Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​រុស្ស៊ី

បានផុស

នៅ

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​ចុះ​ផ្សាយ​នៅ​​ទី១២​ខែវិច្ឆិកានេះថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារ​គ្នា​ទៅវិញទៅមកជាមួយរុស្ស៊ី ដែលបានចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរកាលពីខែមិថុនា ដោយ​អនុញ្ញាត​​ឲ្យ​ភាគីនីមួយៗ អាច​រកជំនួយពីភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារដោយ​ប្រដាប់​អាវុធ។

លោក វ៉្លាឌឺមៀរ ពូទីន និង​លោក គីម ជុងអ៊ុន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់ KCNA នេះ បានកើតឡើងចំពេលមានការរិះគន់ពីអន្តរជាតិ ជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដោយកូរ៉េខាងជើងបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

KCNA បាន​បញ្ជាក់​ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង កាលពីថ្ងៃចន្ទ ដោយបន្ថែមថាវា​​នឹង​មាន​ប្រសិទ្ធភាពនៅពេលដែលភាគីទាំងពីរផ្លាស់ប្តូរ​ការ​ផ្តល់សច្ចាប័ន​គ្នា។

គួរ​បញ្ជាក់​ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញា​នេះ​ចូលជាច្បាប់ផងដែរ ដែលចែងថា ប្រទេសទាំងពីរគួរតែ «ផ្តល់​យោធា និងជំនួយផ្សេងទៀតជាបន្ទាន់ ដោយប្រើគ្រប់មធ្យោបាយដែលមាន» ប្រសិនបើភាគីណាមួយស្ថិតក្នុងស្ថានភាពសង្រ្គាម។

លោក គីម បាន​ចុះ​កិច្ចព្រមព្រៀងជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនា ដោយបានហៅវាថាជាជំហានមួយ ដើម្បីលើក​កម្ពស់​ទំនាក់ទំនងទ្វេភាគី។

កូរ៉េ​ខាង​ត្បូង សហរដ្ឋ​​អាមេរិក និង​អ៊ុយក្រែន បាននិយាយថា មានទាហានកូរ៉េខាងជើងជាង ១​ម៉ឺន​នាក់នៅក្នុងប្រទេសរុស្ស៊ី ហើយមន្ត្រីសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាន​ប្រាប់​ថា ពួកគេមួយចំនួនបានចូលរួម​រួច​មក​ហើយ​​ក្នុងការប្រយុទ្ធនៅ​តំបន់ Kursk ជិតព្រំដែនអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាន​លើក​ឡើង​កាលពីសប្តាហ៍មុនថា ទាហានកូរ៉េខាងជើងបាន​រងរបួសនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងរបស់លោក ហើយការប្រយុទ្ធដំបូងរវាងពួកគេ «បាន​បើកទំព័រថ្មីមួយ​នៃ​អស្ថិរភាពនៅក្នុងពិភពលោក»៕

ដោយ៖ ឈាង

ចុចអាន៖ ពូទីន អនុម័តច្បាប់ជួយគ្នាទៅវិញទៅមក ជាមួយកូរ៉េខាងជើង បើប្រទេសណាត្រូវវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម