Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ព្រមាន​ថា បើ​ហ៊ាន​វាយ​អ៊ីស្រាអែល ​​អ៊ីរ៉ង់​នឹង​ជួប​ហានិភ័យ​ខ្ពស់

បានផុស

នៅ

សហរដ្ឋ​អាមេរិក បានព្រមាន​ថា អ៊ីរ៉ង់នឹង​ជួប​ប្រទះ​នូវ​ហានិភ័យធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច​និងរដ្ឋាភិបាល​របស់​ខ្លួន​ ហើយទំនងជានឹងធ្វើ​ឲ្យ​ជម្លោះដ៏រ៉ាំរ៉ៃ​​រវាងអ៊ីស្រាអែល​និងក្រុមហាម៉ាស​កាន់តែ​រីក​ធំ​ឡើង​ ប្រសិន​បើ​អ៊ីរ៉ង់​​ហ៊ាន​វាយប្រហារ​សងសឹក​​ឲ្យ​មេដឹកនាំជាន់ខ្ពស់​​​ក្រុម​ហាម៉ាស​គឺ ​លោក Ismail Haniyeh ដែល​ត្រូវ​បាន​សម្លាប់​​នៅទីក្រុងតេហេរ៉ង់​កាល​ពី​សប្ដាហ៍​មុន។

ស្ត្រី​អ៊ីរ៉ង់​ម្នាក់​កាន់​រូប​ថត​លោក Ismail Haniyeh នៅ​ក្នុង​ពិធី​បុណ្យ​សព (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​កាសែត The Wall Street Journal សហរដ្ឋអាមេរិកបានទាក់ទងទៅប្រទេសអ៊ីរ៉ង់ថា ហានិភ័យនៃការកើន​​ឡើង​ជម្លោះ​គឺ «ខ្ពស់ខ្លាំងណាស់» បើ​អ៊ីរ៉ង់​អនុវត្តការវាយប្រហារសងសឹក​ពិត​មែន។ មន្ត្រី​អាមេរិក​សុំ​​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប បាននិយាយថា៖ «វា​មានហានិភ័យធ្ងន់​ធ្ងរ​នៃ​ផលវិបាកសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ និងស្ថិរភាពនៃរដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មីរបស់ខ្លួន ប្រសិនបើ​ខ្លួន​​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ»។

មេដឹកនាំក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាត​អំឡុង​ពេល​​ស្នាក់​នៅ​ទីក្រុង​តេហេរ៉ង់ កាលពីចុងខែ​កក្កដា ដើម្បី​​​ចូលរួម​​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់ លោក Masoud Pezeshkian។ អ៊ីស្រាអែលត្រូវបានស្តីបន្ទោសភ្លាមៗចំពោះការធ្វើឃាតនេះ ព្រោះ​អី​អ៊ីស្រាអែល​ធ្លាប់​បាន​​ប្រកាស​​ថានឹងសម្លាប់លោក Haniyeh និងមេដឹកនាំក្រុម​ហាម៉ាស​​​​​ផ្សេងទៀត ក្រោយ​ផ្ទុះ​​សង្គ្រាម​​​ពីថ្ងៃទី​៧​ខែតុលា ដែលបានសម្លាប់មនុស្ស ១២០០​នាក់ និង​មាន​មនុស្សរាប់រយនាក់ទៀតត្រូវបានចាប់​ជាចំណាប់ខ្មាំង។

អ៊ីរ៉ង់​បាន​បង្ហាញ​ពី​ចេតនា​របស់ខ្លួន​ក្នុង​ការ​វាយប្រហារ​តបត​ទៅ​លើ​អ៊ីស្រាអែល តែ​អ៊ីរ៉ង់​មិន​បាន​បញ្ជាក់​​ពី​វិសាលភាព និង​ពេល​វេលា​ជាក់លាក់​នៃ​ការ​វាយ​ប្រហារ​សងសឹក​នេះ​ទេ។ វា​ផ្ទុយ​ពី​​លើក​មុន ដែល​នៅ​កាល​ពី​ខែ​មេសា អ៊ីរ៉ង់​បាន​បើក​ការ​វាយ​ប្រ​ហារ​សងសឹក​​​​ភ្លាមៗ​ដោយ​ប្រើ​មីស៊ីល​និង​ដ្រូន​ទៅ​លើ​​​អ៊ីស្រាអែល​ បន្ទាប់​ពី​​មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​ខ្លួន​ម្នាក់​ត្រូវ​បាន​​អ៊ីស្រាអែល​សម្លាប់​​នៅ​ក្នុង​ប្រទេស​​ស៊ីរី។

ភាព​តាន​តឹង​ទាំង​នេះ បាន​កើត​ឡើង​​ចំ​ពេលដែលមេដឹកនាំកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកបានជំរុញឲ្យ​អ៊ីស្រាអែលបន្តកិច្ចចរចាជាមួយក្រុមហាម៉ាស​នៅថ្ងៃទី​១៥​ខែសីហា។ សេចក្តីថ្លែងការណ៍រួមមួយរបស់ប្រទេសទាំង​៣​កាលពីថ្ងៃព្រហស្បតិ៍​ បាន​រៀបរាប់​ថា៖ «វាដល់ពេលហើយដើម្បីសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនិងអ្នកទោស»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបញ្ជូនក្រុមចរចានៅថ្ងៃទី១៥ខែសីហា ដើម្បីបញ្ចប់​សេចក្ដី​លម្អិតនៃក្របខ័ណ្ឌបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ក្រុមអ្នកសម្រុះសម្រួល ថា កិច្ចចរចានឹងធ្វើឡើងនៅរដ្ឋធានី Doha របស់ប្រទេសកាតា ឬរដ្ឋធានី Cairo របស់ប្រទេសអេហ្ស៊ីប។ យ៉ាង​ណា ការសម្លាប់លោក Haniyeh កាលពីសប្តាហ៍មុន ត្រូវបានគេមើលឃើញថាអាច​ជា​ការប៉ះពាល់​ដល់កិច្ចចរចាបទឈប់បាញ់​មួយ​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៣ ម៉ោង មុន

បទអត្ថាធិប្បាយ៖ រដ្ឋរ៉ាប់រងជូនរាស្រ្តទៅមើលព្រំដែន គឺដូចទៅនឹងសុភាសិតខ្មែរថា«មាសសុទ្ធមិនខ្លាចភ្លើង!»

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ១៥គ្រួសារ ដាក់បាវស៊ីម៉ង់ត៍រំលោភចូលឆ្នេរសមុទ្ទនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស៨នាក់ស្លាប់ ក្នុងពេលប៉ុនប៉ងឆ្លងកាត់ផ្លូវទឹកអង់គ្លេស

ព័ត៌មានជាតិ៥ ម៉ោង មុន

ថ្ងៃទី១៧ ខែកញ្ញា ជាខួប១ឆ្នាំការចុះ រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម