Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ចោទ​ថា ណាតូ និង​លោក​ខាង​លិច​ជួយ​អ៊ុយក្រែន​វាយ​ចូល​ដី​រុស្ស៊ី

បានផុស

នៅ

លោក Nikolai Patrushev ជំនួយការដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីរុស្ស៊ី បានលើក​ឡើង​​នៅ​ថ្ងៃសុក្រ​នេះ​ថា លោកខាងលិច និងសម្ព័ន្ធ​មិត្ត​អង្គការ​ណាតូ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បានចូលរួមដោយផ្ទាល់នៅក្នុងការរៀបចំផែនការវាយប្រហារដ៏គួរឲ្យ​ភ្ញាក់ផ្អើលរបស់អ៊ុយក្រែនក្នុង​តំបន់ Kursk លើ​ទឹក​ដី​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា។

លោក Nikolai Patrushev (ក្រោយ) និង​លោក វ៉្លាឌឺមៀរ ពូទីន (មុខ)/ រូបភាព៖ Getty
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិច ដែលចង់ជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី បាននិយាយថា អ៊ុយក្រែនមិនបានផ្តល់ការជូនដំណឹងជាមុនទេ ហើយថាទីក្រុងវ៉ាស៊ីនតោន​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​លុក​នេះ​ដែរ ទោះបីជាអាវុធដែលផ្តល់ដោយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា​​​បាន​រក​ឃើញ​នៅលើដីរុស្ស៊ីក៏ដោយ។

លោក Patrushev បានច្រានចោលការអះអាងរបស់លោកខាងលិចនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia។ លោក​ថា៖ «ប្រតិបត្តិការនៅក្នុងតំបន់ Kursk ក៏ត្រូវបានគ្រោងទុក​មុន​ផងដែរ ដោយមានការចូលរួមពី​ណាតូ និងទីភ្នាក់ងារ​ពិសេសរបស់បស្ចិមប្រទេស។ បើ​គ្មាន​ការ​ចូល​រួម​និង​ការ​គាំទ្រ​ដោយ​ផ្ទាល់​ទេ ក្រុង​កៀវ​នឹង​មិន​ហ៊ាន​ចូល​ទឹកដី​រុស្ស៊ី​ឡើយ»។

ការ​ប្រកាស​របស់​លេខាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​វិមានក្រឹមឡាំង​រូប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​មេបញ្ជាការកំពូលរបស់អ៊ុយក្រែន បាន​ប្រកាស​ថា ទីក្រុង​កៀវ​​បានបង្កើតបន្ទាយ​​យោធាមួយនៅ​ក្នុង​តំបន់ Kursk របស់រុស្ស៊ី ហើយ​កងទ័ព​​អ៊ុយក្រែន​កំពុង​សម្រុក​ទៅ​មុខ​បន្ថែម​ទៀត បើ​ទោះ​ជា​ក្រុង​មូស្គូ​កំពុង​បង្កើន​ការ​​លុកលុយ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ក៏​ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម