សារធាតុផ្សំដែលប្រើសម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ទាំងអស់សុទ្ធសឹងមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះអ្នកចាក់។ នេះបើតាមការឱ្យដឹងពី អង្គការសុខភាពពិភពលោក (WHO) បានលើកឡើង។
វ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក សុទ្ធតែមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារករណីឈឺធ្ងន់ធ្ងរ និងករណីបាត់បង់ជីវិត និងអាចការពារពីវីរុសបំប្លែងថ្មី ដែលតា បានផងដែរ។
ប្រភពពីអង្គការ យូនីសេហ្វ បានឱ្យដឹងដែរថា ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នានឹងជំហានដែលប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងផ្សេងទៀតដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើតេស្តជាច្រើនដំណាក់កាល មុននឹងដាក់ឱ្យសាកល្បងគ្លីនិក ដែលជាធម្មតាត្រូវឆ្លងកាត់បីដំណាក់កាលសិន។ នៅរាល់ដំណាក់កាលទាំងអស់សុទ្ធតែមានការវាយតម្លៃលើសុវត្ថិភាព។ ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ជាធម្មតាធ្វើឡើងជាមួយនឹងមនុស្សជាច្រើននាក់ ពោលគឺរាប់ម៉ឺននាក់ ដើម្បីធានាថា វ៉ាក់សាំងទាំងនេះពិតជាមានសុវត្ថិភាពពេញលេញ សម្រាប់អ្នកដែលបានចាក់រួចរាល់។
ងាកមក អង្គការសុខភាពពិភពលោកវិញបានរកឃើញថា វ៉ាក់សំាងការពារមនុស្សភាគច្រើនមិនឱ្យមានជំងឺ ប៉ុន្តែពុំមានវ៉ាក់សាំងណាដែលមានប្រសិទ្ធភាព ១០០ភាគរយនោះឡើយ។ មានមនុស្សដែលបានចាក់វ៉ាក់សាំងរួច ក្នុងចំនួនមួយតិចតួច ដែលអាចនៅតែឆ្លងជំងឺកូវីដ-១៩។ នេះហៅថាករណីឆ្លង បើទោះជាបានទទួលវ៉ាក់សាំងរួចក្តី (breakthrough infection) ប៉ុន្តែពួកគេទំនងជាចេញរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ ដោយហេតុនេះ ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលការឆ្លងជំងឺកូវីដ-១៩ មានកម្រិតខ្ពស់ អ្នកគួរអនុវត្តវិធានការបម្រុងប្រយ័ត្នបន្ថែម។ ប្រសិនបើអ្នកបានចាក់វ៉ាក់សំាងគ្រប់ដូស ប៉ុន្តែមានរោគសញ្ញាកូវីដ-១៩ អ្នកគួរទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នក ដើម្បីសាកសួរថាតើអ្នកគួរធ្វើតេស្ត ឬអត់។
ដោយឡែក ប្រទេសកម្ពុជា មានអាជ្ញាធរនិយ័តកម្មនៅថ្នាក់ជាតិមួយសម្រាប់គ្រប់គ្រងការងារនេះ ស្ថិតនៅក្រោមក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលចេញការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងមួយចំនួន ក្រោយពីបានវាយតម្លៃលើទិន្នន័យអំពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនោះ ព្រមទាំងទិន្នន័យដែលបានពីអាជ្ញាធរនិយ័តកម្មដទៃទៀត ឬក្រោយពេលដែលវ៉ាក់សាំងណាមួយបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ (EUL) ពីអង្គការសុខភាពពិភពលោក។
ពុំមានវ៉ាក់សាំងកូវីដ-១៩ ណាដែលកំពុងដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ន ឬទំនងជាយកមកប្រើប្រាស់នាពេលអនាគតយកមានផ្ទុកវីរុសរស់ ដែលបង្កឱ្យមានជំងឺកូវីដ-១៩ នោះឡើយ។ នេះមានន័យថា វ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើឱ្យអ្នកកើតជំងឺកូវីដ-១៩ នោះឡើយ ហើយវាក៏មានសុវត្ថិភាពខ្ពស់ផងដែរ។
ជាថ្មីម្ដងទៀត វ៉ាក់សាំងដែលដាក់ឱ្យប្រើប្រាស់ទាំងអស់ សុទ្ធតែបានបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងជំងឺកូវីដ។ ពុំមានវ៉ាក់សាំងណាអាចផ្ដល់ផ្ដល់ការការពារបាន ១០០% បាននោះឡើយ។ ដូច្នេះ វិធានការដទៃទៀត ដូចជា ការលាងសម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ត្រូវតែបន្តអនុវត្ត៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហេតុអ្វីសាធារណជន ត្រូវរង់ចាំដល់ ៨ខែ ទើបអាចចាក់វ៉ាក់សាំងកូវីដដូសទី៣?
ចុចអាន៖ មិនមែនជាបុគ្គលងាយរងគ្រោះ អាចពន្យាពេល១ឆ្នាំ សឹមចាក់វ៉ាក់សាំងដូសទី៣ក៏បាន