Connect with us

ព័ត៌មានអន្ដរជាតិ

២ថ្ងៃទៀត ថៃ បញ្ចេញទឹករឹតច្រើនពីទំនប់ ចៅប្រាយ៉ា, អ្នកនៅខ្សែទឹកខាងក្រោម ត្រូវប្រយ័ត្ន

បានផុស

នៅ

ដោយសារតែស្ថានភាពទឹកជំនន់នៅភាគខាងជើងប្រទេសថៃ មិនទាន់ធូរស្រាលនោះ ពេលនេះអាជ្ញាធរមូលដ្ឋានប្រកាសថា ២ថ្ងៃទៀតទំនប់ ចៅប្រាយ៉ា នឹងបើកបញ្ចេញទឹកបន្ថែមទៀត ដូចនេះសូមប្រជាពលរដ្ឋនៅតំបន់ខាងក្រោមខ្សែទឹក ត្រូវត្រៀមខ្លួននិងប្រុងប្រយ័ត្ន។

(រូបថត៖ ការិយាល័យទំនាក់ទំនងសាធារណៈនៃប្រទេសថៃ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅបច្ចុប្បន្ន ទំនប់នេះបានបញ្ចេញទឹក ១ ៤០០ម៉ែត្រគីបក្នុងមួយវិនាទីរួចទៅហើយ ប៉ុន្តែដោយសារទឹកហូរខ្លាំងមកពីភាគខាងជើង ទើបទំនប់នឹងបញ្ចេញទឹកបន្ថែមពីលើនោះ១០០ម៉ែត្រគីបក្នុងមួយវិនាទីទៀត។

អាស្រ័យហេតុនេះ កម្ពស់ទឹកនៅតាមដងទន្លេនៅតំបន់ខាងក្រោម នឹងហក់ឡើងខ្ពស់ ហើយប្រជាពលរដ្ឋត្រូវតែរៀបចំខ្លួន និងតាមដានសេចក្តីជូនដំណឹងជាបន្តបន្ទាប់។

យ៉ាងណាក្តី លោក Thanet Soomboon ប្រធានការិយាល័យគ្រប់គ្រងទឹកនិងជលសាស្ត្រ បានប្រាប់ Bangkok Post កាលពីថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤ថា ជាធម្មតា ទឹកដែលចេញពីទំនប់នេះ នឹងហូរចាក់ចូលទៅតាមបណ្តាញប្រឡាយធារាសាស្ត្រ និងអាងស្តុកទឹកតាមដងទន្លេ ចៅប្រាយ៉ា ដើម្បីជួយកុំឲ្យកើតមានគ្រោះទឹកជំនន់នៅក្នុងខេត្តភាគកណ្តាល និងទីក្រុងបាងកក។

(រូបថត៖ Nation)

លើសពីនេះ លោកមានទំនុកចិត្តថា គ្រោះមហន្តរាយទឹកជំនន់ថៃឆ្នាំ២០១១ នឹងមិនកើតឡើងម្តងទៀតទេ ខណៈបរិមាណទឹកដែលទំនប់នេះបញ្ចេញ នៅតែមានកម្រិតទាបជាងកាលពី១៣ឆ្នាំមុន។

ស្របពេលជាមួយគ្នានោះ ការិយាល័យធនធានទឹកជាតិនិងនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានចេញសេចក្តីការព្រមានដាច់ដោយឡែកអំពីគ្រោះទឹកជំនន់ និងបំណាក់ដីដែលអាចកើតមាននៅគ្រប់តំបន់តែម្តងពេញមួយសប្តាហ៍នេះ ខណៈខេត្តដែលត្រូវប្រុងប្រយ័ត្នខ្ពស់ជាងគេរួមមាន Sukhothai, Phitsanulok, Nong Khai, Rayong, Phuket និង Surat Thani៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រឹមមួយសប្តាហ៍ ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់២២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម