Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន៖ លោក ត្រាំ និងលោក ស៊ី ឯកភាពគ្នា​លុប​បំបាត់អាវុធនុយក្លេអ៊ែរ នៅ​កូរ៉េខាងជើង

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង បាន​ផ្សាយ​ថា សេតវិមាន បានប្រកាសនៅក្នុងការ​សង្ខេបព័ត៌មានមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគី​ចិន លោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មី អំពីគោលដៅរួមគ្នា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ នៅក្នុងទីក្រុងប៉េកាំង។

តាមសេចក្តីរាយការណ៍នោះ វិមាន​ប្រធានាធិបតី​អាមេរិក ​បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ប្រធានាធិបតី ត្រាំ និងប្រធានាធិបតី ស៊ី បានអះអាងពីគោលដៅរួមគ្នារបស់ពួកគេ ចំពោះការលុបបំបាត់អាវុធ​នុយក្លេអ៊ែរ «ទាំងស្រុង» នៅកូរ៉េខាងជើង។

លោក ត្រាំ និងប្រធានាធិបតី ស៊ី (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC ដែលបានផ្សាយកាលពីព្រឹកថ្ងៃដដែលនោះ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏បានលើកឡើងផងដែរថា លោក ត្រាំ និងលោក ស៊ី «បានយល់ស្របគ្នាថា គោលដៅនៅលើទ្វីបកូរ៉េ នៅតែជាការលុបបំបាត់អាវុធនុយក្លេអ៊ែរ»។

ការបញ្ជាក់ជាថ្មីអំពីគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ បានធ្វើឡើងចំពេលដែលទីក្រុងព្យុងយ៉ាង កំពុងបង្កើនការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួនទ្វេដង ហើយហាក់បីដូចកំពុងស្វែងរកការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ចំពោះឋានៈរបស់ខ្លួនជាប្រទេសមានអាវុធនុយក្លេអ៊ែរ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើកិច្ចព្រមព្រៀងរបស់ចិនលើគោលដៅនេះ នឹងប្រែក្លាយទៅជាការដាក់សម្ពាធកាន់តែខ្លាំងលើកូរ៉េខាងជើង ឲ្យឈានទៅរកការបោះបង់អាវុធនុយក្លេអ៊ែរដែរឬយ៉ាងណា ដោយសារតែនាពេលកន្លងមក ការអនុវត្តទណ្ឌកម្មរបស់ទីក្រុងប៉េកាំងប្រឆាំងនឹងទីក្រុងព្យុងយ៉ាងហាក់ដូចជាធូររលុងពេក ។

សូមបញ្ជាក់ដែរថា មេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយនៅក្នុងនោះ ពួកគេបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមានសន្តិសុខនៅលើទ្វីបកូរ៉េ, ស្ថានភាពកោះតៃវ៉ាន់, សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ និងពាណិជ្ជកម្មទ្វេភាគី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ការវាយប្រហារ​ ឆេះ​​​​រោងចក្រថាមពល​នុយក្លេអ៊ែរ​អារ៉ាប់រួម កំពុង​អង្រួន​នៅមជ្ឈិមបូព៌ា​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម