ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ AI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ខ្លឹមសារមុនប្រើប្រាស់
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការងារព័ត៌មានបានច្រើន ប៉ុន្តែ ខ្លឹមសារដែល AI ផលិតបានត្រូវមានការផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ ច្បាស់លាស់ជាមុនសិន មុននឹងយកទៅផ្សព្វផ្សាយជាសាធារណៈ ។

ការលើកឡើងនេះ ធ្វើឡើងក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នាព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីជំនាញសរុបប្រមាណជាង ៦០នាក់ មកពីមន្ទីរព័ត៌មានខេត្តព្រៃវែង, កណ្តាល, ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ។
លោក ទេព អស្នារិទ្ធបានគូសបញ្ជាក់អំពីមុខងារបច្ចេកវិទ្យា AI ថា ជាជំនួយការរបស់មនុស្សលើការងារច្រើនប្រភេទ ក្នុងនោះអាចជួយសរសេរ អានអត្ថបទ បកប្រែភាសា ស្រាវជ្រាវ ផលិតរូបភាពសម្រាប់ការងារផ្សព្វផ្សាយមួយមួយចំនួន ព្រមទាំងមុខងារផ្សេងទៀត ដែលមនុស្សអាចប្រើប្រាស់ AI ដើម្បីសម្រួលការងារប្រចាំថ្ងៃ។

អ្នកនាំពាក្យបាននិយាយថា ៖ « នៅក្នុងបរិបទរីកចម្រើន នៃបច្ចេកវិទ្យាបច្ចុប្បន្ន ជាពិសេសបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនហើយពិភពលោកមើលឃើញថា អាចបម្រើដល់ផលប្រយោជន៍មនុស្ស ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តស្វែងយល់ឱ្យស៊ីជម្រៅបានច្បាស់ពីមុខងារបច្ចេកវិទ្យា AI ក្នុងការងារប្រចាំថ្ងៃ និងអនុវត្តឱ្យបានច្រើនដើម្បីយកប្រយោជន៍ពីAIនេះ ជាជំនួយដល់ការគាំទ្រការងារប្រចាំថ្ងៃក្នុងក្របខណ្ឌគ្រប់គ្រងព័ត៌មាន និងការងារសាធារណមតិ និងជាពិសេសការងារប្រយុទ្ធប្រឆាំងការសាយភាយព័ត៌មានក្លែងក្លាយ »។ លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យា AI ក៏បានជះឥទ្ធិពលជាអវិជ្ជមានដោយសារតែការប្រើប្រាស់នេះ ខុសគោលដៅ និងក្នុងចេតនាទុច្ចរិត ផងដែរ។
លោក បានលើកឡើងទៀតថា ក្នុងកំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្រុមជ្រុលនិយមបានប្រើប្រាស់ AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងគោលបំណងបង្កភាពវឹកវរ ភាពច្របូកច្របល់ ក្នុងសាធារណមតិ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងបញ្ហាជម្លោះព្រំដែន ។
ក្រសួងព័ត៌មាន បញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺសំដៅទៅលើ ប្រាជ្ញារបស់ម៉ាស៊ីន ឬ ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដើម្បី ត្រាប់តាម សមត្ថភាព និងសកម្មភាពនៃ ប្រាជ្ញារបស់មនុស្ស។ ម៉្យាងវិញទៀត AI គឺជាបច្ចេកវិទ្យាដែលធ្វើឱ្យម៉ាស៊ីនមានសមត្ថភាពអាចរៀនតាមរយៈការបញ្ចូលទិន្នន័យដើម្បីឱ្យវាអាចសិក្សានិងប្រើប្រាស់តាមលំនាំនៃទិន្នន័យទាំងអស់នោះ៕


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


