ព័ត៌មានអន្ដរជាតិ
ប្រវត្តិខ្លះៗរបស់មេចលនាអាវលឿង សន្ធិ លឹម ថុងគុល ដែលប្រកាសចង់បានទឹកដីកម្ពុជា
លោក សន្ធិ លឹមថុងគុល (Sondhi Limthongkul) ជាមេចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ខ្លួនជាញឹកញាប់ និង ជាសកម្មជនស៊ីវិលជាតិនិយមដ៏ខ្លាំងក្លាយមួយ ឬអាចត្រូវបានគេដឹងថា «ជាអ្នកជាតិនិយមជ្រុល» ហើយនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលចុងក្រោយកាលថ្ងៃសៅរ៍កន្លងទៅនេះ សកម្មជនវ័យចំណាស់រូបនេះបានបញ្ចេញវោហារស័ព្ទ បង្ហាញបំណងបំពានកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ភាពជ្រុលនិយមរបស់ លោក សន្ធិ លឹមថុងគុល បានធ្វើឲ្យលោកល្បីក្នុងចំណោមអ្នកជ្រុលនិយម និងកាន់តែល្បីល្បាញ ពេលលោកនិយាយដោយគ្មានជាប់ទោសទណ្ឌ ហើយត្រូវបានលើកទឹកចិត្តដោយអ្នកជ្រុលនិយមដូចគ្នា។ តើបុរសវ័យចំណាស់ សន្ធិ លឹមថុងគុល មានប្រវត្តិយ៉ាងដូចម្តេច?
លោក សន្ធិ លឹមថុងគុល គឺជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយថៃដ៏មានឥទ្ធិពល ជាសកម្មជនប្រតិកម្មប្រឆាំងលទ្ធិប្រជាធិបតេយ្យដែលគាំទ្រទីក្រុងប៉េកាំង អ្នកប្រជាធិបតេយ្យ និងជាមេដឹកនាំនៃសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ (PAD)។ នៅឆ្នាំ ២០០៩ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សនយោបាយថ្មី (NPP)។
មេចលនាអាវលឿងរូបនេះ កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ១៩៤៧ នៅខេត្តសុខោទ័យ ក្នុងគ្រួសារថៃកាត់ចិន ដែលមានដើមកំណើតមកពីហៃណាន។ ជីតាខាងឪពុករបស់គាត់កើតនៅហៃណាន មុនពេលទៅរស់នៅសុខោទ័យ ហើយរៀបការជាមួយស្ត្រីថៃ។ នាពេលនោះ ឪពុកម្តាយរបស់គាត់បើកអាជីវកម្មបោះពុម្ព និងកាសែតចិនលក់ទៅឲ្យប្រជាជនចិននៅប្រទេសថៃ។

លោក សន្ធិ លឹមថុងគុល បានបញ្ចប់ការសិក្សាពីសាលា Assumption Sriracha ថ្នាក់ទី១២។ បន្ទាប់មក លោកបានបន្តការសិក្សានៅសកលវិទ្យាល័យជាតិតៃវ៉ាន់ ផ្នែកវិស្វកម្មមេកានិកមានរយៈពេលជាងមួយឆ្នាំ។ ក្រោយមក ទើបលោកធ្វើដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស សហរដ្ឋអាមេរិក និងបន្តរៀនថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Utah State ក្នុងផ្នែកប្រវត្តិសាស្ត្រ។ ក្នុងពេលកំពុងសិក្សា គាត់បានធ្វើការនៅកាសែតនិស្សិត The Daily Bruin ពីឆ្នាំ ១៩៦៦ ដល់ ១៩៦៩។
លោកបានត្រឡប់ទៅប្រទេសថៃវិញក្នុងឆ្នាំ ១៩៧៤ ហើយបានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុនមួយ ក្នុងមុខតំណែងជាប្រធានផ្នែកសេវាអតិថិជន ប៉ុន្តែបន្ទាប់ពីធ្វើការបានតែ៣ខែ លោកត្រូវបានអញ្ជើញដោយលោក ណារ៉ុង កេតថាត ម្ចាស់កាសែតប្រជាធិបតេយ្យប្រចាំថ្ងៃ និងជាកូនប្រុសអតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុមួយរូប។
លោក បានធ្វើការឲ្យកាសែតមួយនោះ ក្នុងនាមជាអ្នករាយការណ៍ព័ត៌មាន និងជានិពន្ធនាយក នាពេលនោះ លោក សន្ធិបានសរសេរសេចក្តីរាយការណ៍ជាច្រើនលាតត្រដាងការអភិវឌ្ឍន៍នយោបាយដែលនាំទៅដល់ការតវ៉ារបស់និស្សិត និងការបង្ហូរឈាមនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧៣ ដែលជាព្រឹត្តិការណ៍មួយដែលបានទម្លាក់រដ្ឋាភិបាលយោធា។
មិនយូរប៉ុន្មាននៅឆ្នាំ ១៩៩៦ មេសកម្មជនរូបនេះ បានគ្រប់គ្រងអាណាចក្រប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ទាំងក្នុងនិងក្រៅប្រទេស ជាមួយនឹងទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល៦០០លានដុល្លារអាមេរិក ព្រមទាំងជាម្ចាស់ការបោះពុម្ពផ្សាយ គម្រោងទូរទស្សន៍ផ្កាយរណប សេវាទូរស័ព្ទចល័ត សណ្ឋាគារ និងរោងចក្រស៊ីម៉ងត៍។
ឥទ្ធិពលនៅក្នុងជួរនយោបាយ
ដំបូងឡើយ លោកសន្ធិ លឹមថុងគុល មានការចុះសម្រុងនឹងលោកថាក់ស៊ីនណាស់ ព្រោះពេលនោះអ្នកទាំងពីរបានធ្វើជំនួញរួមគ្នា។ បន្ទាប់ពីមុខជំនួញជាមួយគ្នាកាន់តែជោគជ័យទៅមុខ គ្រានោះ លោកថាក់ស៊ីនក៏បានបង្កើតគណបក្សថៃរ៉ាក់ថៃ (ថៃស្រឡាញ់ថៃ) ចំពេលលោកសន្ធិ កំពុងមានបញ្ហាជាមួយគណបក្សប្រជាធិបតេយ្យ។ ក្នុងនោះ មានមនុស្សជាច្រើនសុទ្ធតែជាអតីតនិពន្ធនាយកនៃកាសែតធំៗ ព្រមទាំងគ្នាខ្នងលោកសន្ធិ ក៏បានចូលរួមជាមួយគណបក្សថៃរ៉ាក់ថៃយ៉ាងគគ្រឹកគគ្រេង។
ក្នុងអំឡុងពេលដំបូងនៃរដ្ឋាភិបាលរបស់លោក ថាក់ស៊ីន លោក សន្ធិ បានទទួលស្គាល់ថា បានគាំទ្ររដ្ឋាភិបាល។ បើទោះបីជាមានការផ្ទេរតំណែងមន្ត្រីរាជការច្រើន ក៏លោកយល់ឃើញថា ពេលលោកឡើងកាន់តំណែងជាមន្ត្រីក្រោមឱវាទមិនបានធ្វើតាមនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ចំណងមិត្តភាពមួយនេះពុំបានយូរអង្វែងនោះទេ ដោយសារតែទំនាស់ផលប្រយោជន៍នាំឲ្យមានការខ្វែងគំនិតគ្នា។ នៅខែសីហា ឆ្នាំ២០០៤ លោកសន្ធិ ចាប់ផ្តើមរិះគន់រដ្ឋាភិបាលថាក់ស៊ីន លើបញ្ហាជាច្រើន រហូតដល់ឆ្នាំ២០០៥តែម្ដង។
ក្រោយមក គាត់បានដឹកនាំការតវ៉ាប្រឆាំងលោកថាក់ស៊ីន នៅ៤ខែកុម្ភៈ ឆ្នាំ២០០៦ ដោយមានការជួបជុំគ្នានៅវិមាន Dusit និងដើម្បីប្រកាសមេដឹកនាំស្នូលនៃសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ។ ដោយទ្រាំទ្រពុំបាន នៅឆ្នាំ២០០៦ លោក ថាក់ស៊ីន បានប្រកាសរំលាយសភា និងកំណត់ថ្ងៃបោះឆ្នោតថ្មីសម្រាប់ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំដដែល ប៉ុន្តែសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្មជាហូរហែរ។ ជាពិសេស ក្រុមបាតុករ បានរហៅការប្រមូលផ្តុំនេះថា «យកប្រទេសថៃរបស់យើងមកវិញ» ។
លើសពីនេះ នៅពេលដែលគណបក្សដែលមានសម្ព័ន្ធភាពថាក់ស៊ីនបានឈ្នះការបោះឆ្នោតសកលឆ្នាំ ២០០៧ លោក សន្ធិ បានក្លាយជាតួអង្គសំខាន់ក្នុងវិបត្តិនយោបាយថៃឆ្នាំ ២០០៨-២០០៩ ដែលដឹកនាំ PAD ក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងសន្តិសុខ និងក្រុមបាតុករប្រឆាំង PAD ក៏ដូចជាការរឹបអូសយកវិមានរដ្ឋាភិបាល អាកាសយានដ្ឋានដនមឿង និងអាកាសយានដ្ឋានសុវណ្ណភូមិ។

នៅក្នុងអាជីពជាសកម្មជនដ៏លេចធ្លោខាងការតវ៉ា បុរសចំណាស់វ័យ៧៧ឆ្នាំរូបនេះធ្លាប់ត្រូវបានខ្មាន់កំភ្លើងលបប្រហារ ដោយបាញ់ ជាង ១០០គ្រាប់ទៅលើរថយន្តរបស់លោក នៅក្នុងភាពភាពចលាចលមួយនៅទីក្រុងបាងកក។ នាពេលនោះបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែនៅដឹងខ្លួន ក្រោកឈរ មុនពេលបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់សង្គ្រោះបន្ទាន់។
ជាងនេះទៅទៀត លោកសន្ធិលឹម ថុងគុល ក៏ធ្លាប់ជាប់ទោសជាច្រើនដង រួមទាំងបទចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ព្រមទាំងត្រូវតុលការកាត់ទោសដាក់គុកពីបទឆបោក រំលោភលើច្បាប់ស្តីពីមូលបត្រ ដោយការក្លែងបន្លំឯកសារដើម្បីធានាប្រាក់កម្ចីរាប់លានដុល្លារសម្រាប់អាណាចក្រប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ ដែលជាសំណុំរឿងដែលមានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០។
ជារួមមក មេចលនាអាវលឿងធ្លាប់ជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដែលមានទ្រព្យសម្បត្តិច្រើនជាងគេរបស់ប្រទេសថៃ ប៉ុន្តែបន្ទាប់ពីបំណុល ការក្ស័យធន និងផលវិបាកផ្នែកច្បាប់ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានលុបចោលយ៉ាងច្រើន។ សព្វថ្ងៃនេះ គាត់នៅតែមានឥទ្ធិពលផ្នែកនយោបាយ ទោះបីជាមានទ្រព្យសម្បត្តិហិរញ្ញវត្ថុមិនដូចពីមុនក្ដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើ Jatuporn Prompan ដែលត្រៀមដឹកនាំបាតុកម្មប្រឆាំងលោកស្រី ផែថងថាន មានប្រវត្តិបែបណា?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


