Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រហារ​ជីវិត​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ម្នាក់ ពីបទ​ធ្វើ​ចារកម្មឲ្យ​អ៊ីស្រាអែល

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Mizan បានរាយការណ៍កាលពីថ្ងៃពុធទី​៦​ខែសីហា​ឆ្នាំ​២០២៥ថា អ៊ីរ៉ង់បានប្រហារជីវិតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម​​ឲ្យ​​អ៊ីស្រាអែល។

(រូបថត៖ Mahmood Hosseini)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rouzbeh Vadi ត្រូវបានកាត់ទោសពីបទផ្តល់ព័ត៌មានសម្ងាត់​ឲ្យ​ទីភ្នាក់ងារ Mossad របស់អ៊ីស្រាអែល។ យោងតាមប្រព័ន្ធតុលាការអ៊ីរ៉ង់ លោក Vadi បានជួបប្រជុំចំនួន៥​ដង​ជាមួយភ្នាក់ងារ Mossad នៅទីក្រុងវីយែន ហើយបានផ្តល់​ឲ្យ​ពួកគេនូវព័ត៌មានអំពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ផ្សេង​ទៀត ដែលក្រោយមកត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីខែមិថុនា។

យោង​តាម​ការ​ចុះផ្សាយ​របស់ Mizan សកម្មភាពរបស់ Vadi ត្រូវ​ចាត់ទុក​ជា«អំពើក្បត់ជាតិ» ហើយតុលាការកំពូលបានតម្កល់ទោសប្រហារជីវិត។ ការ​ប្រហារ​ជីវិត​នេះ ​ធ្វើ​ឡើង​ដោយ​ការ​ព្យួរ​ក បើ​ទោះ​ជា​មន្ត្រី​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ច្បាស់​លាស់​ក៏​ដោយ។

អ៊ីរ៉ង់​ក៏​បាន​ប្រហារ​ជីវិត​បុរស​ទី​ពីរ​នៅ​ថ្ងៃ​ដដែល​ផង​ដែរ។ Mehdi Asgharzadeh ត្រូវបានចោទប្រកាន់ថាជាសមាជិកក្រុមរដ្ឋឥស្លាម និងរៀបចំផែនការបំផ្លិចបំផ្លាញ​អ៊ីរ៉ង់។

ការប្រហារជីវិតទាំង​នេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ បន្ទាប់ពីយុទ្ធនាការលើអាកាសរយៈពេល ១២​ថ្ងៃរបស់អ៊ីស្រាអែល ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនា។ អ៊ីរ៉ង់​បាន​ឆ្លើយតប​ដោយ​​ការ​វាយ​ប្រហារ​​ដោយ​​មីស៊ីល​​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រឆាំង​នឹង​​អ៊ីស្រាអែល​វិញ​។

អង្គការសិទ្ធិមនុស្សបានថ្កោលទោសការប្រហារជីវិត​នេះ ដោយព្រមានថា ប្រព័ន្ធតុលាការរបស់អ៊ីរ៉ង់ជារឿយៗដំណើរការដោយគ្មានតម្លាភាព ហើយថា ចុងចោទត្រូវបានបដិសេធជាញឹកញាប់នូវតំណាងផ្លូវច្បាប់ត្រឹមត្រូវ។

រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​ករណី​នេះ​ទេ ខណៈ​អ៊ីស្រាអែល​ក៏​​មិន​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក Vadi ជាមួយ​ភ្នាក់ងារ Mossad ផង​ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កន្លងមកមន្ត្រីអ៊ីស្រាអែលធ្លាប់បានបញ្ជាក់អំពីចេតនារបស់ពួកគេ ក្នុងការរំខានដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈប្រតិបត្តិការស៊ើបការណ៍សម្ងាត់។

អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃទោស​ប្រហារជីវិតក្នុងប្រទេសអ៊ីរ៉ង់នៅឆ្នាំនេះ ហើយបានអំពាវនាវ​ឲ្យ​មានការកាត់ក្តីដោយយុត្តិធម៌ និងដំណើរការត្រឹមត្រូវតាមច្បាប់នៅក្នុងសំណុំរឿងទាំងអស់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម