Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីស្តីទីថៃ បញ្ជាក់ថា ផែថងថាន នឹងមិនព្រមលាលែងពីតំណែង ដាច់ខាត

បានផុស

នៅ

ក្រោយមានពាក្យចចាមអារ៉ាមពេញទឹកពេញដីថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងលាលែងតំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីការអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំសារពើពន្ធ២០២៦នោះ ស្រាប់តែនាយករដ្ឋមន្ត្រីស្តីទី ភូមិថាំ វិឆាយ៉ាឆៃ បញ្ជាក់ច្បាស់ៗថា ផែថងថាន នឹងមិនព្រមចុះចេញដាច់ខាត។ នាងនឹងត្រូវតតាំងជាមួយសំណុំរឿងក្នុងតុលាការ ដែលនឹងប្រកាសសាលក្រមប្រហែលជានៅចុងខែសីហាឬចុងខែកញ្ញា។

លោក ភូមិថាំ វិឆាយ៉ាឆៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះ មានពាក្យចចាមអារ៉ាមថា ផែថងថាន អាចចុះចេញពីតំណែង ដើម្បីចៀសវាងសាលក្រមរបស់តុលាការធម្មនុញ្ញ ពោលគឺនឹងលាលែងបន្ទាប់ពីសភា អនុម័តច្បាប់ថវិកាសារពើពន្ធឆ្នាំ២០២៦ នៅក្នុងការអានលើកទីពីរនិងទីបីរបស់ខ្លួន នៅថ្ងៃទី១៣, ១៤និង១៥ខែសីហា។

ទោះបីជាយ៉ាងណាក៏ដោយ លោកភូមិថាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ថា ថែថងថាន មិនដែលនិយាយអ្វីឡើយ។ ​នាង​គ្មានបំណង​ចុះ​ចេញ​ពី​តំណែង​ទេ។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ

ជុំវិញរឿងនេះដែរ កាលពីសប្តាហ៍មុន លោក Prommin Lertsuridej ដែលជាអគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីព្យួរតំណែង ក៏អះអាងដែរថា ផែថងថាន នឹងមិនចុះចេញពីតំណែងដាច់ខាត រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសំណុំរឿងបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ  ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា។ 

ដ្បិតមានការអះអាងម្តងហើយម្តងទៀតអំពីការក្រាញននៀលអំណាចរបស់ផែថងថាន ប៉ុន្តែប្រជាជនថៃជាច្រើននាក់មិនពេញចិត្តទេ ជាពិសេសពលរដ្ឋជាង១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មរួចទៅហើយនៅវិមានជ័យជម្នះ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យកូនស្រីលោកថាក់ស៊ីនរូបនេះ ចុះចេញទៅ ដោយមិនចាំបាច់រង់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផែថងថាន នឹងមិនចុះចេញពីតំណែងឡើយ រង់ចាំរហូតដល់តុលាការចេញសាលក្រម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម