Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន​បញ្ជា​ឲ្យ​រើស​ទាហានក្នុង​ចំនួន​ដ៏ច្រើន​បំផុត​មិន​ធ្លាប់​មាន​​​​ចាប់​តាំង​ពី​ឆ្នាំ២០១៦

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទ​ទី​២៩​ខែ​កញ្ញា បានបញ្ជា​ឲ្យ​​រើស​ទាហាន​ថ្មី​ចំនួន ១៣៥ ០០០​នាក់​នៅដំណាច់ឆ្នាំ​២០២៥ ដែលជា​ការ​កែន​កង​កម្លាំង​នា​រដូវស្លឹកឈើជ្រុះដ៏ធំបំផុត​របស់​ក្រុង​មូស្គូ​​ក្នុងរយៈពេល​៩​ឆ្នាំកន្លង​មក​នេះ។

កង​កម្លាំង​រុស្ស៊ី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះ គឺខ្ពស់បំផុតចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ​២០១៦ ដែល​កាលណោះ​រុស្ស៊ី​ជ្រើសរើស​ទាហាន​ថ្មី​ចំនួន ១៥២ ០០០​នាក់។ បន្ថែម​ពី​នេះ កាល​​ពី​រដូវ​ផ្ការីក​ឆ្នាំ​២០២៥ រុស្ស៊ីក៏​បាន​រើស​កម្លាំង​ទាហាន​ថ្មី​ចំនួន ១៦០ ០០០​នាក់ ដែលជា​ចំនួន​ដ៏ច្រើន​បំផុតចាប់តាំងពីឆ្នាំ​២០១១ផង​ដែរ។ ជាមធ្យម រុស្ស៊ីរើស​ទាហាន​ថ្មី​ប្រហែល ១២៧ ០០០​នាក់​នា​រដូវស្លឹកឈើជ្រុះ​ ចាប់តាំងពីការចាប់ផ្តើមការលុកលុយ​ពេញ​ទំហឹង​ទៅ​​លើ​អ៊ុយក្រែន​ឆ្នាំ​២០២២។

រុស្សី​រើស​ទាហាន​ចំនួន​ពីរដង​​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​រដូវ​ផ្ការីក និង​រដូវ​ស្លឹកឈើ​ជ្រុះ ដោយ​តម្រូវ​​ឲ្យ​​បុរស​អាយុ​ពី ១៨ ទៅ ៣០ឆ្នាំ​បម្រើ​ទ័ព​​​មួយ​ឆ្នាំ។ វិមានក្រឹមឡាំងនិយាយថា ទាហានថ្មី​ត្រូវបានចាត់តាំងទៅកាន់មូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ហើយមិនត្រូវបានពង្រាយទៅអ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែន​បានអះអាងម្តងហើយម្តងទៀតថា​ចាប់​បាន​ទាហានរុស្ស៊ីដែល​ទើប​កែន​ថ្មី​នៅលើសមរភូមិ ហើយលោក ពូទីន ក៏​បានសារភាពដែរ​ថា ទាហាន​មួយចំនួននោះ​ត្រូវបានបញ្ជូន​ច្រឡំ​ទៅជួរមុខដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុង​កៀវ។

ទន្ទឹម​នោះ ទីក្រុងមូស្គូបានជ្រើសរើសទាហានជាប់កិច្ចសន្យារាប់សិប​ម៉ឺន​នាក់ ដោយផ្តល់ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ខ្ពស់។ លោក ពូទីន បានបញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធត្រូវ​ពង្រីក​ឲ្យ​បាន​ទាហាន​សកម្ម​ដល់ ១,៥​លាននាក់​នៅឆ្នាំ​២០២៦៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម