Connect with us

ព័ត៌មានអន្ដរជាតិ

មុនចេញពីតំណែង លោក Maris ជំរុញឲ្យរដ្ឋាភិបាលថៃថ្មី ស្តារទំនាក់ទំនងជាមួយកម្ពុជា ព្រោះប្រទេសទាំងពីរ ជាអ្នកជិតខាងគ្នា

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០២៥ លោក Maris Sangiampongsa ដែលនឹងត្រូវអស់តំណែងជារដ្ឋមន្ត្រីការបរទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងបាងកកថ្មី ស្តារទំនាក់ទំនងជាមួយប្រទេសកម្ពុជាវិញតាមរយៈយន្តការទ្វេភាគី និងដោះស្រាយជម្លោះព្រំដែនតាមរយៈកិច្ចសន្ទនា ព្រោះប្រទេសទាំងពីរនៅតែជាអ្នកជិតខាងគ្នា។

លោក Maris Sangiampongsa (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Bangkok Post, លោក Maris និយាយថា កាលជំនាន់រដ្ឋាភិបាលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ, ក្រសួងការបរទេសថៃ​ បានប្រើប្រាស់យន្តការដូចជា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០០ និង ២០០១, គណៈកម្មាធិការព្រំដែនរួម (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC)។

ទន្ទឹមនោះលោកបានសង្កត់ធ្ងន់ឲ្យរដ្ឋាភិបាលថ្មីនេះ ក្រោមការដឹកនាំដោយលោក Anutin ត្រូវផ្តោតលើការជួសជុលទំនាក់ទំនងជាមួយកម្ពុជា ឲ្យបានល្អប្រសើរ។

លោក Maris Sangiampongsa (រូបថត៖ Reuters)

សូមជម្រាបថា រដ្ឋាភិបាលថ្មីរបស់លោក Anutin នឹងតែងតាំងលោក Sihasak Phuangketkeow ដែលជាជើងចាស់​ការទូត និងជាអតីតតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ មកជំនួសលោក Maris។

គណបក្សអភិរក្សនិយម ភូមចៃថៃ បានបង្កើតរដ្ឋាភិបាលភាគតិច បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សប្រជាជន ក្រោម​លក្ខខណ្ឌ​រំលាយសភា និងរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល​៤​ខែខាង​មុខ ក៏ដូចជាការងារឆ្ពោះទៅរកវិសោធនកម្មរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធា។

ទន្ទឹមនោះ លោក Anutin បាន​ប្រកាស​តែងតាំងគណៈរដ្ឋមន្ត្រីជើងចាស់​មួយ​ចំនួន ដើម្បីជួយស្តារទំនុកចិត្តឡើងវិញក្នុងអំឡុងពេលនៃភាពចលាចលនយោបាយ និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។

ក្រៅពីលោក Sihasak ចូលកាន់ក្រសួងករបរទេស, ការតែងតាំងគណៈរដ្ឋមន្ត្រីសំខាន់ៗ​ផ្សេងទៀតរបស់​លោក Anutin មាន​ដូចជា៖

  • រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ លោក Ekniti Nitithanprapas អតីតប្រធាននាយកដ្ឋានរតនាគារ
  • រដ្ឋមន្ត្រីថាមពល៖ លោក Auttapol Rerkpiboon អតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្សថៃ PTT
  • ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ៖ លោក Santi Promphat អនុប្រធានគណបក្ស Palang Pracharath (PPRP)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Anutin ប្រកាស​ឈ្មោះ​មន្ត្រី​ជើង​ចាស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី ដើម្បី​ស្ដារ​ទំនុកចិត្ត​ឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម