Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ បញ្ជាក់​ជំហរ​​​ការ​ធ្វើ​ សមយុទ្ធ​ចិន​-រុស្ស៊ី និង​ការ​បាញ់​សាក​ល្បង​មីស៊ីល​​របស់​ចិន​ក្នុង​សមុទ្រ​ប៉ាស៊ី​ហ្វិក​

បានផុស

នៅ

វិមាន​ក្រឹមឡាំង ​អះ​អាង​កាលពីថ្ងៃចន្ទថា ការសាក​ល្បង​មីស៊ីល​យុទ្ធសាស្ត្រថ្មីៗ​របស់ចិន និងសមយុទ្ធ​កងទ័ពជើង​ទឹករួមគ្នា​ជាមួយរុស្ស៊ី មិន​មែន​សំដៅលើ​ប្រទេសណាមួយ​នោះ​ទេ ដោយពណ៌នា​អំពីកិច្ចសហប្រតិបត្តិការ​យោធារវាង​ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង​ថាជាកត្តា​សំខាន់សម្រាប់សន្តិសុខ​ក្នុង​តំបន់​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​នៅទីក្រុងមូស្គូ អ្នកនាំពាក្យវិ​មាន​ក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រទេសចិន​មាន​សិទ្ធិប្រើ​​អធិបតេយ្យភាព​ក្នុងការធ្វើការសាក​ល្បងមីស៊ីល និងពង្រឹង​សមត្ថភាពយោធា​របស់ខ្លួន។

អ្នកនាំពាក្យវិ​មាន​ក្រឹមឡាំង លោក Dmitry Peskov ។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយ​ថា៖ « យើង​ជឿថាវា​ជាសិទ្ធិអធិបតេយ្យ​ភាព​របស់​ប្រទេសចិន​ក្នុងការសាកល្បងមីស៊ីលនិងចូលរួមក្នុងការអភិវឌ្ឍយោធា​។ ប្រទេសចិន​មិន​បាន​គំរាមកំហែងដល់​ប្រទេសណាមួយ​ នៅ​ក្នុង​តំបន់ ឬកន្លែងណាក្នុង​ពិភពលោកទេ ហើយប្រទេស​ចិនគឺជាសម្ព័ន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រដ៏សំខាន់​របស់យើង»។

ការកត់​សម្គាល់របស់​លោក​បានកើតឡើង​ បន្ទាប់ពីប្រទេស​ចិនបាន​សាកល្បងមីស៊ីលផ្លោងដែល​បាញ់ចេញពីនាវាមុជទឹក​ពីសមុទ្រចិនខាងត្បូង​ទៅកាន់មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ក្នុង​ការអត្ថាធិប្បាយ​លើសមយុទ្ធកងទ័ពជើង​ទឹក Maritime Interaction-២០២៦ (Joint Sea-២០២៦) ក្នុង​សមុទ្រលឿង និងដែនអាកាសនៅ​ជិតទីក្រុងកំពង់ផែ Qingdao របស់​ប្រទេសចិនជា​មួយ​រុស្ស៊ី​ ចាប់ពីថ្ងៃទី៦-១៣ ខែកក្កដា លោក Peskov សង្កត់ធ្ងន់ថា សមយុទ្ធនេះ​មាន​លក្ខណៈការពារ ហើយ​មិនមែនសំដៅលើប្រទេស​ទី៣ ណាមួយឡើយ​។​

លោក​ បន្ត​ថា​៖ «​ សមយុទ្ធ​​រួម​របស់​យើង​ក៏​មិន​មែន​សំដៅ​​ទៅ​លើ​​នរណា​ម្នាក់ ឬ​ប្រឆាំង​នឹង​​ប្រទេស​ណា​មួយ​​នៅ​ក្នុង​តំបន់​នោះ​ដែរ​ ហើយ​មនុស្ស​គ្រប់​គ្នា​គួរ​តែ​បន្ត​​ពី​ការ​យោគយល់​នេះ​»។

លោក​​បន្ថែម​ថា៖ «​ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការ​រវាង​​រុស្ស៊ី និង​ចិន​ក្នុង​​វិស័យ​ដ៏​សំខាន់ និង​មាន​ការ​ទទួលខុសត្រូវ​បែប​​នេះ គឺជា​កត្តា​ដ៏​សំខាន់​មួយ​​​រួមចំណែក​ដល់​ការ​ព្យាករណ៍ និង​សន្តិសុខ​ក្នុង​​តំបន់ប៉ុណ្ណោះ​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម