សុខភាព
យល់ដឹងពីវិធីបង្ការជំងឺឫសដូងបាត
១) អ្វីទៅជាជំងឺឫសដូងបាត?
ជំងឺឫសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូទ។ គេសង្កេតឃើញថា ជំងឺឫសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូទ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តន៍ទៅជាជំងឺមហារីកបាននោះទេ។

២) តើជំងឺឫសដូងបាតមានប៉ុន្មានប្រភេទ?
ជំងឺឫសដូងបាតមាន ២ប្រភេទគឺ ៖
– ឫសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតខាងក្នុងរន្ធគូទ
– ឫសដូងបាតក្រៅ: ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតនៅខាងក្រៅរន្ធគូទ
៣) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
មានកត្តាជាច្រើនដែលបណ្តាលឲ្យមានជំងឺនេះកើតឡើង ដែលមានដូចជា ៖
– បញ្ហានៃការបន្ទោបង់លាមក: ការទល់លាមកជាញឹកញាប់ ឬការរាគខ្លាំង
– ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
– បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង
៤) តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា បន្ទោបង់លាមកមានឈាម លានឫសដូងចេញមកក្រៅការឈឺចាប់នៅក្រសាលគូទ។
ក. ចំពោះឫសដូងបាតខាងក្នុងមានរោគសញ្ញាជា ៤ដំណាក់កាល ៖
– ដំណាក់កាលទី១: អ្នកជំងឺបន្ទោបង់លាមកមានឈាមក្រហមស្រស់
– ដំណាក់កាលទី២: ពេលបន្ទោបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ តែចូលវិញដោយខ្លួនឯង
– ដំណាក់កាលទី៣: ពេលបន្ទោបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅតែចូលវិញដោយយកដៃរុញបញ្ចូល
– ដំណាក់កាលទី៤: អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូលវិញទេទោះបីរុញក៏ដោយ
ខ. ចំពោះឫសដូងបាតក្រៅ ៖
អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយឬច្រើននៅក្រសាលគូទ ដែលដុំនោះមានការឈឺចាប់ខ្លាំងហើយអាចមានឈាមនៅពេលដែលដុំនោះបែក។ ចំពោះរោគសញ្ញានេះ យើងត្រូវប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូទ។
* សំគាល់: ការបន្ទោបង់លាមកមានឈាម មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទេ គឺអាចមានបញ្ហានៅពោះវៀនធំដូចជា មហារីកពោះវៀនធំ ឬដំបៅនៅពោះវៀនធំ ដូចនេះអ្នកជំងឺត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ។
៥) តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឫសដូងបាត?
ក. ចំពោះបញ្ហាឫសដូងបាតខាងក្រៅ៖
អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សម្រាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ បើសិនជាដុំឫសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។

ខ. ចំពោះបញ្ហាឫសដូងបាតក្នុង៖
ការព្យាបាលចម្បង គឺការព្យាបាលទៅលើបញ្ហាបន្ទោបង់លាមកមានដូចជា ការទល់លាមកឬការរាគ។
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាតមានដូចជាៈ
– ការដុតកម្ដៅ(Infrarouge photocoagulation)
– ការចាក់ (Sclérothérapie)
– ការចង (Ligature)
ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឫសដូងបាតៈ
+ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកម្ដៅឬការចាក់
+ដំណាក់កាលទី ២ និងទី៣ : អាចព្យាបាលដោយការចង
+ចំពោះការវះកាត់ឫសដូងបាត គឺធ្វើឡើងចំពោះឫសដូងបាតនៅកម្រិតទី ៤ ឬ ឫសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។
៦) តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺឫសដូងបាត?
កត្តាមួយចំនួនដែលអាចការពារជំងឺឫសដូងបាត មានដូចជា៖
– អ្នកជំងឺត្រូវពិសាបន្លែ និងពិសាទឹកឲ្យបានច្រើន
– លំហាត់ប្រាណជាប្រចាំ
– មិនត្រូវបន្ទោបង់លាមកដោយប្រើរយៈពេលយូរ
– មិនត្រូវប្រឹងខ្លាំងពេលបន្ទោបង់
* បញ្ជាក់៖ ជំងឺឫសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាពិតជាជំងឺឫសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាលគូថដែលជាបញ្ហាធ្ងន់ធ្ងរ។

“ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ ជាមួយនឹងរោគវិនិច្ឆ័យច្បាស់លាស់ នាំមកនូវការសះស្បើយឆាប់រហ័ស “៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្នកកើតជំងឺទឹកនោមផ្អែម គួរគប្បីអនុវត្តតាមរបៀបខាងក្រោមនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស