Connect with us

ព័ត៌មានអន្ដរជាតិ

តើ​មេដឹកនាំ​​ហេសបូឡាណាខ្លះ​ត្រូវអ៊ីស្រាអែល​សម្លាប់​​?​

បានផុស

នៅ

ក្នុងសង្គ្រាម​ជាមួយ​ក្រុម​​ហេសបូឡា​នៅ​លីបង់ រយៈពេល​ជិត​​១ខែ​ចុងក្រោយ​នេះ អ៊ីស្រាអែល​​​​ដែល​​មាន​សម្ព័ន្ធមិត្ត​អាមេរិក​នៅពីក្រោយ​បាន​បង្ហាញ​នូវ​ភាព​មានប្រៀប​យ៉ាងខ្លាំង​ក្នុងសង្គ្រាម​​។ ​ភាព​​មានប្រៀប​ដោយសារ​តែ​ អ៊ីស្រាអែល បាន​តាមដាន​និងធ្វើឃាតមេដឹកនាំនិងមេបញ្ជាការ​ក្រុម​បច្ចាមិត្ត គឺ​ក្រុមហេសបូឡានៅលីបង់។ ​​មិន​តែ​ប៉ុណ្ណោះ​ អ៊ីស្រាអែល​បាន​វាយ​ប្រហារ​​​​ភាគីសត្រូវ​ដែល​ភាគច្រើន​ជា​​បរិវារ​​​​​របស់​អ៊ីរ៉ង់ដែល​ជា​សត្រូវ​​​ធំ​របស់​​អ៊ីស្រាអែល​នៅមជ្ឈិមបូព៌ា។

ដោយសារ​ការ​​​ស្លាប់​របស់​មេដឹកនាំ​​​ហេសបូឡា​​​ ច្រើន​ជា​បន្តបន្ទាប់​ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ក្នុង​ជួរទ័ពកំពូល​​អ៊ីរ៉ង់​​​មាន​​ភ្នាក់ងារ​​​ស៊ើប​ការណ៍ស​ម្ងាត់​​របស់​​អ៊ីស្រាអែល (Mossads)​។ ​យោង​តាមសេចក្តី​រាយការណ៍​​ជាច្រើន ករណី​​ស្លាប់​មេទ័ព​កំពូល​របស់​ហេសបូឡា ​ជាបន្តបន្ទាប់​ ​ មេទ័ព​កំពូល​របស់​អ៊ីរ៉ង់​ លោក Esmail Qaani​ មេបញ្ជាការ​​កងទ័ពអ៊ីរ៉ង់​​ស្ថិត​ក្រោម​ការ​សង្ស័យ​នេះ​។

លោក សាយយ៉េដ ហាសសាន ណាសរ៉ាឡា មេដឹកនាំ​​ហេសបូឡា​​តាំងពីឆ្នាំ​១៩៩២។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​នេះ គឺ​ជា​បញ្ជី​​នៃ​​មេដឹកនាំ​ជា​ន់ខ្ពស់​សំខាន់​ៗ​ទាំង​នយោបាយ​ និង​យោធា​របស់​​ក្រុមហេសបូឡា​និង​ហាម៉ាសដែល​អះអាង​ថា ត្រូវ​បាន​សម្លាប់​​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​​របស់​អ៊ីស្រាអែល​​។

លោក សាយយ៉េដ ហាសសាន ណាសរ៉ាឡា (Sayyed Hassan Nasrallah)​ ជា​មេដឹកនាំ​​ប្រដាប់​អាវុធ​​​របស់​ក្រុមហេសបូឡា​​ជា​ង​​៣​ទសវត្សរ៍​​ចាប់​តាំងបី​ឆ្នាំ​១៩៩២​។​ ​មេដឹកនាំ​ក្រុមហេសបូឡា​រូប​នេះ​​​ត្រូវ​បាន​អះអាង​ស្លាប់​កាល​ថ្ងៃទី​២៧​ខែ​កញ្ញា​ ​​​ដោយ​​សារ​​ការ​​វាយប្រហារ​របស់​​អ៊ីស្រាអែល​តែ​ប៉ុន្មាន​ថ្ងៃ​លើ​​ក្រុមហេសបូឡា​​​​ក្នុងសមរភូមិ​​ក្នុង​លីបង់​។​​

មរណៈភាព​របស់​លោក ហាសសាន ណាសរ៉ាឡា គឺជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ក្រុមហេសបូឡា​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ​ការស្លាប់​របស់​មេដឹកនាំ​​កំពូល​របស់​ហេបូឡា​រូប​នេះ​​ក៏ជាការវាយប្រហារ​បំបាក់​ស្មារតី​​​​ដ៏ខ្លាំង​ក្លា​ចំពោះប្រទេសអ៊ីរ៉ង់ ដោយសារតួនាទីដ៏សំខាន់​ដែល​លោក ហាសសាន ណាសរ៉ាឡា បានដើរតួ​ជាស្នូល​នៃ​ការ​តស៊ូ​ប្រឆាំង​អ៊ីស្រាអែល​​ដែលនៅកៀក​​​​ប្រទេសអ៊ីស្រាអែល។

លោក​ អ៊ីប្រាហ៊ីម ឃ្យូ​បៃ​ស៊ី (IBRAHIM QUBAISI)​ គឺ​ជា​មេបញ្ជាការ និងជាឥស្សរជននាំមុខគេនៅក្នុងផ្នែករ៉ុក្កែតរបស់ក្រុមហេសបូឡា ត្រូវ​បាន​គេ​​រាយការណ៍ថា បានបាត់​បង់​ជីវិត​​​ក្នុង​ការវាយប្រហារតាមអាកាស​របស់​អ៊ីស្រាអែល​ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត​កាលពីថ្ងៃទី​២៤​​​ខែកញ្ញា ពោល​គឺ​មួយថ្ងៃ​ក្រោយ​​​ការ​ប្រកាស​វាយ​ចូល​ទឹកដី​​លីបង់​របស់​អ៊ីស្រាអែល​​ដែល​តែ​​ងតែ​សង្កៀត​ធ្មេញ​ខឹង​ហេសបូឡា​​ដែលតែងតែ​​ផ្លោង​ដាក់​ខ្លួន​​​​ពី​ប្រទេស​លីបង់​។

លោក អ៊ីប្រាហ៊ីម អាគីល (Ibrahim Aqil) ដែល​ជា​មេបញ្ជាការប្រតិបត្តិការរបស់ក្រុមហេសបូឡា​​ដែលបម្រើការ​លើស្ថាប័នយោធាកំពូលរបស់ក្រុម​នេះ​ ត្រូវ​បានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង​បេរូត​កាលពីថ្ងៃទី២០​ខែកញ្ញា។ ការ​ចុះ​ផ្សាយ​​ខ្លះ​ បង្ហាញ​ថា ​អាគីល​ដែលបានប្រើឈ្មោះក្លែងក្លាយថា Tahsin និង Abdelqader ជាសមាជិកនៃស្ថាប័នយោធាកំពូលរបស់ហេសបូឡា​ គឺក្រុមប្រឹក្សា Jihad ។ សហរដ្ឋអាមេរិកបានចោទប្រកាន់អាគីល​ពីតួនាទីមួយនៅក្នុងការទម្លាក់គ្រាប់បែកលើរថយន្តក្រុងបេរូត​ដែលបានវាយប្រហារស្ថានទូតអាមេរិកក្នុងខែមេសា​ឆ្នាំ១៩៨៣​ដែលបានសម្លាប់មនុស្ស៦៣​នាក់ និងបន្ទាយ​ទាហានម៉ារីនរបស់សហរដ្ឋអាមេរិក ប្រាំមួយខែក្រោយមក ដែលបានសម្លាប់មនុស្ស២៤១នាក់។

លោក អាមេដ វ៉ាប៊ី (AHMED WAHBI) ​ជាមេបញ្ជាការកំពូលម្នាក់ដែលមើលការខុសត្រូវលើប្រតិបត្តិការយោធារបស់កងកម្លាំងពិសេស Radwan ក្នុងសង្រ្គាម​នៅ​តំបន់ហ្គាហ្សា​ រហូតដល់ដើមឆ្នាំ​២០២៤​ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលសំដៅទៅលើមេបញ្ជាការកំពូលៗជាច្រើននៅជាយក្រុងបេរូត​កាលពីថ្ងៃទី២០​ខែកញ្ញា។ លោក អាមេដ វ៉ាប៊ី ​​ត្រូវ​បាន​សម្លាប់​ក្នុងថ្ងៃតែ​មួយ​ជាមួយ​ លោក អ៊ីប្រាហ៊ីម អាគីល។​

​លោក ហ្វូដ ស៊ុក (FUAD SHUKR)​ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​​របស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីលីបង់កាលពីថ្ងៃទី ៣០​ខែកក្កដា។ លោក ហ្វូដ ស៊ុក ជា​មេបញ្ជាការកំពូលរបស់ហេសបូឡា ដែលកំណត់ដោយយោធាអ៊ីស្រាអែលថា ជា​​អ្នក​ជំនិត​បំផុត​​​របស់ Sayyed Hassan Nasrallah ដែល​ត្រូវ​បាន​សម្លាប់​​កាល​ថ្ងៃទី​២៧​ខែកញ្ញា​​។ Shukr គឺជាឥស្សរជនយោធាឈានមុខគេមួយរបស់ហេសបូឡា​ ចាប់តាំងពី​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ បានបង្កើតឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង៤​ទសវត្សរ៍មុន គឺ​នៅឆ្នាំ​១៩៨២​។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ​លោក ស៊ុក នៅក្នុងឆ្នាំ២០១៥​ ហើយបានចោទប្រកាន់​ថាបានដើរតួនាទីសំខាន់ក្នុងការទម្លាក់គ្រាប់បែកក្នុងឆ្នាំ១៩៨៣​លើបន្ទាយទាហានម៉ារីនអាមេរិកនៅទីក្រុង បេរូត ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកចំនួន២៤១នាក់។

​លោក ម៉ូហាំម៉េដ ណាសសឺរ (Mohammed Nasser) ​ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី៣​ខែកក្កដា។ អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវដោយនិយាយថា គាត់បានដឹកនាំអង្គភាពដែលទទួល​ខុសត្រូវចំពោះការបាញ់ចេញពីភាគនិរតីលីបង់ទៅកាន់អ៊ីស្រាអែល។ ក្រោយ​ការ​សម្លាប់​នោះ ប្រភពសន្តិសុខជាន់ខ្ពស់នៅក្នុងប្រទេសលីបង់ បានឲ្យដឹងថា លោក ណាសសឺរ ដែលជាមេបញ្ជាការជាន់ខ្ពស់ក្នុងក្រុម​ហេសបូឡា​​ ទទួលខុសត្រូវចំពោះផ្នែកមួយនៃប្រតិបត្តិការរបស់​ហេសបូឡា​​នៅតាម​ព្រំដែន​​​រវាង​លីបង់​និងអ៊ីស្រាអែល​។

លោក ​TALEB ABDALLAH ជា​មេបញ្ជាការតំបន់​របស់​​ក្រុមហេសបូឡា​ ត្រូវបានសម្លាប់កាលពីថ្ងៃទី១២​ ខែមិថុនា នៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងដោយអ៊ីស្រាអែល ដែល​បាននិយាយថា ខ្លួន​បាន​វាយ​ប្រហារមជ្ឈ មណ្ឌលបញ្ជា និងគ្រប់គ្រងមួយនៅភាគខាងត្បូងប្រទេសលីបង់។ តាមការ​ចុះ​ផ្សាយ​ខ្លះ ប្រភពសន្តិសុខក្នុង​ប្រទេសលីបង់ បាននិយាយថា គាត់គឺជាមេបញ្ជាការរបស់ក្រុម​ហេសបូឡា​ សម្រាប់​តំបន់កណ្តាលនៃខ្សែបន្ទាត់ព្រំដែនភាគខាងត្បូង ហើយមានឋានៈដូចគ្នានឹង លោក ណាសសឺរ ដែរ​​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម