Connect with us

ព័ត៌មានអន្ដរជាតិ

UN ច្រានចោលផែនការផ្តល់ជំនួយតំបន់ហ្គាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក

បានផុស

នៅ

អង្គការសហប្រជាជាតិនឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅ​តំបន់​ហ្គាហ្សានោះទេ ដោយលើកឡើងថា វា​​មានភាពលំអៀង និង​មិនអព្យាក្រឹត ខណៈ​អ៊ីស្រាអែលបានសន្យាជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងតែ​មិនលូកដៃ​ក្នុង​ការដឹក​ជញ្ជូន​​ជំនួយ​ទាំង​នោះ​ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅ​ថ្ងៃសុក្រ​​ទី​១៦ខែឧសភា​។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិលោក Farhan Haq បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «ផែនការផ្ដល់ជំនួយនេះមិនស្របតាមគោលការណ៍ជាមូលដ្ឋានរបស់ឍអង្គការសហប្រជាជាតិ រួមទាំងមានភាពលំអៀង មិនមានអព្យាក្រឹតភាព មិនឯករាជ្យភាព ហើយយើងនឹងមិនចូលរួមក្នុងរឿងនេះទេ» ។

មូលនិធិមនុស្សធម៌តំបន់ហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅហ្គាហ្សានា​ចុងខែឧសភានេះ ក្រោមផែនការជំនួយដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក Tom Fletcher ដែល​ថា វា​នឹងបង្កើនអំពើហិង្សា និងការផ្លាស់ទីលំនៅបន្ថែមទៀតរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។

គួររម្លឹកថា អ៊ីស្រាអែលបានចោទប្រកាន់​ហាម៉ាសថាបានលួចជំនួយ ត្រូវ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នេះបដិសេធ។ អ៊ីស្រាអែល​​បានរារាំងការដឹកជញ្ជូនជំនួយមនុស្សធម៌ទាំងអស់ទៅកាន់តំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី២​ខែមីនា ដោយទាមទារឱ្យក្រុមហាម៉ាសដោះលែងអ្នកជាប់ឃុំដែលនៅសេសសល់ទាំងអស់។

(រូបភាព៖ Reuters)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Antalya ប្រទេស​តួកគី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍បានទទួលស្គាល់ការរិះគន់នេះ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបើកចំហចំពោះផែនការជំនួសណាមួយ ដើម្បីផ្ដល់​ជំនួយដល់ជនស៊ីវិល «ដោយគ្មានក្រុមហាម៉ាសអាចលួចវាបាន»។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានជំរុញឱ្យអង្គការសហប្រជាជាតិ និងក្រុមជំនួយទាំង​ឡាយ​សហការ​និងធ្វើការជាមួយផែនការ​មួយ​នេះ ខណៈ​ប្រភព​មូលនិធិ​​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​បាន​​មក​ពី​ណា​​​ឲ្យ​ប្រាកដ​​​​ទេ ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ក្រុង​វ៉ាស៊ីនតោន ​បាន​បញ្ជាក់​ថា គ្មាន​ថវិកា​របស់​រដ្ឋាភិបាល​​អាមេរិក​នឹងចូលរួម​​ក្នុង​​មូលនិធិ​នោះ​​ឡើយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម