Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើឲ្យតៃវ៉ាន់ ផ្អើលឆោឡោ មុនការបោះឆ្នោត

បានផុស

នៅ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះតៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនិងសភាដ៏សំខាន់ ប៉ុន្តែកាលពីថ្ងៃអង្គារទី៩ខែមករា ប្រជាជនលើកោះនេះ នាំគ្នាឆោឡោដោយសារតែផ្កាយរណបរបស់ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រ៉ុកកែតចិន (រូបថត៖ AFP)

ចិនបានបាញ់ផ្កាយរណបមួយគ្រឿង ហោះលើភាគខាងត្បូងកោះតៃវ៉ាន់ ជាហេតុនាំឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ បន្លឺស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារអាកាស និងផ្ញើសារព្រមានទៅទូរស័ព្ទដៃអ្នករាល់គ្នា ឲ្យប្រុងប្រយ័ត្ន រត់រកកន្លែងសុវត្ថិភាព ប៉ុន្តែក្រោយមក រដ្ឋាភិបាលក៏សុំទោសវិញ ដោយច្រឡំផ្កាយរណបនោះថាជាមីស៊ីល។

ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ផ្កាយរណប Einstein Probe បានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត ស៊ីឈួន ប្រទេសចិននៅម៉ោង ១៥:០៣ (ម៉ោងក្នុងស្រុក) ខណៈទូរទស្សន៍ CCTV ប្រកាសថា ខ្លួនទទួលជោគជ័យចំពោះការបាញ់នេះ។

សារព្រមានផ្ញើទៅទូរស័ព្ទដៃ (រូបថត៖ AFP)

ភ្លាមៗ រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់លោក Joseph Wu ស្តីបន្ទោសការបាញ់បង្ហោះផ្កាយរណបលើដែនអាកាសតៃវ៉ាន់កៀកថ្ងៃបោះឆ្នោតបែបនេះ ថាជាសកម្មភាពគ្រោះថ្នាក់បំផុត។ 

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យប្រធានាធិបតីទីក្រុងតៃប៉ិ មិនបានចាត់ទុកទង្វើនេះ ថាជាការប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតនោះទេ។

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ទទួលសារព្រមានតាមទូរស័ព្ទ (រូបថត៖ EPA)

ឆ្លើយតបទៅនឹងសំណួរថាតើខ្លួនចាត់ទុកនេះគឺជាសកម្មភាពជ្រៀតជ្រែក ក្នុងការបោះឆ្នោតមែនឬទេ? ការិយាល័យប្រធានាធិបតីនិយាយថា ខ្លួនមិនគិតថា មានហេតុផលនយោបាយឡើយ។ ការិយាល័យបានចេញសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីក្រុមសន្តិសុខជាតិ វិភាគព័ត៌មានពាក់ព័ន្ធ និងយកទៅពិចារណាលើការវាយតម្លៃជាមួយសម្ព័ន្ធមិត្តអន្តរជាតិផ្សេងៗ យើងរកឃើញថា នេះមិនមែនជាការប៉ុនប៉ងនយោបាយអ្វីឡើយ”។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលរ៉ុកកែតចិន ហោះលើដែនអាកាសតៃវ៉ាន់ ពោលគឺកាលពីខែធ្នូ ផ្កាយរណបបាញ់ចេញពី Xichang ក៏ហោះបែបនេះដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, BBC

ចុចអាន៖ ហេតុអ្វី ពិភពលោក តាមដានការបោះឆ្នោតនៅ តៃវ៉ាន់ ខ្លាំងម្ល៉េះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម