Connect with us

ព័ត៌មានអន្ដរជាតិ

៦ ខែនៃភ្លើងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅតែមិនទាន់មានទឹកត្រជាក់មក​ពន្លត់

បានផុស

នៅ

គិតរហូតមកដល់ពេលនេះ ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាបានចាយពេល ៦ ខែហើយ ចាប់តាំងពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដ៏មិននឹកស្មានដល់មួយចូលមកក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ខណៈភ្នក់ភ្លើងសង្គ្រាមមួយនេះក៏មិនទាន់មានទឹកត្រជាក់ណាមួយយកមកពន្លត់នោះដែរ ពោលមានតែចាប់ទាញដៃឲ្យជនស៊ីវិលប៉ាឡេស្ទីនស្លាប់ច្រើនឡើងៗ និងផ្ទុះការតវ៉ាជាហូរហែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ានៅក្នុងទីក្រុង Tel Aviv នៅក្នុងខួប ៦ ខែពោលកាលពីថ្ងៃទី៧ ខែមេសា ក្នុងមុខព្រួញចង់ឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចុះចេញពីតំណែង ដោយសារនៅតែគ្មានដំណោះស្រាយបញ្ចប់សង្គ្រាម ជាពិសេសគឺការបរាជ័យក្នុងការដោះលែងឈ្លើយសឹកជាង ១៣០ នាក់ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ។

បុរស​ម្នាក់​ដែល​ឪពុក​ម្តាយរបស់ខ្លួន​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​ក្រុមហាម៉ាសជឿជាក់​ថា អ៊ីស្រាអែល​គួរ​តែ​សម្រេច​បាន​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីនជា​ជាង​បន្ត​អូសបន្លាយជម្លោះ ហើយការសងសឹក ក៏ដូចជាការបង្ហូរឈាមគ្នាមិនមែនជាចម្លើយសន្តិភាពនោះទេ ម្យ៉ាងទៀតដោយសារតែ​ជំហរ​រឹងទទឹងនេះហើយទើបអ៊ីស្រាអែលមិនអាចសម្រេចការណ៍ធំបាន ។

ការបាញ់បោះដាក់​គ្នា​បាន​ផ្ទុះមានឡើងកាលពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០២៣ គ្រា​ដែល​ក្រុម​ហាម៉ាស​បានបើកប្រតិបត្តិការវាយឆ្មក់ដោយមិនបានលួចប្រាប់ឲ្យដឹងមុនចូលមកដល់ក្នុងផ្ទះនៃប្រទេសអ៊ីស្រាអែល ខណៈរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលបាត់បង់រូបកាយលើសពី ៣៣,០០០ នាក់ទៅហើយ ស្របពេលដែលស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបក៏កាន់តែយ៉ាប់យ៉ឺន ឯកិច្ចចរចាបទឈប់បាញ់រវាងភាគីទាំងពីរក៏ស្ទើរតែហៅលែងឮទៅទៀត ។

សហរដ្ឋអាមេរិកកាលពីដើមខែមីនាបានបើកប្រតិបត្តិការទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសទៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការផ្ដល់ជំនួយមនុស្សធម៌តាមផ្លូវគោកត្រូវបានរាំងខ្ទប់ដោយកងកម្លាំងអ៊ីស្រាអែល មិនត្រឹមតែប៉ុណ្ណោះ កម្លាំងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថែមទាំងបើកការបាញ់បោះទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងរង់ចាំបើកជំនួយទាំងនោះទៅទៀត ដោយនាំឲ្យ UN ក្ដៅស្លឹកត្រចៀក និងរិះគន់យ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល ។

ទោះយ៉ាងណា ក្រុមអ្នកវិភាគនយោបាយរបស់អ៊ីស្រាអែលមើលឃើញថា ស្ថានភាពជម្លោះមួយនេះអាចនឹងមានការប្រែប្រួល បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាបងធំនៅពីក្រោយអ៊ីស្រាអែលបានបញ្ជាក់ច្បាស់ៗអំពីការផ្លាស់ប្តូរជំហររបស់ខ្លួន ក្រោយពេលដែលអ៊ីស្រាអែលបិទត្រចៀកលែងស្ដាប់ការព្រមានជាហូរហែពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។

លោកប្រធានាធិបតី​អាមេរិក Joe Biden បានព្រមានលោក Netanyahu ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បន្ទាប់​ពី​ការ​ស្លាប់បាត់បង់ជីវិត​របស់​បុគ្គលិក​ជំនួយមនុស្សធម៌​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​តំបន់ហ្គាហ្សាថា គោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងអាស្រ័យលើការអនុវត្តជំហានថ្មីនៃការការពារជនស៊ីវិល និងបុគ្គលិកជំនួយមនុស្សធម៌របស់អ៊ីស្រាអែល ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានអំពាវនាវឲ្យមានកិច្ចការស៊ើបអង្កេតដោយឯករាជ្យលើការស្លាប់បាត់បង់ជីវិតរបស់បុគ្គលិកជំនួយមនុស្សធម៌របស់អង្គការអាហារសប្បុរសធម៌ World Central Kitchen ប្រមាណ ១៩៦ នាក់ដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលភ្លើងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយលោកថែមទាំងឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ឆ្លើយប្រាប់មកថា “ហេតុអ្វីបានជាបុគ្គលិកទាំងនោះត្រូវសម្លាប់ជាប្រព័ន្ធយ៉ាងដូច្នេះ?” ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៣,២០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយប្រមាណ ៧៥,៩០០ នាក់ផ្សេងទៀតរងរបួស ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម