Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហាម៉ាស​យល់ព្រម​ដោះលែងចំណាប់ខ្មាំង​១០​នាក់​ ចំពេលអ៊ីស្រាអែល​បង្កើនការវាយប្រហារលើ​ហ្កាហ្សា​

បានផុស

នៅ

ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស់ប៉ាឡេស្ទីន បាន​យល់ព្រមដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន១០​នាក់ដែលជាផ្នែក​មួយនៃកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្តសម្របសម្រួលដោយប្រទេសកាតា និងសហរដ្ឋអាមេរិក ប៉ុន្តែបានពិពណ៌នាថា ការចរចានៅតែលំបាកដោយសារតែជំហររឹងទទឹងរបស់អ៊ីស្រាអែល លើរំ​ហូរជំនួយមនុស្សធម៌ ការដកចេញ​ពី​តំបន់ហ្គាហ្សា និងការធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី១០ខែកក្កដា។

អ្នក​តវ៉ា​កាន់​ស្លាក​សញ្ញា​ជាមួយ​រូបភាព​ចំណាប់ខ្មាំង​នៅ​ក្នុងការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ក្រុង Tel Aviv។ (រូបភាព៖Pro-Democracy Protest Movement)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់ក្រុមហាម៉ាសកើតឡើងចំពេលដែលកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់​៧៤​នាក់ នៅក្នុងការវាយប្រហារថ្មីៗនៅទូទាំងតំបន់ហ្គាហ្សា។ ​មន្ត្រី​សុខាភិបាល ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង ៧៧០​នាក់ ​​ឥឡូវ​ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​ចែកចាយ​មូលនិធិ​មនុស្សធម៌ហ្គាហ្សា។

ទោះ​បី​ជា​មាន​ការ​ចរចា​សន្តិភាព​ក៏​ដោយ ក៏​វិបត្តិ​មនុស្សធម៌​នៅ​ហ្កាហ្សា​កាន់​តែធ្ងន់ធ្ងរទៅៗ។ មន្ទីរពេទ្យ Nasser នៅភាគខាងត្បូងហ្គាហ្សា បានព្រមានថា វាជិតដួលរលំហើយដោយសារតែខ្វះប្រេងឥន្ធនៈ គ្រូពេទ្យធ្វើការក្នុងកម្ដៅខ្លាំង និងស្ថិតក្រោមការគំរាមកំហែងពីការវាយប្រហារឥតឈប់ឈរ។ អង្គការសុខភាពពិភពលោករាយការណ៍ពីការវាយប្រហារជាង ៦០០ លើកលើមូលដ្ឋានសុខាភិបាលរបស់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

ស្ត្រី​ម្នាក់​យំ​ក្នុង​ពេល​បុណ្យ​សព​ជន​ជាតិ​ប៉ាឡេស្ទីន​ស្លាប់​មួយ​យប់​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តង់​នៅ​មន្ទីរពេទ្យ Nasser។ (រូបភាព៖ Reuters)

ពាក់ព័ន្ធទៅនឹងបទឈប់បាញ់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មានសញ្ញាវិជ្ជមាននៃបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែបានសារភាពថា មិនមានអ្វីប្រាកដប្រជានោះទេ ខណៈក្រុមហាម៉ាស់ទទូចថា ចំណុចសំខាន់ៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយនៅឡើយដើម្បីសម្រេចបានបទឈប់បាញ់ រួមទាំងការផ្តល់ជំនួយ និងការដកទ័ពរបស់អ៊ីស្រាអែល។

ទោះបីជាមានក្តីសង្ឃឹមបទឈប់បាញ់ក៏ដោយ ក៏ហ្គាហ្សានៅតែស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ជាមួយនឹងចំនួនអ្នកស្លាប់ និងរបួសកាន់តែច្រើន ជាមួយនឹងប្រព័ន្ធថែទាំសុខភាពដួលរលំ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម