Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ រង់​ចាំ​​ការ​អនុញ្ញាត​ពីអាមេរិក​ ​និង​វាយ​អ៊ីរ៉ង់​ឱ្យ​​ត្រឡប់​ទៅ​យុគ​ថ្ម​ ដូច​ត្រាំ​ ធ្លាប់​លើក​ឡើង​

បានផុស

នៅ

ក្រោយ​បទ​ឈប់​បាញ់​សហរដ្ឋ​អាមេរិក-អ៊ីរ៉ង់​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​ លោក Israel Katz លើក​ឡើង​កាល​ពី​ថ្ងៃ​ទី២៣ ខែមេសា ថា អ៊ីស្រាអែលត្រៀម​ខ្លួនរួច​ជាស្រេច​ ក្នុង​ការ​​បន្ត​សង្គ្រាមប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​អ៊ីស្រាអែល​​​កំពុង​រង់ចាំ​​ភ្លើងខៀវ​ពីសហរដ្ឋអាមេរិក​​ ដើម្បី​​​កម្ទេច​អ៊ីរ៉ង់​ឲ្យ​​រលំរលាយ​​ត្រឡប់ទៅយុគ​សម័យថ្ម​វិញ​ ដូច​ដែល​ លោក ត្រាំ ធ្លាប់​លើក​ឡើង​​នៅ​មុន​បទ​ឈប់បាញ់​​ផ្តើមកាលថ្ងៃទី​៧ខែ​មេសា​​។

យោង​​​ទីភ្នាក់ងារ​​ព័ត៌មាន​​ AFP លោក Katz និយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍​ជា​វីដេអូ​មួយ​ថា៖ « កង​កម្លាំងរបស់​អ៊ីស្រាអែល​ IDF បាន​ត្រៀមខ្លួនរួចជាស្រេចទាំង​ការពារនិង​វាយលុក ហើយ​គោលដៅ​បាន​​ដៅ​រួចហើយ»។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​ លោក Israel Katz ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែម​ថា៖ « យើង​កំពុង​រង់ចាំភ្លើងខៀវ​ពី​សហរដ្ឋ​អាមេរិក! ជា​ដំបូង និង​សំខាន់បំផុត គឺបញ្ចប់ខ្សែ​រាជវង្ស លោក ខាមេណៃ… លើស​ពីនេះទៀត ដើម្បី​នាំអ៊ីរ៉ង់ត្រឡប់​ទៅសម័យងងឹត និងយុគ​សម័យថ្មវិញ ដោយ​ការបំផ្លាញរោង​ចក្រ​ថាមពល អគ្គិសនី​សំខាន់ៗ ​និង​រុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​របស់​ពួក​គេ​»។

គួរ​បញ្ជាក់​ថា​ ការ​វាយប្រហារលើក​ដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើ​អ៊ីរ៉ង់​ នៅ​ថ្ងៃទី២៨ ខែកុម្ភៈ បានបំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីរ៉ង់​ជា​ច្រើន និង​​សម្លាប់មេដឹកនាំកំពូល​អ៊ីរ៉ង់ លោក អាយ៉ាតូឡាស់ អាលី ខាមេណៃ​ (Ayatollah Ali Khamenei) ផងដែរ ខណៈ​បច្ចុប្បន្ន​​កូន​ប្រុសរបស់​ខ្លួន​ គឺ លោក Mojtaba Khamenei ​ឡើង​ស្នងតំណែងបន្ត​ ប៉ុន្តែមក​ទល់​ពេល​នេះ ​មិន​ទាន់​បង្ហាញ​ខ្លួន​ជា​សា​ធារណៈ​នៅ​ឡើយទេ។ ការណ៍​នេះ​ នាំ​ឱ្យ​មាន​ការសង្ស័យ​ពី​ស្ថាន​ភាព​របស់អ្នក​ស្នង​តំណែង​រូបនោះ​ ថា​នៅ​រស់​ឬអត់។

មិន​តែ​ប៉ុណ្ណោះ លោក Katz បន្ថែម​ថា៖ « លើក​នេះ! ​​ពេល​​មាន​​​ការវាយប្រហារបន្ត វានឹងខុសគ្នា​ពី​មុន​ និងសាហាវ​ ហើយ​វា​ជា​ការ​វាយប្រហារ​ដ៏​សាហាវ​នៅ​ចំណុចរសើបបំផុត បន្ទាប់​ពីការវាយប្រហារ​ដ៏​ធំ​សម្បើម របប​ភេរវកម្មអ៊ីរ៉ង់​បានរងទុក្ខរួចទៅហើយ ហើយ​វា​នឹង​​រង្គោះ​​រង្គើ ​និង​បំផ្លាញ​​គ្រឹះ​​របស់​ពួក​គេ​​​​»។

ដោយ​ឡែក ប្រធា​នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បញ្ជាក់​កាលពី​ថ្ងៃទី២១ ខែមេសា ​ពីការ​បន្តបទឈប់បាញ់ដោយ​គ្មានពេល​​កំណត់​​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ​ចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដើម្បី​បង្កើត​​ទី​សុវត្ថិ​ភាព​មួយសម្រាប់​ចរចា​ជាមួយ​​ទីក្រុងតេ​ហេ​រ៉ង់៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម