមេរិក​ប្រចាំទីក្រុងបេរូត​​នៃ​ប្រទេសលីបង់​ បាន​​​ជូនដំណឹង​​ជំរុញ​ឱ្យ​ពលរដ្ឋអាមេរិក​នៅ​​ក្នុង​ប្រទេស​លីបង់​ដែល​​អ៊ីស្រាអែល​វាយ​ប្រហារ​​នោះ ចាកចេញពី​ប្រទេស​នេះ​​ជា​​បន្ទាន់​ ដោយ​លើកឡើងពីបរិយាកាស​សន្តិសុខស្មុគស្មាញ ​និង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស។

ស្ថានទូត​អាមេរិក​បាន​​រៀប​រាប់​​ក្នុង​សេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃពុធ ទី​២២ ខែមេសា ​ថា៖ « យើង​សូម​ជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសលីបង់ ខណៈ​ជម្រើសជើងហោះហើរ​​នៅ​តែមាន​»។

ស្ថានទូតបន្ថែមថា៖ « យើងសូមណែនាំឱ្យពលរដ្ឋអាមេរិកនៅ​លីបង់​ដែល​ជ្រើសរើសមិនចាកចេញ ត្រូវរៀបចំផែន​ការបន្ទាន់សម្រាប់​ស្ថាន​ភាពអាសន្ន និងតាមដានព័ត៌មានសម្រាប់ការវិវត្តថ្មីៗ»។

សេចក្តី​ថ្លែងការណ៍របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេសលីបង់។ រូបភាព៖ US EBS in Lebanon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​តែ​ប៉ុណ្ណោះ​អាមេរិក​ក៏​ព្រមានថា៖ «មានហានិភ័យ​នៃអំពើ​ភេរវកម្ម ​និង​ការចាប់ជំរិត​ជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់»។

ស្ថានទូតបន្ថែមថា៖ « ទីកន្លែងដែលពលរដ្ឋ និងអ្នកទេសចរ​អាមេរិក​ទៅ​ទស្សនាជាញឹកញាប់នៅទីក្រុងបេរូត និងទូទាំងប្រទេសលីបង់អាច​ក្លាយជាគោលដៅសម្រាប់ការវាយប្រហារ ហើយ​ពលរដ្ឋអាមេរិកជៀសវាង​ការតវ៉ា និងការជួបជុំធំៗជា​ដើម​»។

សេចក្តី​ថ្លែងការណ៍នេះកើតឡើង​ បន្ទាប់ពីបាញ់​កាលពីថ្ងៃពុធ​រវាង​កង​ទ័ពអ៊ីស្រាអែលនិងក្រុមហេសបូឡា​របស់​លីបង់។

ការ​កើនឡើងនៃភាពតានតឹង​​នៅ​តែ​កើតឡើង ទោះបីជាមានការឈប់​បាញ់រយៈពេល ១០ថ្ងៃរវាងលីបង់និងអ៊ីស្រាអែល ចាប់ផ្តើមនៅ​ថ្ងៃសុក្រ​ក៏ដោយ។

គួរបញ្ជាក់​ថា បទឈប់បាញ់​ខាង​លើ​មាន​បំណងបញ្ឈប់ការវាយប្រហារដែល​បាន​ពង្រីករបស់អ៊ីស្រាអែល​ទៅលើលីបង់ និង​សម្លាប់មនុស្ស ២ ២៩៤ នាក់ របួស ៧ ៥៤៤នាក់ និងមាន​មនុស្ស​ជាង ១លាន​នាក់ផ្លាស់ទីលំនៅ​ ចាប់តាំងពីថ្ងៃទី០២ ខែមីនា។

ការណែ​នាំ​របស់​ស្ថាន​ទូត​​អាមេរិក​បាន​ចេញផ្សាយ​ឱ្យ​ពល​រដ្ឋ​ខ្លួន​ចាក​ចេញ​ពី​លីបង់​ មុនថ្ងៃនៃការចរចាដែល​សម្របសម្រួលដោយសហរដ្ឋអាមេរិករវាងលីបង់និងអ៊ីស្រាអែល គ្រោងនឹងធ្វើឡើងនៅថ្ងៃ​ព្រហស្បតិ៍​​ នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម