Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ធ្វើ​​តេស្ត​មីស៊ីល​​កម្លាំង​​នុយក្លេអ៊ែរ​​ដែល​​លោក​ ​ពូទីន​ ហៅ​​ថា «ល្អ​​បំផុត​​ក្នុង​​លោក»

បានផុស

នៅ

កាល​ពី​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា ប្រទេស​រុស្ស៊ី​ បាន​និយាយ​ថា ខ្លួន​បាន​បាញ់​សាក​ល្បង​មីស៊ីល​​ឆ្លង​ទ្វីប Sarmat លើក​ដំបូង​ ដែល​ជា​ការបន្ថែម​សមត្ថភាព​ថ្មី​លើ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​និយាយ​ថា នឹង​ធ្វើ​ឲ្យ​សត្រូវ​របស់​ទី​ក្រុង​មូស្គូឈប់ និង​គិត។

លោកប្រធានាធិបតី​ ពូទីន បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន័​ដែល​កំពុងត្រូវ​បាន​​ប្រាប់​ដោយ​យោធា​ថា មីស៊ីល​ត្រូវ​បាន​បាញ់​សាក​ល្បង​​ពីតំបន់​ Plesetsk ភាគ​ពាយ័ព្យ​ប្រទេស និង​មាន​គោល​ដៅលើ​ឧបទ្វីប Kamchatka ភាគ​ខាង​កើត​ដ៏​ឆ្ងាយ។

ទិដ្ឋភាព​បាញ់​មីស៊ីល​របស់​រុស្ស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីល Sarmat ត្រូវ​បាន​ធ្វើ​ការ​អភិវឌ្ឍ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ការ​បាញ់សាក​ល្បង​នេះមិន​មែន​ជា​រឿង​ចម្លែក​សម្រាប់​ប្រទេស​លោក​ខាង​លិច​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​សាក​ល្បង​ឡើង​ចំពេល​ដែល​សង្គ្រាម​កំពុង​ផ្ទុះ​នៅ​ប្រទេស​អ៊ុយក្រែន។

«មីស៊ីល​ពេញ​លក្ខណៈ​ថ្មី​នេះ​មាន​​​បច្ចេកទេស និង​យុទ្ធសាស្ត្រ​ខ្ពស់​បំផុត ហើយ​​​មាន​​សមត្ថភាព​ជម្នះ​នឹង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីលទំនើប​គ្រប់​ប្រភេទ​ទាំង​អស់។ វាគ្មាន​គូ​ប្រៀប​ក្នុង​លោក ហើយ​នឹង​មិន​មាន​ពេល​យូរ​​ទៀត​ទេ»។ លោក ពូទីន មាន​ប្រសាសន៍។

លោក​បន្ត​ថា ៖«អាវុធ​ល្អ​​ឯកពិត​ប្រាកដ​​នេះនឹង​ពង្រឹងសក្តានុពល​ប្រយុទ្ធ​សម្រាប់​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង។ ធានា​បាន​នូវសុវត្ថិភាព​របស់​រុស្ស៊ី​ពី​ការ​គំរាម​កំហែង​ខាង​ក្រៅ និង​ផ្តល់​ជាចំណីសម្រាប់​​ការគិត​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ភាព​ក្តៅ​ក្រហាយ​នៃសង្គ្រាម​វោហាសាស្ត្រ​ដែល​ព្យាយាម​គំរាម​កំហែង​ប្រទេស​របស់​យើង»។

កម្លាំង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នឹង​ចាប់​ផ្តើម​​បញ្ជូន​​មីស៊ីល​ថ្មី​នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ក្នុង​ឆ្នាំ​នេះ នៅ​ពេល​ដែលសាក​ល្បង​ចប់​សព្វ​គ្រប់។ នេះ​បើ​យោង​តាម​លោក Dmitry Rogozin ប្រធាន​ទី​ភ្នាក់​ងារ​អាវកាស Roscosmos ត្រូវ​បាន​ស្រង់​សំដី​ពេល​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ។

លោក Douglas Barrie សហការី​ជាន់​ខ្ពស់​​ផ្នែក​​យោធា​អាវកាស​នៅ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​​យុទ្ធសាស្ត្រ បាន​និយាយ​ថា ការ​បាញ់​សាក​ល្បងនេះ​គឺ​ពិត​ជា​ពិសេស​​អស្ចារ្យ​បំផុត បន្ទាប់​ពីត្រូវ​បាន​ពន្យារ​ពេល​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​បញ្ហា​មូលនិធិ និង​ការ​ឌីហ្សាញ។

លោក​បន្ថែម​ថា ការ​បាញ់​សាក​ល្បង​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​មុន​ពេល​រុស្ស៊ី​អាច​ដាក់​ពង្រាយ​វា​ជំនួស​មីស៊ីលចាស់ SS-18 និង SS-19 ដែល​ហួស​កាល​បរិច្ឆេទ។ លោក​បញ្ជាក់​ថា ​សមត្ថភាព​របស់​មីស៊ីល Sarmat អាច​ផ្ទុក​ក្បាល​គ្រាប់​១០ ឬ​ច្រើន​ជាង​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម