ប៉ាវចិន (Bao Zheng) ឬតុលាការមុខដែក គឺជាមន្រ្តីមួយរូបដែលប្រកាន់ យុត្តិធម៌ និងភាពត្រឹមត្រូវ នៅក្នុងរជ្ជកាល សុង ដែលមានមុខមាត់ខ្មៅងងឹត និងមានចំណិតលោកខែលើថ្ងាស។
យ៉ាងណាមិញ ក្នុងសាច់រឿងដែលបានសម្ដែងនោះ ក៏មានទស្សនិកជនខ្លះឆ្ងល់ថា តើប៉ាវចិនពិតនៅស្រុកចិន ពិតជាមានមុខមាត់ខ្មៅ ដូចភាពយន្តគេសម្ដែង ?
ដើម្បីជ្រាបច្បាស់ ពីមុខមាត់ខ្មៅ និងចំណិតលោកខែរបស់ប៉ាវចិន យើងមកដឹងពីប្រវត្តិត្រួសៗរបស់គាត់ជាមុនសិន។
ប៉ាវចិន ជាបុគ្គលល្បីល្បាញនៃភាពយុត្តិធម៌ និងមានពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្ររបស់ចិន គាត់មានឈ្មោះពិតថា Bao Zheng កើតនៅទីក្រុង Hefei ខេត្ត Anhui ប្រទេសចិន។ គាត់រស់នៅពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ៩៩៩ ដល់ថ្ងៃទី ២០ ឧសភា ឆ្នាំ ១០៦២ ជាងមួយពាន់ឆ្នាំមុន ក្នុងកំឡុងរាជវង្សសុង ។
កើតពីវណ្ណៈទាប ដល់ថ្នាក់កណ្ដាល ប៉ាវចិន បានធំដឹងក្ដីក្រោមស្ថានភាពអាណិតអាសូរ ទុក្ខលំបាក ដែលមនុស្សសាមញ្ញគ្រប់គ្នាបានឆ្លងកាត់។ ប៉ុន្តែគាត់មានភាពឧស្សាហ៍ព្យាយាម ហើយនៅអាយុ ២៩ ឆ្នាំ គាត់បានទទួលសញ្ញាប័ត្របណ្ឌិតនៅប្រទេសចិន។
កាលណោះ សញ្ញាប័ត្រដែលគាត់ទទួលបាន ត្រូវបានគេហៅថា Jinshi ដែលជាការសម្រេចបានខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រឡងសម័យអធិរាជ ដែលធ្វើឡើងម្ដងរៀងរាល់បីឆ្នាំម្ដង។ បច្ចុប្បន្ននេះ Jinshi គឺស្មើនឹងសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ។
Bao Zheng បានកាន់តំណែងរដ្ឋាភិបាលកម្រិតខ្ពស់ជាច្រើន ក្នុងអាជីពរបស់គាត់។ លោកជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអភិបាលក្រុង Kaifeng ។
តើប៉ាវចិន ពិតជាមានមុខមាត់ខ្មៅ និងចំណិតព្រះចន្ទលើថ្ងាសពិតមែន ?
មិនដូចភាពយន្តសម្ដែងនាបច្ចុប្បន្ននេះទេ តាមពិត គាត់គឺជាអ្នកប្រាជ្ញដែលមានស្បែកសស្អាត និងមិនមានសម្បុរខ្មៅដូចក្នុងរឿងភាគចិន និងរឿងភាគទូរទស្សន៍ផ្សេងៗឡើយ ។ យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រដូចជា Luzhou Journals បានបញ្ជាក់ថា គាត់មានរូបរាងសាមញ្ញ ប៉ុន្តែស្រស់សង្ហា ហើយមានពុកចង្ការពណ៌សផងដែរ។
មានវចនានុក្រមចិន hào yuè dāng kōng ដែលមានន័យត្រង់ថា “ព្រះច័ន្ទភ្លឺ បានព្យួរខ្ពស់លើមេឃ”។ ព្រះច័ន្ទអឌ្ឍចន្ទ បង្ហាញពីចរិតសុចរិត និងទៀងត្រង់របស់ Bao Zheng ។ គាត់បានភ្លឺនៅកន្លែងដែលមានភាពងងឹតស្លុប។
នៅក្នុងរឿងព្រេងនិទានចិន និងស្នាដៃអក្សរសិល្ប៍បច្ចុប្បន្ននេះ គេបានលាបមុខតួអង្គដែលសម្ដែងជាប៉ាវចិនឲ្យខ្មៅ ដើម្បីបង្កប់នូវបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ Bao Zheng និងបានគូសរូបព្រះចន្ទនៅលើថ្ងាស តំណាងឲ្យចរិតសុចរិត និងភាពទៀងត្រង់របស់គាត់នាសម័យនោះ។
Bao Zheng ត្រូវបានគេនិយាយថា ជាអធិបតីលើបញ្ហាតុលាការនៅពេលថ្ងៃ និងនៅក្នុងពិភពលោក នៅពេលយប់ផងដែរ។ គាត់ជាចៅក្រមនៃភាពអយុត្តិធម៌ និងតម្លាភាពសម្រាប់ប្រជាជនទូទៅគោរព និងឲ្យតម្លៃលើភាពត្រឹមត្រូវរបស់គាត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ
ចុចអាន៖សារមន្ទីរនៅ ចិន ជាសំណង់អច្ឆរិយ នៃស្ថាបត្យកម្មអស្ចារ្យខ្លាំង ផ្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ចាក់ស្រេះម៉ឺនឆ្នាំ