Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ឆេះ​យ៉ាងសន្ធោសន្ធៅ នៅ​​រោងចក្រ​ផលិត​កែច្នៃ​ឧស្ម័ន​ដ៏ធំរបស់​កាតា ចំ​ពេល​កា​រព្រមាន​របស់​ត្រាំ​លើ​អ៊ីរ៉ង់​

បានផុស

នៅ

ហេតុការណ៍ផ្ទុះ និងឆាបឆេះយ៉ាងខ្លាំងមិនធ្លាប់មាន​​ បានវាយប្រហារលើតំបន់ទីក្រុងឧស្សាហកម្ម រ៉ាស់ ឡាហ្វាន (Ras Laffan) នៃប្រទេសកាតា កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែមិថុនា ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពកំពុងធ្វើឡើងនៅឯប្រទេសស្វីស។

វីដេអូ​ដែល​គេ​អះអាង​ថា​បង្ហាញ​ពី​ការ​ផ្ទុះ​នៅ​ទីក្រុង​ឧស្សាហកម្ម Ras Laffan (រូបភាព៖ Telegram / PressTV)

យោងតាមការចេញផ្សាយពីសារព័ត៌មាន RT, ក្រសួងមហាផ្ទៃកាតា បានបញ្ជាក់ដំបូងថា ការផ្ទុះពីខាងក្នុងបានកើតឡើងនៅរោងចក្រមួយក្នុងតំបន់ រ៉ាស់ ឡាហ្វាន ដោយសារបញ្ហាបច្ចេកទេស។ ក្រុមសង្គ្រោះស៊ីវិលបានចុះទៅអន្តរាគមន៍ភ្លាមៗ ហើយពុំមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនោះទេ។ នៅក្នុងការបច្ចុប្បន្នភាពព័ត៌មានបន្ទាប់ ក្រសួងបានឲ្យដឹងថា មានមនុស្សមួយចំនួនបានរងរបួស ប៉ុន្តែ ពុំមានការធ្លាយសារធាតុគ្រោះថ្នាក់ណាមួយត្រូវបានរកឃើញឡើយ។

ក្រុមហ៊ុនថាមពលជាតិ QatarEnergy បានថ្លែងថា ការផ្ទុះនេះបានកើតឡើងអំឡុងពេលចាប់ផ្តើមដំណើរការឡើងវិញនូវប្រតិបត្តិការនៅរោងចក្រផ្គត់ផ្គង់ហ្គាសក្នុងស្រុក បារហ្សាន (Barzan) ក្នុងតំបន់ រ៉ាស់ ឡាហ្វាន នាល្ងាចថ្ងៃទី២១ ខែមិថុនា។ ក្រុមការងារសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗ ហើយអគ្គិភ័យដែលបង្កឡើងដោយការផ្ទុះនោះ ត្រូវបានគ្រប់គ្រងបានទាំងស្រុងហើយ។

តំបន់ រ៉ាស់ ឡាហ្វាន ដែលមានទីតាំងស្ថិតនៅភាគខាងជើងទីក្រុងដូហា គឺជាមជ្ឈមណ្ឌលកែច្នៃហ្គាសដ៏សំខាន់បំផុតមួយនៅលើពិភពលោក និងជាបេះដូងនៃឧស្សាហកម្មហ្គាសធម្មជាតិរាវ (LNG) របស់ប្រទេសកាតា។ តំបន់ឧស្សាហកម្មដ៏ធំនេះ ក៏ធ្លាប់ស្ថិតក្នុងចំណោមទីតាំង ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកដែលទីក្រុងតេហេរ៉ង់បានវាយប្រហារកាលពីអំឡុងដើមសង្គ្រាម ដើម្បីសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើវាលហ្គាស South Pars របស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុចុងក្រោយនេះ បានកើតឡើងចំពេលដែលមន្ត្រីអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ជុំវិញអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយមានប្រទេសកាតា និងប៉ាគីស្ថាន ចូលរួមជាអ្នកសម្របសម្រួល។ កិច្ចព្រមព្រៀងនេះត្រូវបានប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសអ៊ីស្រាអែល ដែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ ទោះបីជាមានការអំពាវនាវឲ្យបញ្ឈប់អរិភាពនៅលើគ្រប់វិស័យក៏ដោយ។

ប្រទេសកាតាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពេញមួយវិបត្តិនេះ រួមជាមួយប្រទេសប៉ាគីស្ថាន។ កិច្ចពិភាក្សានៅលើទឹកដីស្វីស កំពុងផ្តោតលើការអនុវត្តអនុស្សរណៈរវាងអាមេរិកនិងអ៊ីរ៉ង់ រួមមានសន្តិសុខសមុទ្រ ការបន្ធូរបន្ថយទណ្ឌកម្ម កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការគ្រប់គ្រងច្រកសមុទ្រហរមូសនាពេលអនាគតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម