ព័ត៌មានអន្ដរជាតិ
អ្នកជំនាញវៀតណាម៖តើជម្រើសវិនិយោគលើមាសនិងការរក្សាលុយ ណាមួយល្អជាងពេលនេះ?
ការឡើងកម្ដៅនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងកត្តាភូមិសាស្ត្រនយោបាយ បានចាប់ទាញតម្លៃមាសឲ្យឡើងស្រឺតៗនៅឆ្នាំនេះ។ ការឡើងថ្លៃនៃលោហធាតុដែលគេចាត់ទុកថាជាទ្រព្យដែលមានសុវត្ថិភាពបំផុតនោះ បណ្ដាលឲ្យវិនិយោគសប្បាយអរនឹងការទិញ-លក់ ប៉ុន្តែក៏មានមន្ទិលជាច្រើនអំពីពេលវេលា ក៏ដូចជាអនាគតមាសនៅក្នុងទីផ្សារអាចនឹងវិលត្រឡប់ដូចដើមវិញឬក៏យ៉ាងណា។
ដូច្នេះ តើគួរវិនិយោគលើមាសឬរក្សាទុកលុយនៅតាមធនាគារ ប្រសិនបើមាសធ្លាក់ថ្លៃវិញភ្លាមៗ?
លោក Tran Manh Hung អ្នកវិនិយោគមាសយូរមកហើយនៅទីក្រុងហាណូយ បាននិយាយថា មាសបន្ថែមពីលើតួនាទីជាឃ្លាំងស្តុកទុក ក៏ជាបណ្តាញវិនិយោគដែលរកប្រាក់ចំណេញផងដែរ។ ជាធម្មតានៅពេលដែលតម្លៃមាសមានការប្រែប្រួលខ្លាំង អ្នកវិនិយោគពិតជាចាប់អារម្មណ៍ក្នុងការចូលរួមក្នុងទីផ្សារមាស។ នៅពេលដែលតម្លៃមាសមិនសូវប្រែប្រួលខ្លាំង វាមិនមែនជាគន្លឹះដ៏ទាក់ទាញសម្រាប់ការប្រឡូកក្នុងទីផ្សារមាសនោះទេ។
លោកបានបញ្ចាក់ទៀតថា៖«ដោយមានការចូលរួមពីធនាគាររដ្ឋ នាពេលខាងមុខ មាសអាចគ្រាន់តែជាខ្សែការពារ ក្នុងករណីមានវិបត្តិមួយទៀត ដូច្នេះអ្នកមិនគួរកប់ដើមទុនច្រើនពេកជាមួយមាសទេ។ តាមគំនិតរបស់ខ្ញុំ ពេលវេលាដ៏ទាក់ទាញបំផុតនៃមាសបានកន្លងផុត ហើយបច្ចុប្បន្នមាសបានអណ្តែតលើរលកតូចៗមួយចំនួនប៉ុណ្ណោះ»។
អត្ថាធិប្បាយលើភាពទាក់ទាញនៃមាសដល់អ្នកវិនិយោគនាពេលខាងមុខ លោក Ta Thanh Tung ប្រធាននាយកដ្ឋានស្រាវជ្រាវ និងប្រឹក្សាអចលនទ្រព្យរបស់ក្រុមហ៊ុន FIDT ក៏បានមានប្រសាសន៍ថា ក្នុងរយៈពេលខ្លី មាសនៅតែមានឱកាសកើនឡើងក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំនេះ ប៉ុន្តែមិនច្រើនពេក ដូច្នេះវាលែងមានភាពទាក់ទាញក្នុងការវិនិយោគដើមទុន។
សម្រាប់ពាក់កណ្តាលដែលនៅសល់នៃឆ្នាំ២០២៤ ទោះបីជាមាសនឹងនៅតែស្ថិតក្នុងផលប័ត្រវិនិយោគក៏ដោយ វាគួរតែត្រូវបានចាត់ទុកថាជាទ្រព្យសកម្មការពារ សមាមាត្រនៃការកាន់កាប់មិនគួរលើសពី៥% អ្នកវិនិយោគគួរតែកាន់កាប់ទ្រព្យសកម្មទាំងនេះបន្ថែមទៀត។
ដោយឡែក លោក Nguyen Quang Huy នាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុ និងធនាគារ Nguyen Trai ក៏បានលើកឡើងថា៖«បច្ចុប្បន្នគឺជាពេលវេលាដ៏រសើបសម្រាប់អ្នកវិនិយោគមាស។ តាមគំនិតរបស់ខ្ញុំ ការទិញមាសសម្រាប់ការវិនិយោគនៅពេលនេះ ទាមទារឲ្យមានការគិតគូរពីការប្រែប្រួលម៉ាក្រូសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេស»។
លោក បន្តថា កត្តាត្រូវគិតគួររួមមាន និន្នាការនៃសង្រ្គាមជុំវិញពិភពលោក ការផ្លាស់ប្តូរគោលនយោបាយគ្រប់គ្រងមាសក្នុងស្រុក វិសោធនកម្មក្រឹត្យ២៤ រួមជាមួយនឹងវិធានការរក្សាស្ថិរភាពតម្លៃមាស ដូចជា ការដេញថ្លៃមាសដុំ ការលក់មាសតាមធនាគារ ការប្រឆាំងការរត់ពន្ធ ការត្រួតពិនិត្យទីផ្សារមាស។
លើសពីនេះ ចាំបាច់ត្រូវពិចារណាពីចំណង់ហានិភ័យរបស់អ្នកវិនិយោគនីមួយៗ កម្រិតនៃការយល់ដឹងអំពីជំនាញវិនិយោគ ពិគ្រោះជាមួយអ្នកជំនាញ និងរួមបញ្ចូលគ្នានូវការវិភាគបច្ចេកទេស ដើម្បីធ្វើសមតុល្យហានិភ័យដែលរំពឹងទុក និងប្រាក់ចំណេញមុនពេលធ្វើការសម្រេចចិត្ត។
ទោះបីជាបែបនេះក្ដី យោងតាមអ្នកជំនាញ ការពិតបច្ចុប្បន្នគឺនៅពេលដែលតម្លៃមានស្ថិរភាព មនុស្សមានការព្រងើយកន្តើយនឹងមាសយ៉ាងខ្លាំង។ ដោយសារតែតម្លៃមាសក្នុងស្រុកលែងមានការប្រែប្រួលខ្លាំង ចិត្តសាស្ត្ររបស់មនុស្សក៏កាន់តែមានស្ថិរភាព ហើយពួកគេមិនចាប់អារម្មណ៍នឹងការទិញដើម្បីរក្សាទ្រព្យសម្បត្តិដូចកាលពីមុនឡើយ។
ទន្ទឹមនឹងនោះ បណ្តាញវិនិយោគមួយចំនួនផ្សេងទៀតបានបង្ហាញពីសញ្ញានៃការងើបឡើងវិញ ដូច្នេះមនុស្សក៏មានជម្រើសជាច្រើនទៀតផងដែរ។ ឧទាហរណ៍ អត្រាការប្រាក់បញ្ញើបច្ចុប្បន្នរបស់ធនាគារបានកើនឡើងក្នុងពេលដំណាលគ្នា រហូតដល់លើសពី៦%ក្នុងមួយឆ្នាំ។
តាមទស្សនៈមួយផ្សេងទៀតពីអនុប្រធានសមាគមធុរកិច្ចមាសវៀតណាម លោក Nguyen The Hung បានលើកឡើងថា មូលហេតុសំខាន់ដែលមនុស្សលែងមានការភ្ញាក់ផ្អើលក្នុងការទិញមាស គឺដោយសារតែសកម្មភាពទិញមាសតាមអ៊ីនធឺណិតមានការលំបាក ហើយរារាំងមនុស្សជាច្រើនដែលចង់ទិញ។ នៅលើទីផ្សារ ហាងនានាបច្ចុប្បន្នកំពុងខ្វះខាត ដូច្នេះពួកគេបានឈប់លក់មាសដុំ សូម្បីតែចិញ្ចៀនមាសក៏លក់បានតែក្នុងដំណក់តូចៗប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ អ្នកជំនាញសេដ្ឋកិច្ចលោក Dinh The Hien បានត្រឹមតែផ្តល់យោបល់យ៉ាងខ្លីថា៖«នៅដំណាក់កាលនេះ វានៅតែជាការល្អបំផុតក្នុងការសន្សំប្រាក់នៅក្នុងធនាគារ។ វាមានសុវត្ថិភាពបំផុតក្នុងការដាក់ប្រាក់រយៈពេលយ៉ាងតិច៦ខែ ហើយវាក៏មិនយឺតពេលទេក្នុងការពិចារណាលើបណ្តាញវិនិយោគបន្ថែមទៀតដែរ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


