Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិសាហាវព្រៃផ្សៃរបស់មេក្រុម Mafia ដែលអ៊ីតាលី ទើបចាប់បាន

បានផុស

នៅ

នៅកោះ Sicily អ្នកណាក៏ព្រឺរឆ្អឹងខ្នងដែរ ពេលឮឈ្មោះ Matteo Messina Denaro។ បុរសម្នាក់នេះ បានធ្វើឲ្យប្រជាជននៅទីនោះ រស់នៅដោយភាពភ័យខ្លាចអស់រយៈពេលរាប់ទសវត្សរ៍។

អស់រយៈពេល៣០ឆ្នាំមកនេះ មេក្រុមឧក្រិដ្ឋកម្មរូបនេះ បានបន្តកាន់អំណាច និងជួយសម្របសម្រួលអំពើភេរវកម្មដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ថ្វីបើគាត់មិនដែលបង្ហាញមុខជាសាធារណៈ បន្ទាប់ពីបានរត់គេចខ្លួនកាលពីដើមទសវត្សរ៍ទី៩០ក៏ដោយ។

មេក្រុម Mafia រូបនេះត្រូវបង្ខំចិត្តលាក់ខ្លួន បន្ទាប់ពីគាត់បញ្ជាឲ្យបើកការវាយប្រហារដ៏សាហាវឃោរឃៅជាបន្តបន្ទាប់ រួមទាំងការសម្លាប់រដ្ឋអាជ្ញា Giovanni Falcone និង Paolo Borsellino ក៏ដូចជាការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ទីក្រុង Florence, Milan និង Rome ដែល​​បណ្តាល​ឲ្យ​មនុស្ស ១០ នាក់​ស្លាប់ និង ៩៣ នាក់​រង​របួស​ក្នុង​ឆ្នាំ ១៩៩៣ផងដែរ។

សូម្បីកុមារក៏បុរសម្នាក់នេះមិនលើកលែងដែរ។ ក្នុងឆ្នាំដដែលនោះ Messina Denaro បានជួយរៀបចំការចាប់ពង្រត់ក្មេងប្រុសអាយុ១២ឆ្នាំឈ្មោះ Giuseppe Di Matteo ដើម្បីព្យាយាមរារាំងឪពុករបស់កុមារនោះ មិនឲ្យផ្តល់ព័ស្តុតាងប្រឆាំងនឹងក្រុម​ Mafia។

ក្មេងប្រុសនេះត្រូវបានឃុំឃាំងអស់រយៈពេល២ឆ្នាំ មុនពេលគាត់ត្រូវបានគេច្របាច់.កសម្លាប់យ៉ាងព្រៃផ្សៃ ហើយសាកសពរបស់គាត់ ត្រូវបានដាក់ចូលរំលាយនៅក្នុងធុងទឹកអាស៊ីដ។

ឥឡូវ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល៣ទសវត្សរ៍ ទីបំផុតជនដែលគេតាមចាប់ខ្លួនខ្លាំងបំផុតរបស់ប្រទេសអ៊ីតាលី ត្រូវបានប៉ូលិសចាប់ខ្លួននៅគ្លីនិកឯកជនមួយកន្លែងក្នុងទីក្រុង Palermo។

មានរហស្សនាមថា “Diabolik” និង “U Siccu”, លោក Messina Denaro ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារពេញមួយជីវិតសម្រាប់តួនាទីរបស់គាត់ក្នុងការសម្លាប់ឆ្នាំ១៩៩២ លើរដ្ឋអាជ្ញាប្រឆាំងក្រុម Mafia ឈ្មោះ Falcone និង Borsellino។

Messina Denaro កើតនៅថ្ងៃទី២៦ខែមេសាឆ្នាំ១៩៦២ នៅទីក្រុងតូច Castelvetrano ក្បែរតំបន់ Trapani ភាគខាងលិចកោះ Sicily ហើយធំធាត់ឡើងនៅក្នុងសម្បុកក្រុមឧក្រិដ្ឋកម្ម។

គាត់គឺជាកូនប្រុសរបស់មេ Mafia ដ៏មានឥទ្ធិពលឈ្មោះ Francesco Messina Denaro ហើយគាត់បានឡើងតំណែងយ៉ាងឆាប់រហ័ស។ នៅទីបំផុត គាត់បានដើរតាមគន្លងរបស់ឪពុក ក្លាយជាចៅហ្វាយនាយក្រុម Cosa Nostra។

គាត់ត្រូវបានគេនិយាយថា ចេះប្រើកាំភ្លើងលើកដំបូងនៅអាយុ១៤ឆ្នាំ និងចេះសម្លាប់មនុស្សនៅអាយុ១៨ឆ្នាំ ហើយត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាថា គាត់ទទួលខុសត្រូវតែម្នាក់ឯង ឬរួមគ្នាចំពោះឃាតកម្មជាច្រើនករណីផ្សេងទៀតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

Messina Denaro រស់នៅក្នុងជីវិតបែប Playboy។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថាមាន​រថយន្ត​ថ្លៃ​ៗ និង​​និយម​ការ​ស្លៀក​ពាក់​ឈុត​ដែល​រចនា​យ៉ាង​ល្អឥតខ្ចោះ ព្រមទាំងពាក់​នាឡិកាម៉ាក Rolex។ ក្នុងនាមជាតារាកំពុងរះក្នុងក្រុម Mafia នៅទសវត្សរ៍ឆ្នាំ១៩៨០ គាត់បានស្លៀកពាក់ម៉ាកយីហោល្បីដូចជា Versace និង Armani។

គាត់ត្រូវប្រឈមមុខនឹងច្បាប់លើកដំបូងក្នុងឆ្នាំ១៩៨៩ នៅពេលគាត់ចូលរួមក្នុងការតស៊ូបង្ហូរឈាមរវាងក្រុមជើងកាងជាគូប្រជែងនឹងគ្នា។ គាត់ត្រូវបានគេចោទប្រកាន់នៅឆ្នាំនោះពីបទសម្លាប់ Nicola Consales ដែលជាម្ចាស់សណ្ឋាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ១៩៩២ គាត់ស្ថិតក្នុងចំណោមមនុស្សមួយក្រុម ដែលត្រូវបានបញ្ជូនទៅទីក្រុង Rome ​ដើម្បីសម្លាប់ចៅក្រមប្រឆាំង Mafia លោក Giovanni Falcone។ ក្រោយមក Falcone ត្រូវបានសម្លាប់ក្នុងការបំផ្ទុះរថយន្តជិតទីក្រុង Palermo នៅថ្ងៃទី២៣ខែឧសភាឆ្នាំ១៩៩២។

ក្នុងឆ្នាំ១៩៩៣ គាត់បានធ្វើឃាតមេក្រុមគូប្រជែង Vincenzo Milazzo។ ក្រោយមក គោលដៅរបស់គាត់បានងាកទៅរកមិត្តស្រីមានផ្ទៃពោះរបស់លោក Milazzo ដែលគាត់បានច្របាច់ករហូតដល់ស្លាប់។ សាកសព​អ្នកទាំង​ពីរ ​ត្រូវ​បាន​គេកប់​នៅ​ជនបទ។

បន្ទាប់ពីការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក ​ដែល​បាន​កំណត់​គោល​ដៅ​លើ​វិមាន​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​របស់​អ៊ីតាលី បាន​បង្ខំឲ្យ Messina Denaro ​លាក់​ខ្លួន។ គាត់ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតសម្រាប់តួនាទីរបស់គាត់។

ក្នុងឆ្នាំ ១៩៩៤ និង ១៩៩៦ សេចក្តីថ្លែងការណ៍ពីក្រុមជើងកាងមួយចំនួន ដែលស្ម័គ្រចិត្តធ្វើជាសាក្សីរបស់រដ្ឋ បានបង្ហាញតម្រុយខ្លះៗអំពីតួនាទីរបស់គាត់នៅក្នុងក្រុម Cosa Nostra។ នៅឆ្នាំ២០០០ បន្ទាប់ពីនីតិវិធីប្រឆាំងក្រុម Mafia នៅកោះ Sicily គាត់ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ទោះជាយ៉ាងណាក៏ដោយ ការកាត់ទោស មិនអាចធ្វើអ្វីគាត់បានទេ។ គាត់នៅតែអាចរត់គេចខ្លួនបានរយៈពេលរាប់ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីតាលី ចាប់បានមេក្រុមបងធំ ដ៏មានឥទ្ធិពលបំផុត ក្រោយរត់គេចខ្លួន ៣០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម