Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការកំពូល អាមេរិក ពិចារណាដកលោក Trump មិនឲ្យឈរឈ្មោះជាប្រធានាធិបតី

បានផុស

នៅ

តុលាការកំពូលរបស់សហរដ្ឋអាមេរិកនឹងពិចារណាថាតើលោក Donald Trump គួរតែត្រូវបានរារាំងមិនឲ្យឈរឈ្មោះជាប្រធានាធិបតីដែរឬក៏យ៉ាងណា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការនឹងថ្លឹងថ្លែងថាតើរដ្ឋ Colorado អាចដកលោក Trump ចេញពីសន្លឹកឆ្នោតរបស់ខ្លួនឬក៏យ៉ាងណា បន្ទាប់ពីរកឃើញថា លោកបានចូលរួមក្នុងការបះបោរជុំវិញកុប្បកម្មនៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ខណៈសេចក្ដីសម្រេចរបស់តុលាការក៏នឹងកំណត់ផងដែរថាតើលោក Trump នឹងត្រូបានដកចេញពីសន្លឹកឆ្នោតនៅក្នុងរដ្ឋផ្សេងទៀតដែរឬទេ ។

រហូតមកដល់ពេលនេះ ឈ្មោះរបស់លោក Trump នៅតែមាននៅលើសន្លឹកឆ្នោតរដ្ឋ Colorado ខណៈរដ្ឋ Maine បានដក​លោក Trump ចេញ​ពី​សន្លឹក​ឆ្នោត​របស់​ខ្លួនផងដែរ ដោយតុលាការ​កំពុងពិចារណា​លើ​បញ្ហា​នេះ ។ ចំណែកតុលាការនៅក្នុងរដ្ឋ Minnesota និង Michigan ក៏បានច្រានចោលកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាលោក Trump ក្នុងសន្លឹកឆ្នោតរបស់ពួកគេ ។

បញ្ហាប្រឈមផ្នែកច្បាប់ របស់លោក Trump គឺស្ថិតនៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញសម័យសង្រ្គាមស៊ីវិល ដែលហាមប្រាមអ្នកដែលកាន់ដំណែង ចូលរួមក្នុងចលនាការបះបោរ ខណៈដែលកាលពីមុនការហាមឃាត់នេះមិនដែលត្រូវបានប្រើប្រាស់ដើម្បីដកសិទ្ធិបេក្ខជនសម្រាប់ប្រធានាធិបតីឡើយ ។

សេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងករណីនេះត្រូវបានគេរំពឹងថានឹងបង្ហាញពីរបៀបដែលចៅក្រមភាគច្រើនបកស្រាយអំពីការផ្តល់វិសោធនកម្មលើកទី ១៤ ដែលរួមបញ្ជូលការចោទប្រកាន់ពីការបះបោរ ។ បើទោះបីជា​សេចក្ដីសម្រេច​ដោយ​ចៅក្រម​ទាំង​ ៩ រូបដែល ៣ រូប​ត្រូវ​បាន​តែងតាំង​ដោយ​លោក Trump ក៏ដោយ ក៏វានៅតែ​បង្ហាញ​ពី​ការ​បែកបាក់​គ្នា​ដែរ ។

ផ្ទុយទៅវិញ មេធាវីរបស់លោក Trump បានប្រកែកថា សេចក្តីសម្រេចរបស់រដ្ឋ Colorado បាន “ផ្តាច់សិទ្ធិអ្នកបោះឆ្នោតរាប់លាននាក់នៅក្នុងរដ្ឋ Colorado ដោយអធម្មនុញ្ញ” ហើយអាចត្រូវបានគេប្រើប្រាស់ដើម្បីបន្តផ្តាច់សិទ្ធិរាប់លាននាក់បន្ថែមទៀតនៅទូទាំងប្រទេស ។

មេធាវីរបស់អតីតប្រធានាធិបតីរូបនេះក៏បានផ្តល់ហេតុផលជាច្រើនដល់តុលាការផងដែរថា លោក Trump មិនគួរត្រូវបានដកចេញពីសន្លឹកឆ្នោត និងបានបដិសេធពីការប្រព្រឹត្តរបស់លោក Trump អំឡុងពេលមានកុប្បកម្មនៅវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ថាមិនមែនេជាការបះបោរនោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម