ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំងថៃ២នាក់ ត្រូវបានសម្លាប់ដោយក្រុមហាម៉ាស នៅហ្គាហ្សា
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានប្រកាសនៅថ្ងៃទី១៧ ខែឧសភា នេះថា លោកពិតជាមានអារម្មណ៍សោកស្ដាយណាស់ ចំពោះការបាត់បង់ជនជាតិថៃ២រូប ដែលត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ក្រោយពេលក្រុមហាម៉ាសចាប់យកទៅធ្វើជាចំណាប់ខ្មាំង។
លោក សេដ្ឋា បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ជនជាតិថៃ២រូប ដែលបាត់បង់ជីវិត មានឈ្មោះថា Sonthaya Oakkharasri និង Sudthisak Rinthalak។ ការប្រកាសរបស់មេដឹកនាំថៃរូបនេះ ធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងពីយោធាអ៊ីស្រាអែលអំពីមរណភាពចំណាប់ខ្មាំង ដែលក្រុមហាម៉ាសបានចាប់យកទៅឃាត់ខ្លួននៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែល ថា ជនជាតិថៃទាំង២ គឺជាអ្នកធ្វើការនៅក្នុងចំការកសិកម្មមួយកន្លែង ក្បែរតំបន់ Beeri Kibbutz ដែលជាកន្លែងមួយក្នុងចំណោមទីតាំងរងការវាយប្រហារខ្លាំងពីក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
អ្នកនាំពាក្យទាហានអ៊ីស្រាអែល លោក Daniel Hagari បានបញ្ជាក់ថា សពជនជាតិថៃទាំង២រូប កំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហាម៉ាសនៅឡើយ។
បើយោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា បច្ចុប្បន្ន នៅមានជនជាតិថៃចំនួន ៦នាក់ផ្សេងទៀត កំពុងជាប់ខ្លួនជាចំណាប់ខ្មាំងរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
នៅក្នុងការបង្ហោះរបស់នាយករដ្ឋមន្ត្រីថៃ ក៏បានសរសេរដែរថា “រដ្ឋាភិបាលថៃនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់”។
សូមបញ្ជាក់ថា មានជនជាតិថៃប្រមាណ ៣ម៉ឺននាក់បានទៅធ្វើការនៅអ៊ីស្រាអែល ហើយភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម ដែលអាចទទួលបានប្រាក់កម្រៃច្រើនជាងការងារនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ការវាយប្រហារថ្ងៃ៧តុលារបស់ហាម៉ាស បានបណ្ដាលឲ្យមនុស្សស្លាប់មិនតិចជាង ១ ១៧០នាក់នោះឡើយ ហើយភាគច្រើនគឺជាជនស៊ីវិល។ បន្ថែមពីនេះ ក្រុមហាម៉ាស បានចាប់ខ្លួនចំណាប់ខ្មាំងចំនួនប្រហែល ២៥០នាក់ ក្នុងនោះមានជនជាតិថៃប្រមាណ ៣០នាក់។ ចំណាប់ខ្មាំងថៃចំនួន ១៧នាក់ ត្រូវបានដោះលែង និងបញ្ជូនមកកាន់ប្រទេសវិញ កាលពីខែវិច្ឆិកា និង៦នាក់ទៀត ត្រូវដោះលែងនៅខែធ្នូ។
យោធាអ៊ីស្រាអែល បានប៉ាន់ស្មានថា ឥលូវនៅសេសសល់ចំណាប់ខ្មាំងត្រឹមតែ ១២៨នាក់ប៉ុណ្ណោះនៅហ្គាហ្សា ក្នុងនោះមាន ៣៨នាក់ បានបាត់បង់ជីវិតបាត់ទៅហើយ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


