សុខភាព
អ្នកជំនាញ លើកទឹកចិត្តពលរដ្ឋកម្ពុជាទទួលការព្យាបាលឱ្យទាន់ពេលវេលា ចំពោះជំងឺរលាកថ្លើមបេ និងសេ
សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA បានផ្តួចផ្តើមគំនិតរៀបចំ វេទិកាលុបបំបាត់ជំងឺរលាកថ្លើម លើកទី៣ ក្នុងគោលបំណងបង្កើតឱ្យមានជំនួបរវាងវេជ្ជបណ្ឌិតកម្ពុជាក្នុងការពិភាក្សាចំណេះដឹង និងការចែករំលែកបទពិសោធន៍ក្នងការព្យាបាល ផ្តោតសំខាន់ទៅលើជំងឺរលាកថ្លើមប្រភេទបេ និងសេដែលនៅតែជាកង្វល់ដល់សុខភាពសាធារណៈ និងរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតជំនាញ លើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាយកចិត្តទុកដាក់ និងទទួលការព្យាបាលឱ្យបានទាន់ពេលវេលាចំពោះជំងឺរលាកថ្លើមបេ និងសេ។

វេទិកាលុបបំបាត់ជំងឺរលាកថ្លើមលើកទី ៣ ជំនួបវេជ្ជបណ្ឌិតឯកទេសថ្លើម ធ្វើឡើងកាលពីចុងសប្តាហ៍មុននៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមវត្តមានគណអធិបតីភាព វេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានគណៈកម្មការលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វាគ្មិនកិត្តិយស និង ភ្ញៀវកិត្តិយសដែលរួមមានសាស្រ្តចារ្យ វេជ្ជបណ្ឌិតឯកទេសថ្លើម អញ្ជើញចូលរួមសរុបជាង ១៥០ រូប។
ក្នុងឱកាសនោះ កិច្ចពិភាក្សា និងប្រធានបទសំខាន់ៗជាច្រើនត្រូវបានលើកឡើងមកចែករំលែកក្នុងអង្គពិធីទាំងមូល ជាពិសេស ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកុំមានការរុញរាក្នុងការទទួលការព្យាបាល ដូចជា ការធ្វើតេស្តរកមើលមេរោគរលាកថ្លើមបេ និងសេ និងសេវាដែលពាក់ព័ន្ធផ្សេងៗតាមវេជ្ជបញ្ជា ព្រោះជំងឺស្ងប់ស្ងាត់ ទាំងពីរនេះអាចឆ្លងទៅក្នុងរាងកាយរបស់មនុស្ស ដោយមិនមានចេញរោគសញ្ញា ឬអាការអ្វីគួរឱ្យកត់សម្គាល់ លុះត្រាតែសភាពថ្លើមវិវត្តទៅរកដំណាក់កាលធ្ងន់ធ្ងរបាត់ទៅហើយ។

នៅក្នុងវគ្គ កិច្ចពិភាក្សា និងសំណួរចម្លើយ ធ្វើឡើងដោយមានការចូលរួមពីវាគ្មិនកិត្តិយស ៥រូប រួមមាន លោកសាស្ត្រាចារ្យ ឱម សិរីវិជិត ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា វេជ្ជបណ្ឌិតឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន ឬសដូងបាតនៅមន្ទីរពេទ្យកាល់ម៉ែត្រ លោកវេជ្ជបណ្ឌិត គឹម ចំរើនសាន្ត ជាអតីតមន្រ្តីជំនាញ អង្គការគ្រូពេទ្យគ្មានព្រំដែនប្រចាំនៅកម្ពុជា និងជាវេជ្ជបណ្ឌិតបង្គោលប្រចាំសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម លោកវេជ្ជបណ្ឌិត កែវ សំឡី ប្រធានកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមដោយវីរុស នៃក្រសួងសុខាភិបាល និង លោក វេជ្ជបណ្ឌិត ធា វុទ្ធី ជាវេជ្ជបណ្ឌិតឯកទេសជំងឹថ្លើម ក្រពះ ពោះវៀន ឬសដូងបាត នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលបានចូលរួមឆ្លើយតប និងបកស្រាយរាល់ចម្ងល់នានា សម្រាប់ជា អត្ថប្រយោជន៍ ដល់ អង្គវេទិកាទាំងមូល។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា វេជ្ជបណ្ឌិតឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន ឬសដូងបាតនៅមន្ទីរពេទ្យកាល់ម៉ែត្របានលើកឡើង ត្បិតថាជំងឺរលាកថ្លើមប្រភេទបេ ជាជំងឺដែលជាមិនដាច់ ប៉ុន្តែយើងអាចគ្រប់គ្រងវាបានតាមរយៈការទទួលការព្យាបាលឱ្យទាន់ពេលវេលា និងប្រញាប់មកជួបអ្នកឯកទេសថ្លើម បើសិនជាសង្ស័យ ឬរកឃើញថាខ្លួនបាន និងកំពុងផ្ទុកមេរោគរលាកថ្លើម។
លោកវេជ្ជបណ្ឌិតបានបន្តថា បើសិនជាអ្នកដែលដឹងថាបានឆ្លង ឬកំពុងផ្ទុកមេរោគរលាកថ្លើម ប្រភេទបេ មិនប្រញាប់ទៅទទួលការព្យាបាលពីគ្រូពេទ្យជំនាញឱ្យទាន់ពេលវេលាទេ នោះសភាពថ្លើមរបស់អ្នកជំងឺអាចវិវត្ត ទៅរកដំណាក់កាលធ្ងន់ធ្ងរដូចជា ក្រិន ឬមហារីកថ្លើមដែលពិបាកនៅក្នុងការគ្រប់គ្រង។
បើតាមអង្គការសុខភាពពិភពលោកបានចុះផ្សាយថា អ្នកជំងឺរលាកថ្លើមប្រភេទបេ ៩ ក្នុងចំណោម ១០ នាក់នៅជុំវិញពិភពលោក មិនបានដឹងថា ខ្លួនបានឆ្លងមេរោគមួយនេះទេ រហូតដល់មានការវិវត្ត នៃសភាពជំងឺរលាកថ្លើម រួចបាត់ទៅហើយ ។
ជាមួយគ្នានេះផងដែរ កញ្ញា ម៉េង សក្ដា អ្នកតំណាងសម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើម HEA បានប្រាប់ថា ការចូលរួមលើកកម្ពស់ទាំងគុណភាពនៃការព្យាបាល និងការជួយសម្រួលតម្លៃសេវាដែលពាក់ព័ន្ធមួយចំនួនចំពោះជំងឺរលាកថ្លើមប្រភេទបេ និងសេ ជូនដល់ សាធារណជនគឺជាបេសកកម្មរបស់ HEA កន្លងមកនេះ ក្រោមការសហការជាមួយដៃគូភាគីដែលពាក់ព័ន្ធរួមមាន រាជរដ្ឋាភិបាល វេជ្ជបណ្ឌិតជំនាញ និងបងប្អូនសាធារណជន។

កញ្ញាបន្តថា ដើម្បីជំរុញបេសកកម្មមួយនេះឱ្យកាន់តែមានភាពប្រសើរឡើងឆ្ពោះទៅរកការចូលរួមលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជានៅឆ្នាំ ២០២៣ HEA បន្តខ្នះខ្នែងក្នុងការបញ្រ្ជាបចំណេះដឹងសំខាន់ៗតាមរយៈការធ្វើយុទ្ធនាការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ការរៀបចំជាសិក្ខាសិលាបណ្ដុះបណ្ដាលសម្រាប់ក្រុមគ្រូពេទ្យ ក៏ដូចជាវេទិការចែករំលែកចំណេះដឹងដែលពាក់ព័ន្ធ ដែលវេទិកាលើកនេះជាលើកទីប្រាំហើយដែល HEA បានរៀបចំឡើង។
ជាក់ស្តែង មនុស្សប្រមាណជាង ៣០៤ លាននាក់ជុំវិញពិភពលោកកំពុងរស់នៅជាមួយមេរោគរលាកថ្លើមប្រភេទបេ និងសេរ៉ាំរ៉ៃ និងអ្នកស្លាប់ដោយសារមេរោគរលាកថ្លើមទាំងពីរប្រភេទនេះមានចំនួន ៣៥០០ នាក់ជារៀងរាល់ថ្ងៃ កាលពីឆ្នាំ២០២២។ នេះ បើតាមអង្គការសុខភាពពិភពលោក WHO ។
ការចុះផ្សាយរបស់ WHO ក្នុងឆ្នាំដដែល បានបង្ហាញថា អ្នកជំងឺរលាកថ្លើមប្រភេទបេប្រហែល ២២០ លាននាក់ និងអ្នកជំងឺរលាកថ្លើមប្រភេទសេប្រហែល ៣៦ លាននាក់ មិនបានធ្វើរោគវិនិច្ឆ័យនោះទេ ខណៈសេវាព្យាបាលដែលពាក់ព័ន្ធ និងការមើលថែទាំអ្នកជំងឺនៅតែស្ថិតនៅក្នុងកម្រិតមួយដែលទាប៕




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


