ព័ត៌មានអន្ដរជាតិ
អាមេរិក បារម្ភខ្លាំង រឿងថៃ ចង់រំលាយគណបក្សចលនាឆ្ពោះទៅមុខ
តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃអាទិត្យទី៤ខែសីហា ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Ben Cardin បានសម្តែងក្តីបារម្ភជាពន់ពេកចំពោះការរំលាយគណបក្ស ចលនាឆ្ពោះទៅមុខ ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសថៃ ក្រោមរបបរាជានិយម។

លោក Cardin ក៏អំពាវនាវដល់រដ្ឋាភិបាលរបស់លោក សេដ្ឋា ថាវីស៊ីន ឲ្យរក្សាតម្លៃរួមរបស់ប្រទេសទាំងពីរ ជាមួយការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ផងដែរ។
លោក Cardin បានសរសេរក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa ថា «ក្នុងការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកចេញទៅបោះឆ្នោតក្នុងចំនួនយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក ពោលគឺមានពលរដ្ឋថៃជាង៣៩លាននាក់ បាននាំគ្នាទៅបោះឆ្នោត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសរបស់អ្នក។ បក្សចលនាឆ្ពោះទៅមុខ ទទួលបានជ័យជម្នះយ៉ាងសំខាន់ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងសំឡេងរបស់ប្រជាជនថៃជាង១៤លាននាក់។ ត្បិតអាណត្តិបង្ហាញច្បាស់បែបនេះក៏ដោយ ក៏គណបក្សចលនាឆ្ពោះទៅមុខ នៅតែមិនអាចបង្កើតរដ្ឋាភិបាលបាន ហើយគណៈកម្មការរៀបចំការបោះឆ្នោត ថែមទាំងដាក់ញត្តិរំលាយគណបក្សនេះចោលទៅទៀត»។

លោកបន្តថា «ប្រសិនបើបក្សចលនាឆ្ពោះមុខត្រូវបានរំលាយពិតមែន ការសម្រេចចិត្តនេះនឹងជាការប្រឆាំងចំពោះអ្នកបោះឆ្នោតរាប់លាននាក់ ដែលចង់បានការផ្លាស់ប្តូរ និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ សកម្មភាពបែបននេះ ជាការគំរាមកំហែងបំផ្លាញដល់ការប្តេជ្ញាចិត្តរបស់ប្រទេសថៃចំពោះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលជាតម្លៃរួមនៃដៃគូទ្វេភាគីរបស់យើងអស់រយៈពេលជាង១៩០ឆ្នាំមកហើយ»។
ស្របពេលជាមួយគ្នានោះ លោកបានជំរុញឲ្យរដ្ឋាភិបាលថៃ គោរពឆន្ទៈប្រជាជន និងប្រកាន់ខ្ជាប់នូវតម្លៃលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពអាមេរិក-ថៃដ៏ស្ថិតស្ថិរ។
សូមបញ្ជាក់ថា តុលាការធម្មនុញ្ញគ្រោងសម្រេច លើជោគវាសនានយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ នៅថ្ងៃទី៧ខែសីហា។ ប្រសិនបើរកឃើញថាមានកំហុសមែន គណបក្សនេះប្រឈមនឹងការរំលាយចោល ហើយថ្នាក់ដឹកនាំបក្សនេះនឹងត្រូវហាមឃាត់ពីការធ្វើនយោបាយរហូតដល់ទៅ១០ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ទាមទារឲ្យតុលាការធម្មនុញ្ញរំលាយ បក្សចលនាឆ្ពោះទៅមុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


