Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អ៊ីរ៉ង់-អ៊ីស្រាអែល​នឹង​ចុះ​កិច្ចព្រមព្រៀង ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ឥណ្ឌា-ប៉ាគីស្ថាន

បានផុស

នៅ

អំឡុង​ពេល​ជម្លោះ​ដ៏​ក្ដៅ​គគុក​កំពុង​ផ្ទុះ​ឡើង​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​អះអាង​ថា ប្រទេស​ទាំង​ពីរ​នឹង​​ធ្វើ​កិច្ចព្រមព្រៀង​នា​ពេល​ឆាប់ៗ​នេះ ដូច​អ្វី​ដែល​លោក​ធ្លាប់​បាន​ដោះស្រាយ​នៅ​ក្នុង​ជម្លោះ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​អ៊ីចឹង​ដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​បណ្ដាញ​សង្គម Truth Social កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ លោក ត្រាំ បានសរសេរថា «អ៊ីរ៉ង់ និងអ៊ីស្រាអែលគួរតែធ្វើកិច្ចព្រមព្រៀង ហើយនឹងធ្វើកិច្ចព្រមព្រៀងមួយ… ដូចខ្ញុំ​​បាន​ឲ្យ​ឥណ្ឌា និងប៉ាគីស្ថានធ្វើ​អ៊ីចឹង​ដែរ។ យើងនឹងមានសន្តិភាពឆាប់ៗ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការអំពាវនាវ និងការប្រជុំជាច្រើនបានកើតឡើងនៅពេលនេះ»។

ទន្ទឹម​នោះ លោក ត្រាំ ក៏​បាន​បន្ថែម​ផង​ដែរ​​ថា ជម្លោះជាច្រើននៅទូទាំងពិភពលោក​ត្រូវ​បានបញ្ឈប់ដោយសារតែអន្តរាគមន៍របស់​លោក។ ទោះយ៉ាងណាក៏ដោយ លោក​មិនដែលទទួលបាន​គុណ​សម្បតិ្ត​អ្វី​​ទេ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ។

មេ​ដឹក​នាំ​​អាមេរិក​វ័យ​​៧៩​ឆ្នាំ បានរៀបរាប់​ថា «ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្ញុំ ស៊ែប៊ី និងកូសូវ៉ូ កាន់តែក្តៅ និងធ្ងន់​ធ្ងរ ដូចដែលពួកគេធ្លាប់​មានអស់ជាច្រើនទសវត្សរ៍មកហើយ ហើយជម្លោះដ៏យូរនេះ​បាន​ជិត​ត្រៀមផ្ទុះទៅជាសង្រ្គាម​ទៅ​ហើយ តែ​ត្រូវ​ខ្ញុំបញ្ឈប់វា»។

លោក​បន្ថែម​ថា «ករណី​​ទៀតគឺអេហ្ស៊ីប និងអេត្យូពី ហើយការប្រយុទ្ធរបស់ពួកគេលើទំនប់ដ៏ធំដែលជះឥទ្ធិពលលើទន្លេនីលដ៏អស្ចារ្យ។ មានសន្តិភាពយ៉ាងហោចណាស់សម្រាប់ពេលនេះ ដោយសារ​តែ​ការអន្តរាគមរបស់ខ្ញុំ ហើយវានឹងនៅ​​​តែ​​​បែប​នេះ​​ដដែល​ទៀត»។

សូម​ជម្រាប​ថា ទោះ​មាន​ការ​លើក​ឡើង​របស់​លោក ត្រាំ ក៏​ដោយ ក៏​សញ្ញា​នៃ​ការ​ថមថយ​នៃ​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​ហាក់​មិន​ទាន់​លេច​ចេញ​ជារូប​រាង​នៅ​ឡើយ ដោយ​ភាគី​ទាំង​ពីរ​បន្ត​ផ្លោង​គ្រាប់​ដាក់​គ្នា​យ៉ាង​ចាស់​ដៃ។ តួ​យ៉ាង​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥​មិថុនា មន្ត្រីចារកម្មកំពូលនៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចំនួន៣នាក់ទៀត ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល ខណៈបើគិតចាប់តាំងពីថ្ងៃសុក្រ​​មក អ៊ីស្រាអែល បានសម្លាប់មនុស្សរហូតដល់ទៅ២២៤នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់។ ចំណែក​​ឯ​ខាង​អ៊ីស្រាអែល​វិញ បាន​បញ្ជាក់​ការ​ស្លាប់​ថា​មាន​ចំនួន​១៤​នាក់៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម